នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ចាប់ពីម៉ោង១៩:០០នាទី ដល់ម៉ោង២២:០០នាទី នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គណៈប្រតិភូអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំដោយឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចូលរួមសន្និបាតក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការគយអន្តរជាតិលើកទី ១៣៥/១៣៦ ដែលសម្រេចរៀបចំដោយអង្គការគយពិភពលោកតាមរយៈប្រព័ន្ធវីដេអូ (Virtual Meeting)។ សន្និបាតនេះដឹកនាំដោយ លោក A.AL KHALIFA (Bahrain) ប្រធានក្រុមប្រឹក្សាស្តីទី ដោយមានការចូលរួមពីអគ្គនាយកគយនៃប្រទេសជាសមាជិកចំនួន ១៤០។
ជាកិច្ចចាប់ផ្តើម លោក Kunio Mikuriya អគ្គលេខាធិការនៃអង្គការគយពិភពលោក បានរាយការណ៍ជូនអង្គសន្និបាតថា ដោយសារការរីករាលដាលជាសាកលនៃជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរកូវីដ១៩ ផែនការសកម្មភាពមួយចំនួនដូចជា ការផ្តល់ជំនួយបច្ចេកទេស កិច្ចប្រជុំ បេសកកម្ម ការកសាងសមត្ថភាព វគ្គបណ្តុះបណ្តាល ត្រូវបានលុបចោល និងពន្យារពេល តែទោះជាយ៉ាងណាក៏ដោយ ក្នុងគោលបំណងដើម្បីធានាឱ្យមានដំណើរការដោយប្រក្រតីនៃស្ថាប័នអង្គការគយពិភពលោក របៀបវារៈនៃសន្និបាតនេះផ្តោតតែលើបញ្ហាសំខាន់ៗ និងបន្ទាន់មួយចំនួនប៉ុណ្ណោះ។
ជាលទ្ធផលអង្គសនិ្នបាតបានពិភាក្សា និងបោះឆ្នោតអនុម័តលើរបៀបវារៈសំខាន់ៗរួមមាន៖ ១.បោះឆ្នោតកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ (Virtual Meeting)នេះ ជាអង្គសន្និបាតក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការគយអន្តរជាតិលើកទី១៣៥/១៣៦ និងបោះឆ្នោតអនុម័តរបៀបវារៈដែលស្នើឡើង ២.អនុម័តទទួលយកការធ្វើវិសោធនកម្មប្រព័ន្ធសុខដុមនីយកម្ម HS 2022 តាមការអនុម័តរបស់គណៈកម្មាធិការប្រព័ន្ធសុខដុមនីយកម្មរបស់អង្គការគយពិភពលោក ៣.អនុម័តលើការពន្យារពេលជាពិសេសចំពោះអណត្តិរបស់ប្រធានក្រុមប្រឹក្សាស្តីទី ដូចជាប្រធាននិងអនុប្រធានគណៈកម្មាធិការសវនកម្ម និងគណៈកម្មាធិការហិរញ្ញវត្ថុ និង៤.បោះឆ្នោតអនុម័តរបាយការណ៍នៃគណៈកម្មាធិការហិរញ្ញវត្ថុ។
សន្និបាតក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការគយអន្តរជាតិលើកទី ១៣៧/១៣៨ គ្រោងនឹងប្រពឹត្តទៅនាខែធ្នូ ឆ្នាំ២០២០។