ចាប់ពីថ្ងៃទី០៦ រហូតដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ លោកអគ្គនាយករង សែ សុឃន តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានដឹកនាំគណៈប្រតិភូអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចូលរួមសន្និសីទអគ្គនាយក គយតំបន់អាស៊ី-ប៉ាស៊ីហ្វិករបស់អង្គការគយពិភពលោកលើកទី២២  តាមប្រព័ន្ធវីដេអូ ។ កិច្ចប្រជុំនេះ ដឹកនាំដោយលោក Syarief Hidayat តំណាងរបស់លោក Askolani អគ្គនាយកនៃរដ្ឋបាលគយឥណ្ឌូនេស៊ីនិងជាអនុប្រធានប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដោយមានការចូលរួមពី​​លោក Kunio Mikuriya  អគ្គលេខាធិការនៃអង្គការគយពិភពលោក និងគណៈប្រតិភូគយនៃប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក, ប្រធានការិយាល័យកសាងសមត្ថភាពប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក (ROCB/AP) និងប្រធានការិយាល័យមន្រ្តីទំនាក់ទំនងព័ត៌មានសម្ងាត់ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក (RILO/AP)។

ថ្លែងក្នុងសន្ទកថាបើកសន្និសីទ លោក Syarief Hidayat បានសំដែងអំណរគុណ និងស្វាគមន៍ចំពោះវត្តមានរបស់​​លោកអគ្គលេខាធិការដ្ឋាននៃអង្គការគយពិភពលោក អគ្គនាយកគយ និងតំណាងអគ្គនាយកគយប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ នាឱកាសនោះ ​​លោក Kunio Mikuriya  បានចូលរួមជាភ្ញៀវកិត្តិយសធ្វើបទបង្ហាញលើប្រធានបទបច្ចុប្បន្នភាពនៃគោលនយោបាយ គំនិតផ្តួចផ្តើម និងផែនការយុទ្ធសាស្ត្ររបស់អង្គការគយពិភពលោក ​ឆ្លើយតបនឹងបញ្ហាប្រឈមរួមនៃការរីករាលដាលជំងឺកូវីដ១៩ រួមមានកម្មវិធីនិងសកម្មភាពអាទិភាពថ្មីៗ ដែលត្រូវបានធ្វើឡើងបន្ទាប់ពីសម័យប្រជុំក្រុមប្រឹក្សានៅខែធ្នូ ឆ្នាំ២០២០ ដូចជាការចែកចាយវ៉ាក់សាំង, ការបង្កើតក្រុមការងារសម្របសម្រួលនិងត្រួតពិនិត្យអ្នកដំណើរ និងការរៀបចំប្រតិបត្តិការ STOP II ដើម្បីប្រយុទ្ធប្រឆាំងពាណិជ្ជកម្មខុសច្បាប់ ជាពិសេស វ៉ាក់សាំងនិងឱសថក្លែងក្លាយ។

អង្គប្រជុំបានស្តាប់របាយការណ៍សកម្មភាពគន្លឹះដែលសម្រេចបាននាឆ្នាំ២០២០ រួមទាំងការចាត់តាំងសមាសភាពប្រចាំតំបន់ក្នុងគណៈកម្មាធិការរបស់អង្គការគយពិភពលោក។ ទន្ទឹមនេះ អង្គប្រជុំក៏បានស្តាប់ និង ពិភាក្សាលើបទបង្ហាញរបស់ការិយាល័យមន្រ្តីទំនាក់ទំនងព័ត៌មានសម្ងាត់ប្រចាំតំបន់ (RILO) ស្តីពីរបាយការណ៍ វឌ្ឍនភាព សមិទ្ធផលសំខាន់ៗក្នុងកិច្ចសហការការទប់ស្តាត់បទល្មើសខុសច្បាប់ និងផែនការសកម្មភាពនាឆ្នាំបន្ទាប់, បទបង្ហាញរបស់ការិយាល័យកសាងសមត្ថភាពប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក (ROCB A/P) ស្តីពីរបាយការណ៍ វឌ្ឍនភាពការងារ និងផែនការសម្រាប់ការកសាងសមត្ថភាពនាឆ្នាំបន្ទាប់, បទបង្ហាញស្តីពីការអនុវត្តរបស់សមាជិកនៃអង្គការគយពិភពលោកក្នុងកិច្ចសម្រួលចរាចរឆ្លងកាត់ព្រំដែននៃវ៉ាក់សាំងកូវីដ១៩, បទបង្ហាញស្តីពីការសម្របសម្រួលនិងត្រួតពិនិត្យអ្នកដំណើរ និងបទបង្ហាញស្តីពីវិញ្ញាបនបត្រដើមកំណើតទំនិញតាមប្រព័ន្ធអេឡិចត្រូនិច។​

នាឱកាសនោះ អង្គប្រជុំបានអនុម័តលើ ១)បច្ចុប្បន្នភាពផែនការយុទ្ធសាស្ត្រប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក របស់អង្គការគយពិភពលោកសម្រាប់ឆ្នាំ២០២០-២០២២ ដែលផ្តោតលើវិស័យសំខាន់ៗចំនួន៣ គឺ សន្តិសុខនិងកិច្ចសម្រួលពាណិជ្ជកម្ម, អនុលោមភាពនិងការពង្រឹងការអនុវត្តច្បាប់ និងការកសាងសមត្ថភាព ២)លក្ខខណ្ឌការងាររបស់ក្រុមវិស័យឯកជនប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក និង៣)មន្ទីរពិសោធន៍គយរបស់ចិន (Nanjing)ជាមន្ទីរពិសោធន៍​គយប្រចាំតំបន់។

photo_2021-04-08_23-08-38 photo_2021-04-08_23-08-42 photo_2021-04-08_23-08-34

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត