នាថ្ងៃសុក្រ ៩រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារ​ឆ្នេរសុខា ខេត្តព្រះសីហនុ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សហការជាមួយសាលាខេត្តព្រះសីហនុ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី​ការលើកទឹកចិត្ត​ផ្នែកគយនិងផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនតូចនិងមធ្យម ក្រោម អធិបតីភាព ឯកឧត្ដមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងដោយមានការចូលរួមពីថ្នាក់ដឹកនាំសាលាខេត្ត, តំណាងអគ្គនាយកដ្ឋានពន្ធដារ អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ សាខាគយនិងរដ្ឋាករ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មន្ទីរឧស្សាហកម្មនិងសិប្បកម្ម មន្ទីរពាណិជ្ជកម្ម សភាពាណិជ្ជកម្ម សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមការងារ “អ.ម.ត” និងម្ចាស់សហគ្រាសធុនតូចនិងមធ្យម ស្ថិតក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ សរុបអ្នកចូលរួមប្រមាណ ៧០០នាក់

ជាកិច្ចចាប់ផ្តើម ឯកឧត្ដម គួច ចំរើន បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដមបណ្ឌិត គុណ ញឹម ដែលបានរៀបចំសិក្ខាសាលានេះ ជាគុណប្រយោជន៍ដល់សហគ្រាសធុនតូចនិងមធ្យម ក្នុងខេត្តព្រះសីហនុ ដែលជាប៉ូលសេដ្ឋកិច្ចតំបន់ឆ្នេរសមុទ្រកម្ពុជាដ៏សំខាន់ ព្រមទាំង​មានសក្តានុពល និង​អំណោយផលល្អទាំងទីតាំង ​ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស​កំពង់ផែអន្តរជាតិដ៏ធំនិង​មមាញឹក និង​ជា​“តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង”។ គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០១៩ សហគ្រាសធុនតូចនិងមធ្យមក្នុងខេត្តព្រះសីហនុ មានចំនួន ៣,១១០ មូលដ្ឋាន និងប្រើប្រាស់កម្លាំងពលកម្មជាច្រើននាក់។ ដើម្បី​ទទួលបាន​គុណប្រយោជន៍ពីសិក្ខាសាលា ឯកឧត្តម​បាន​ ស្នើឱ្យ​តំណាងសហគ្រាសធុនតូចនិងមធ្យម និង​អង្គភាពពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ស្តាប់ការធ្វើបទបង្ហាញ និងចូលរួមឱ្យបានផុលផុស ព្រមទាំងលើកឡើងនូវសំណួរ ឬសំណូមពរ មកដល់អគ្គនាយកដ្ឋានទាំងពីរ រួមទាំងភាគីពាក់ព័ន្ធ ដើម្បីបានយល់ដឹង និងចូលរួមអនុវត្តការលើកទឹកចិត្តនេះ សំដៅលើកកម្ពស់វិស័យសហគ្រាសធុនតូចនិងមធ្យម និងភាពប្រកួតប្រជែងរបស់កម្ពុជា។

ថ្លែងក្នុងពិធីបើកអង្គសិក្ខាសាលា ឯកឧត្ដមបណ្ឌិត គុណ ញឹម បានថ្លែងអំណរគុណដល់ឯកឧត្តម​អភិបាលនៃគណៈអភិបាលខេត្តកណ្តាល​ ដែលបានសហការរៀបចំ​សិក្ខាសាលានាថ្ងៃនេះឡើង។ ឯកឧត្ដមបណ្ឌិត គុណ ញឹម បានគូសបញ្ជាក់ថា សហគ្រាសធុនតូច​និងមធ្យម គឺជាឆ្អឹងខ្នងសេដ្ឋកិច្ច និងជាកម្លាំងចលករដ៏ខ្លាំងមួយ ក្នុងការជំរុញ​កំណើននិងបង្កើតការងារ។ ក្នុងបរិបទនេះ រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ​បានដាក់ចេញនូវវិធានការជាច្រើន​ដើម្បីគាំទ្រវិស័យ សហគ្រាសធុនតូចនិង​មធ្យម ដូចមានចែងក្នុងឯកសារគោលនយោបាយ និង​ឯកសារយុទ្ធសាស្រ្ត រួមមាន៖ (១).គោល នយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ (២).យុទ្ធសាស្រ្តចតុកោណ​ដំណាក់កាលទី៤ និង (៣).យុទ្ធសាស្រ្តកៀរគរចំណូល ២០១៩-២០២៣។

​កន្លង​មក​ រាជរដ្ឋាភិបាល​ធ្លាប់​បាន​ដាក់ចេញនូវវិធានការ​ជាបន្ត​បន្ទាប់ ​ក្នុង​ការគាំទ្រ​ដល់វិស័យ​កសិកម្ម និង​សហគ្រាសធុនតូចនិង​មធ្យម រួមមាន ​ការ​បញ្ចុះអត្រាពន្ធគយ, អត្រាអាករពិសេស, ការដាក់អាករលើតម្លៃបន្ថែម​ជាបន្ទុករដ្ឋ និង​ការដាក់អាករនាំចេញ​ជាបន្ទុករដ្ឋ​លើ​មុខទំនិញជាជីកសិកម្ម ពូជដំណាំ ពូជសត្វ បសុឱសថ ចំណីសត្វ សម្ភារគ្រឿងចក្រកសិកម្ម និងវត្ថុធាតុដើមផលិតកម្មបម្រើ​ក្នុង​វិស័យទាំងនេះ។ ដើម្បី​​ជំរុញ​ការ​ធ្វើពិពិធកម្មសេដ្ឋកិច្ច និង​ដើម្បី​លើកស្ទួយបន្ថែមទៀត​ដល់​សហគ្រាសធុនតូចនិង​មធ្យម ថ្មីៗនេះ រាជរដ្ឋាភិបាល​បាន​ផ្តល់​ការលើកទឹកចិត្ត​ផ្នែកគយ និង​ផ្នែកពន្ធដារ តាមរយៈអនុក្រឹត្យ​លេខ ១២៤ អនក្រ.បក ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ និង​អនុក្រឹត្យ​​លេខ ៥០ អនក្រ.បក ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ដែលផ្តោតលើ​វិស័យអាទិភាពចំនួន ៨ រួមមាន៖ (១).សហ-គ្រាសផលិតនិងផ្គត់ផ្គង់ទឹកស្អាត​, (២).ផលិតកម្មកសិកម្ម ឬកសិ-ឧស្សាហកម្ម, (៣).ផលិតកម្មផលិត និងកែច្នៃម្ហូបអាហារ, (៤).កម្មន្តសាលផលិតទំនិញបម្រើឱ្យការនាំចេញ, (៥).កម្មន្តសាលផលិត​ទំនិញប្រើប្រាស់ក្នុងស្រុក កែច្នៃកាកសំណល់ និងផលិតទំនិញសម្រាប់វិស័យ​​ទេសចរណ៍, (៦).កម្មន្តសាលផលិត​នូវផលិតផលសម្រេច ឬផលិតផលពាក់កណ្តាល​សម្រេច ឬផ្នែក ឬគ្រឿងបង្គុំ ដើម្បីផ្គត់ផ្គង់ឱ្យកម្មន្តសាលដទៃ​ទៀត, (៧).ការស្រាវជ្រាវ និង​អភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន​ដែល​មាន​លក្ខណៈ​នវានុវត្តន៍ និង (៨).អ្នកអភិវឌ្ឍន៍​តំបន់ប្រមូលផ្តុំសហគ្រាសធុនតូចនិងមធ្យម។

នាឱកាសនោះ ឯកឧត្ដមបណ្ឌិត គុណ ញឹម ក៏បានបញ្ជាក់បន្ថែម​ថា ក្រោមការណែនាំ​ដ៏ខ្ពង់ខ្ពស់​របស់​ ឯកឧត្តម​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ការ​អនុវត្ត​ការ​លើកទឹកចិត្ត​ផ្នែកគយនិងផ្នែកពន្ធដារសម្រាប់​សហគ្រាសធុនតូចនិង​និង​មធ្យម ត្រូវ​មានយន្តការ​តាមដាន​វឌ្ឍនភាព​នៃការអនុវត្ត ព្រមទាំងត្រូ​វស្វែងយល់បន្ថែមអំពីសំណូមពរ និងបញ្ហាប្រឈមរបស់វិស័យឯកជនពាក់ព័ន្ធនឹងការអនុវត្តការលើកទឹកចិត្ត​​នេះ។

ក្នុងសិក្ខាសាលានេះ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង​តំណាងអគ្គនាយកដ្ឋានពន្ធដារ បានធ្វើបទបង្ហាញលើកឡើងនូវខ្លឹមសារនៃអនុក្រឹត្យ និងប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយ​​​បញ្ជាក់ជូនអំពី​​ល័ក្ខខ័ណ្ឌ ទម្រង់ នីតិវិធី និងយន្តការ​នៃការផ្តល់ និង​ការតាមដាន​ត្រួតពិនិត្យ​ការលើកទឹកចិត្តផ្នែកគយនិងផ្នែកពន្ធដារ សម្រាប់សហគ្រាស​ធុនតូចនិងមធ្យម ដើម្បីជាមូលដ្ឋានសម្រាប់​អនុវត្តនៅពេលមានបំណងដាក់ពាក្យស្នើសុំ​​ការលើកទឹកចិត្ត​នេះ​។ បន្ថែមលើបទបង្ហាញនេះ សហគ្រាស​ធុនតូចនិង​មធ្យម អាច​ស្វែងរកព័ត៌មានបន្ថែម តាម​រយៈ​គេហទំព័ររបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ​ក​ម្ពុជា និងអគ្គនាយកដ្ឋាន​ពន្ធដារ ​​ឬអាចទំនាក់ទំនង​សាកសួរ ព័ត៌មានដោយ​ផ្ទាល់មកមន្រ្តីទំនាក់ទំនង​នៅតាម​សាខាគយ​និងរដ្ឋាករ ឬសាខាពន្ធដារ​ដែល​នៅជិត​បំផុត។

 

workshop-16 (4) workshop-16 (3) workshop-16 (2) workshop-16 (1) IMG_6094 IMG_6070 IMG_6065 IMG_6062 IMG_6061 IMG_6057 IMG_6046 IMG_5974 IMG_5972 IMG_5968 IMG_5966 IMG_5939 IMG_3451 IMG_3416 IMG_3382 IMG_3380 IMG_1895 workshop-16 (16) workshop-16 (15) workshop-16 (14) workshop-16 (13) workshop-16 (12) workshop-16 (11) workshop-16 (10) workshop-16 (9) workshop-16 (8) workshop-16 (7) workshop-16 (6) workshop-16 (5)

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត