នាព្រឹក ថ្ងៃសៅរ៍ ២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ លោក ផា អេងវ៉េង អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ​និង​រដ្ឋាករ​កម្ពុជា តំណាង​​ ឯកឧត្តម​បណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល​​ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិង​រដ្ឋាករកម្ពុជា អមដោយមន្ត្រីនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា  បានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយឧបត្ថម្ភដ៏ថ្លៃថ្លា​របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូននាយ​ទាហាន និងពលទាហាននៃ​កងពលធំអន្តរាគមន៍លេខ២ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ដល់ទីបញ្ជាការដ្ឋាន​កងពលធំអន្តរាគមន៍លេខ២ ស្ថិតនៅភូមិរហាល ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។​

ក្នុងកិច្ចប្រគល់ទទួលអំណោយ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក និងជា​មេបញ្ជាការកងពលធំ​អន្តរាគមន៍​លេខ២ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ គោរពជូន សម្តេច​តេជោ​ និង សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ចំពោះសមានចិត្តដ៏ឧត្តុង្គឧត្តមមិនអាចកាត់ថ្លៃបាន និងបានទទួលស្វាគមន៍ ហើយបានថ្លែងអំណរគុណដល់គណៈប្រតិភូ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែលបានចំណាយពេលវេលាដ៏មមាញឹក នាំយកអំណោយឧបត្ថម្ភដ៏ថ្លៃថ្លានេះមកជូនដល់បញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ ២ ដោយញ៉ាំងឱ្យនាយ-ទាហាន និងពលទាហានដែលកំពុងបំពេញភារកិច្ចប្រចាំការនៅជួរមុខទាំងអស់នៅទីនេះ មានទឹកចិត្តពុះពារបន្ថែមទៀតដើម្បីបុព្វហេតុជាតិ និងមាតុភូមិ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងមូល។ ឯកឧត្តមមេបញ្ជាការកងពលធំ​អន្តរាគមន៍​លេខ២ បានរំលឹកផងដែរអំពីអំណោយ​​ឧបត្ថម្ភជាគ្រឿងឧប​ភោគបរិភោគ និងសម្ភារបរិក្ខារផ្សេងៗ និងសមិទ្ធផលដែលជាអំណោយរបស់ សម្តេចតេជោ គួរឱ្យកត់សម្គាល់កន្លងមកមួយចំនួនដូចជា ផ្លូវបេតុង ១ខ្សែប្រវែង៨០០ម៉ែត្រ ទទឹង០៩ម៉ែត្រ និងបណ្ណាល័យ០១ខ្នង ទំហំ ៨,៦០ម X ១៨,៦០ម និងបង្គោលអង់តែនវិទ្យុទាក់ទងជាដើមផងដែរ។

ក្នុងឱកាសនេះ គណៈប្រតិភូ បានពាំនាំនូវសេចក្តីនឹករលឹកនិងការសួរសុខទុក្ខដល់បងប្អូននាយទាហាននិងពលទាហានទាំងអស់នៃកងពលធំអន្តរាគមន៍លេខ ២ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ថ្វីត្បិត​តែ​​ សម្តេចតេជោ ​មាន​ភាព​មមាញឹក​ខ្លាំងក្នុង​ការដឹកនាំ​ប្រទេសជាតិ​យ៉ាងណា​ក្តី ក៏​មនោសញ្ចេតនា​ស្រឡាញ់​ និង​ការ​នឹករលឹកដ៏ជ្រាលជ្រៅ តែង​តែនៅ​ផ្សារភ្ជាប់​​ជានិច្ចជាមួយ​បងប្អូន​ទាំងអស់គ្នា ដែល​កំពុង​បំពេញ​បេសកកម្ម​​ក្នុងបុព្វហេតុ​​​ការ​ពារជាតិ​មាតុភូមិ និងបូរណភាព​ទឹកដី​នៃ​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា​។ បន្ថែមពីលើនេះ គណៈប្រតិភូ បាន​វាយតម្លៃ​ខ្ពស់​​ពីស្មារតី​លះ​បង់​ពុះ-​ពារ​ជំនះ​រាល់​ការ​លំបាក​ គ្រប់​បែប​យ៉ាង​របស់​នាយ​ទាហាន នាយ​ទាហានរង និង​ពល​ទាហាន​​នៃកងពលធំ​អន្តរាគមន៍​លេខ២ លើការងារមួយចំនួនផ្សេងទៀត ក្រៅពីបុព្វហេតុការពារជាតិ រួមមាន​ការកសាង​ជំរុំ ជម្រក​ស្នាក់នៅ ការបង្កបង្កើនផល និងចិញ្ចឹមសត្វ​ ដើម្បី​លើកស្ទួយ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ជាដើម។ ទន្ទឹមនេះ គណៈប្រតិភូ ក៏ជម្រាបជូនអំពីស្ថានភាពសេដ្ឋកិច្ច ទូទៅក្នុងប្រទេស និងអំពីស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា ក្នុងតំបន់ និងពិភពលោក។ បច្ចុប្បន្នទោះបីកម្ពុជា បានឆ្លងផុតរលកទី១នៃជំងឺកូវីដ១៩ ដោយបានព្យាបាលអ្នកជំងឺទាំង ១២២នាក់ ជាសះស្បើយទាំងស្រុង​ក៏ដោយ ប៉ុន្តែជំងឺនេះនៅតែជាបញ្ហាគំរាម និងបង្កហានិភ័យខ្ពស់ ដល់បណ្តាប្រទេសមួយចំនួនទាំងក្នុងតំបន់និងពិភពលោក រួមទាំងកម្ពុជាផងដែរ។ ក្នុងកាលៈទេសៈដ៏ផុយស្រួយនៃជំងឺនេះ ​ នាយទាហាន និងពលទាហានទាំងអស់ មិនត្រូវភ្លេចខ្លួន និងត្រូវយកចិត្តទុកដាក់សហការប្រយុទ្ធ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ១៩នេះ ជាពិសេសតាមរយៈការរក្សាអនាម័យផ្ទាល់ខ្លួនឱ្យបានខ្ជាប់ខ្ជួន និង​ជួយបន្តផ្សព្វផ្សាយវិធានការនានាដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួង​សុខាភិបាល។

អំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ នាថ្ងៃនេះរួមមាន អង្ករ ១០ តោន, ត្រីខ ៤០ កេសធំ, មី ៤០ កេសធំ, ទឹកក្រូចនិងទឹកផ្លែឈើ ១០០ កេស, ស្ករស ១ តោន , ត្រីងៀត៥០០ គីឡូក្រាម, អាវរងាយឺត ៦៩៦ អាវ, អាល់កុល ១០កាន (ស្មើនឹង៣០០លីត្រ), ម៉ាស់ ១០.០០០ បន្ទះ, ឧបករណ៍ស្ទង់កម្តៅ ៣គ្រឿង។ ទន្ទឹមនឹងសម្ភារបរិក្ខារទាំងអស់នេះ គណៈប្រតិភូក៏បាននាំយកមកនូវថវិកា ឧបត្ថម្ភជូនបញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ២ ចំនួន ២០លានរៀល និង បងប្អូនជានាយទាហាន នាយទាហានរង និងពលទាហាន ចំនួន ១.៧៣៨នាក់ ក្នុងម្នាក់ៗ ថវិកាចំនួន ៣ម៉ឺនរៀល។

សូមបញ្ជាក់ជូនថា ដំណើរចុះសួរសុខទុក្ខរបស់គណៈប្រតិភូនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នាថ្ងៃនេះ គឺជា​លើកទី៥ ហើយ ចាប់តាំងពីមានពិធីសារចងសម្ព័ន្ធមេត្រីភាព រវាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជាមួយកងពលធំអន្តរាគមន៍លេខ២ ។ ក្នុង​ន័យដើម្បីពង្រឹងចំណងសម្ព័ន្ធមេត្រីភាពនេះបន្ថែមទៀត អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នឹងបន្តបេសកកម្មក្នុង​ការចុះសួរសុខទុក្ខដល់​នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងកងពលធំអន្តរាគមន៍លេខ២ នេះជាបន្តទៀតនាពេលខាងមុខ។

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត