នារសៀល ថ្ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ លោក ផា អេងវ៉េង អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ​និង​រដ្ឋាករ​កម្ពុជា តំណាង ឯកឧត្តម​បណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល​​ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានិង​ជា​ប្រធាន​សមាគម​សង្គហមិត្តមន្ត្រីរាជការ​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា អមដោយមន្ត្រីនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខកុមារកំព្រា នៅអង្គការសប្បុរសធម៌កម្ពុជកុលបុត្រ មាន​ទីតាំង​ស្ថិតនៅសង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។

​តាមការលើកឡើងរបស់​តំណាង​អង្គការ​សប្បុរសធម៌កម្ពុជកុលបុត្រ ​បច្ចុប្បន្នអង្គការ​​បាន​និង​កំពុង​​ជួយ​បណ្តុះបណ្តាល​លើ​បំណិនជីវិត មើលថែផ្គត់ផ្គង់ដល់​​កុមារកំព្រា​និង​កុមារទុរគត​ចំនួន​ ៤០នាក់ ក្នុងនោះ​ស្រី ១៩។ ជាមួយគ្នា​នេះដែរ តំណាង​អង្គការ​ បាន​សម្តែងអំណរគុណដល់គណៈប្រតិភូ នៃសមាគមសង្គហមិត្ត​មន្ត្រីរាជការ​នៃ​អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ​ដែលបានឆ្លៀតពេលវេលា​ដ៏មមាញឹក​ចុះសួរសុខទុក្ខ និងផ្តល់ការឧបត្ថម្ភ​ជួយ​ដល់​កុមារនៅអង្គការ​ក្នុងគ្រាកំពុងជួបការខ្វះខាត ជាពិសេស​ក្នុងស្ថានការណ៍ដ៏លំបាកនៃការរាតត្បាតជម្ងឺកូវីដ ១៩ ដែលបាននិងកំពុងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់កម្ពុជា និងពិភពលោកទាំងមូល។

ក្នុងពិធីនេះ លោក ផា អេងវ៉េង បាន​ថ្លែង​កោតសរសើរ​ចំពោះថ្នាក់ដឹកនាំ និង​បុគ្គលិក​អង្គការសប្បុរសធម៌កម្ពុជកុលបុត្របេសកកម្ម​សប្បុរសធម៌ ដែល​បាន​ខិតខំ​បំពេញបេសកកម្ម​​មនុស្សធម៌ដ៏ថ្លៃថ្លា​និង​បាន​​ចូលរួម​ចំណែក​ក្នុង​ការ​ជួយ​សង្គ្រោះ​​កុមារងាយរងគ្រោះឲ្យ​ទទួលបាន​នូវភាពកក់ក្តៅ​និង​ទទួលបាន​ការ​បណ្តុះបណ្តាល​ជាមូលដ្ឋាន​សម្រាប់កសាង​អនាគតបានប្រសើរ។ ជាមួយគ្នានេះដែរ លោក​អគ្គនាយករង​​បាន​ពាំនាំ​នូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម​បណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល​​ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង​បាន​រំលឹកដល់កុមារ និង​បុគ្គលិក​ដែលកំពុងស្នាក់នៅនិងបំពេញភារកិច្ច​នៅអង្គការ​នេះ ត្រូវបន្ត​ការប្រុងប្រយ័ត្ន​អនុវត្តវិធានការ​អនាម័យ​ឱ្យបានខ្ជាប់ខ្ជួនដើម្បីការពារពីជម្ងឺកូវីត១៩ តាមការណែនាំ​របស់​ក្រសួង​សុខាភិបាល​។ អង្គការសប្បុរសធម៌កម្ពុជកុលបុត្រ គឺ​ជា​គោលដៅ​ទី៦ នៃការចុះសួរសុខទុក្ខ​និង​ផ្តល់ជំនួយឧបត្ថម្ភ​របស់មូលនិធិ​សប្បុរសធម៌នៃសមាគមសង្គហមិត្តមន្ត្រីរាជការនៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ដើម្បីជួយទ្រទ្រង់​ដល់​កុមារ និង​ជន​ងាយរងគ្រោះក្នុងស្ថានភាព​នៃ​ការរីករាលដាលនៃ​ជម្ងឺកូវីដ-១៩ ជាសកល។

អំណោយដែលសមាគម​សង្គហមិត្ត​មន្ត្រីរាជការ​នៃ​អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នាំមកជូនអង្គការសប្បុរសធម៌កម្ពុជកុលបុត្រ​នាថ្ងៃនេះ សម្រាប់ចែកជូនដល់កុមារ​និង​បុគ្គលិកបម្រើការ​ ជា​​គ្រឿងឧបភោគ​បរិភោគ និង​សម្ភារសម្អាត និងថែរក្សា​អនាម័យ រួមមានដូចជា អង្ករ ១០ បាវ, មី ១ កេសធំ, ត្រី​ខកំ​ប៉ុង ១ កេសធំ, ទឹកស៊ីអ៊ីវ ០៥ យួរ, ប្រេងឆា ៥ដប, ភេសជ្ជៈ ៥ កេស, សាប៊ូដុំលាង​ដៃ ១ កេស, សាប៊ូម្សៅ ១កេស,  ប្រេងកូឡា ៣ ឡូ, អាល់កុល ១ កាន (ស្មើនឹង ៣០ លីត្រ), ក្រម៉ា ៥០, ម៉ាស់ ២៥០ បន្ទះ, ​និងឧបករណ៍ស្ទង់កម្តៅ ១ គ្រឿង ព្រម​ទាំង​ថវិកាមួយចំនួនផងដែរ។

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត