នាព្រឹក ថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ លោកជំទាវ ហេង សំអូន អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ​និង​រដ្ឋាករ​កម្ពុជា តំណាង ឯកឧត្តម​បណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល​​ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានិង​ជា​ប្រធាន​សមាគម​សង្គហមិត្តមន្ត្រីរាជការ​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា អមដោយមន្ត្រីនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខកុមារកំព្រា នៅបុរីទារក​និងកុមារជាតិ មាន​ទីតាំង​ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​តាមការលើកឡើងរបស់​ លោកស្រី ថោ ពៅ ប្រធានបុរីទារក​និងកុមារជាតិ បច្ចុប្បន្នមណ្ឌលបុរីទារក​និងកុមារជាតិមាន​កុមារកំព្រាជាច្រើននាក់ ដែលរួមមានទាំំងកុមារពិការ និងកាយសម្បទាមិនប្រក្រតី កុមារផ្ទុកមេរោគអេដស៍សរុបចំនួន ១៤០ រូប កំពុងស្នាក់នៅក្រោមការគ្រប់គ្រងថែទាំរបស់បុរីទារក​និងកុមារជាតិ។ ជាមួយគ្នា​នេះដែរ លោកស្រីប្រធានបុរី បាន​សម្តែងអំណរគុណដល់គណៈប្រតិភូ នៃសមាគមសង្គហមិត្ត​មន្ត្រីរាជការ​នៃ​អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចំពោះទឹក​ចិត្ត​ដ៏ថ្លៃថ្លា​ដែលបានចំណាយពេលវេលាដ៏មានតម្លៃចុះសួរសុខទុក្ខ និងផ្តល់ការឧបត្ថម្ភ​ជួយ​ដល់​កុមារងាយរងគ្រោះក្នុងគ្រាកំពុងជួបការខ្វះខាត ជាពិសេស​ក្នុងស្ថានការណ៍ដ៏លំបាកនៃការរាតត្បាតជម្ងឺកូវីដ ១៩ ដែលបាននិងកំពុងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់កម្ពុជា និងពិភពលោកទាំងមូល។

ថ្លែងក្នុងពិធីនេះ លោកជំទាវ ហេង សំអូន បាន​ពាំនាំ​នូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម​បណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល​​ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង​បាន​រំលឹកដល់កុមារ និង​បុគ្គលិក​ដែលកំពុងស្នាក់នៅនិងបំពេញភារកិច្ច​នៅបុរីនេះ ត្រូវបន្ត​ការប្រុងប្រយ័ត្ន​អនុវត្តវិធានការ​អនាម័យ​ឱ្យបានខ្ជាប់ខ្ជួនដើម្បីការពារពីជម្ងឺកូវីត១៩ ក៏ដូចជា​ជម្ងឺ​តម្កាត់នានា​។ លោកជំទាវ​ក៏បាន​ថ្លែងកោត-សរសើរ​ដល់​អ្នកគ្រប់គ្រង​ មន្ត្រី ​និង​បុគ្គលិក​នៅ​បុរីទារកនិង​កុមារជាតិ​ដែលបាន​​មើលថែទាំផ្តល់ភាព​កក់ក្តៅ​និង​ការ​អប់រំ​ទារក​និង​កុមារទាំង​អស់​ប្រកប​ដោយទឹកចិត្តសណ្តោសប្រណី។ មណ្ឌលបុរីទារក​និងកុមារជាតិ គឺ​ជា​គោលដៅ​ទី៥ នៃការចុះសួរសុខទុក្ខ​និង​ផ្តល់ជំនួយឧបត្ថម្ភ​របស់មូលនិធិ​សប្បុរសធម៌នៃសមាគមសង្គហមិត្តមន្ត្រីរាជការនៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ដើម្បីជួយទ្រទ្រង់​ដល់​កុមារ និង​ជន​ងាយរងគ្រោះក្នុងស្ថានភាព​នៃ​ការរីករាលដាលនៃ​ជម្ងឺកូវីដ-១៩ ជាសកល។

អំណោយដែលសមាគម​សង្គហមិត្ត​មន្ត្រីរាជការ​នៃ​អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នាំមកជូនមណ្ឌលបុរីទារក​និង​កុមារជាតិ​នាថ្ងៃនេះ សម្រាប់ចែកជូនដល់កុមារ​និង​បុគ្គលិកបម្រើការ​ ជា​​គ្រឿងឧបភោគ​បរិភោគ និង​សម្ភារសម្អាត និងថែរក្សា​អនាម័យ រួមមានដូចជា អង្ករ ១០ បាវ, មី ៣ កេសធំ, ត្រី​ខកំ​ប៉ុង ២ កេសធំ, ទឹកស៊ីអ៊ីវ ១០ យួរ, ភេសជ្ជៈ ១០ កេស, សាប៊ូដុំលាង​ដៃ ២ កេស, សាប៊ូម្សៅ ២កេស,  ប្រេងកូឡា ៣ ឡូ, អាល់កុល ២ កាន (ស្មើនឹង ៦០ លីត្រ), ម៉ាស់ ៥០០ បន្ទះ, ​និងឧបករណ៍ស្ទង់កម្តៅ ២ គ្រឿង ព្រម​ទាំង​ថវិកាមួយចំនួនផងដែរ។

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត