គណៈ​ប្រតិភូ​អគ្គនាយកដ្ឋានគយ​​​និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំដោយឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយក​​​នៃ​​​អគ្គនាយកដ្ឋានគយ​​​និង​​​រដ្ឋាករកម្ពុជា បានអញ្ជើញចូលរួមសន្និសីទអគ្គនាយកគយតំបន់អាស៊ី-ប៉ាស៊ីហ្វិករបស់អង្គការគយពិភពលោកលើកទី២១​ និងកិច្ចប្រជុំមន្ត្រីទំនាក់ទំនងប្រចាំតំបន់លើកទី៣០ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះ ដឹកនាំដោយលោក  Heru Pambudi អគ្គនាយករដ្ឋបាលគយឥណ្ឌូនេស៊ីនិងជាអនុប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក របស់អង្គការគយពិភពលោកអាណត្តិ២០២០-២០២២ ដោយមានការចូលរួមពី​​លោក Kunio Mikuriya  អគ្គលេខាធិការដ្ឋាននៃអង្គការគយពិភពលោក និងគណៈប្រតិភូគយនៃប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ថ្លែងក្នុងសន្ទកថាបើកសន្និសីទនិងកិច្ចប្រជុំ លោក Heru Pambudi បានសំដែងអំណរគុណចំពោះវត្តមានរបស់​​លោកអគ្គលេខាធិការដ្ឋាននៃអង្គការគយពិភពលោក អគ្គនាយកគយ និងតំណាងអគ្គនាយកគយប្រចាំតំបន់ និងបានលើកឡើងពីការកសាង​ផែនការយុទ្ធសាស្ត្រប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់អង្គការគយពិភពលោកសម្រាប់ឆ្នាំ២០២០-២០២២ ដោយអនុលោមតាមផែនការយុទ្ធសាស្ត្ររបស់អង្គការគយពិភពលោក។ នាឱកាសនោះ ​​លោក Kunio Mikuriya  បានចូលរួមជាវាគ្មិនលើប្រធានបទបច្ចុប្បន្នភាពនៃគោលនយោបាយ គំនិតផ្តួចផ្តើម និងផែនការយុទ្ធសាស្ត្ររបស់អង្គការគយពិភពលោក​ឆ្លើយតបនឹងបញ្ហាប្រឈមរួមនៃការរីករាលដាលជម្ងឺកូវីដ១៩ ដោយលោកបានបញ្ជាក់ថាអង្គការគយពិភពលោកបានរៀបចំឯកសារណែនាំជាច្រើនសម្រាប់រដ្ឋបាលគយដើម្បីអនុវត្តក្នុងអំឡុងពេលនៃការរាលដាលជម្ងឺឆ្លងនេះ។

អង្គប្រជុំ បានស្តាប់របាយការណ៍ផែនការយុទ្ធសាស្ត្រប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់អង្គការគយពិភពលោកសម្រាប់ឆ្នាំ២០២០-២០២២ ដែលផ្តោតលើវិស័យសំខាន់ៗចំនួន៣ គឺ៖ សន្តិសុខ និងកិច្ចសម្រួលពាណិជ្ជកម្ម, អនុលោមភាពនិងការពង្រឹងការអនុវត្តច្បាប់ និងការកសាងសមត្ថភាព។ រដ្ឋបាលគយឥណ្ឌូនេស៊ីក្នុងនាមជាអនុប្រធានប្រចាំតំបន់ បានស្នើដាក់បញ្ចូលសកម្មភាពក្នុងផែនការយុទ្ធសាស្ត្រនូវចំណុចមួយចំនួនដូចជា ការចែករំលែកបទពិសោធន៍ស្តីពីសកម្មភាពស្តារពាណិជ្ជកម្មឡើងវិញក្នុងពេលរីករាលដាលជម្ងឺកូវីដ១៩, ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងគយនិងពន្ធដារ, ការប្រើប្រាស់ប្រព័ន្ធព័ត៌មានអ្នកដំណើរជាមុន (Advance Passenger Information-API) និងប្រព័ន្ធការកត់ត្រាឈ្មោះអ្នកដំណើរ (Passenger Name Record-PNR), ការវាយតម្លៃសមាជិកក្នុងតំបន់ចំពោះការអនុវត្តអនុសញ្ញាក្យូតុដែលបានកែសម្រួល, ការកសាងសមត្ថភាពនៃប្រទេសកោះដែលមានសេដ្ឋកិច្ចទន់ខ្សោយ និងការអភិវឌ្ឍការអនុវត្តគម្រោង Artificial Intelligence។

ទន្ទឹមនេះ អង្គប្រជុំបានស្តាប់ និងពិភាក្សាលើបទបង្ហាញរបស់ការិយាល័យ​មន្រ្តីទំនាក់ទំនងព័ត៌មានសម្ងាត់ប្រចាំតំបន់ (RILO) ស្តីពីរបាយការណ៍វឌ្ឍនភាព សមិទ្ធផលសំខាន់ៗក្នុងកិច្ចសហការការទប់ស្កាត់បទល្មើសខុសច្បាប់ និងផែនការសកម្មភាពនាឆ្នាំបន្ទាប់, បទបង្ហាញរបស់ការិយាល័យកសាងសមត្ថភាពប្រចាំតំបន់ (ROCB) ស្តីពីរបាយការណ៍វឌ្ឍនភាពការងារ និងផែនការសម្រាប់ការកសាងសមត្ថភាពនាឆ្នាំបន្ទាប់, បទបង្ហាញរបស់រដ្ឋបាលគយកូរ៉េនិងរដ្ឋបាលគយអូស្ត្រាលីស្តីពីរបាយការណ៍​វឌ្ឍនភាព​លើវិស័យសន្តិសុខនិងកិច្ចសម្រួលពាណិជ្ជកម្ម និងបទបង្ហាញពាក់ព័ន្ធការងារគយប្រចាំតំបន់មួយចំនួនទៀត ។​

នាឱកាសនោះ អង្គប្រជុំបានគាំទ្របេក្ខភាពប្រទេសតំណាងតំបន់អាស៊ី-ប៉ាស៊ីហ្វិកទៅក្នុងគណៈកម្មាធិការ គោលនយោបាយ និងគណៈកម្មាធិការសវនកម្ម របស់អង្គការគយពិភពលោក និងបានអនុម័តទទួលស្គាល់មជ្ឈមណ្ឌលបណ្តុះបណ្តាលរបស់រដ្ឋបាលគយឥណ្ឌូនេស៊ី និងអ៊ីរ៉ង់ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់, មន្ទីរពិសោធន៍គយរបស់រដ្ឋបាលគយឥណ្ឌានិងឥណ្ឌូនេស៊ីជាមន្ទីរពិសោធន៍​គយប្រចាំតំបន់, មជ្ឈមណ្ឌលបង្ហាត់សុនក K-9 របស់កូរ៉េ ជាមជ្ឈមណ្ឌលបង្ហាត់សុនក K-9 ប្រចាំតំបន់។

សន្និសីទអគ្គនាយកគយតំបន់អាស៊ី-ប៉ាស៊ីហ្វិករបស់អង្គការគយពិភពលោកលើកទី២២ គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ទីកន្លែងនឹងជម្រាបជូនពេលក្រោយ។

photo_2020-11-13_22-56-40 photo_2020-11-13_22-56-42 photo_2020-11-13_22-56-44 photo_2020-11-13_22-56-46 photo_2020-11-13_22-56-48 photo_2020-11-13_22-56-49

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត