នាថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគារ​អិលប៊ីអិន អាស៊ាន ខេត្តកំពង់ចាម, អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សហការជាមួយសាលាខេត្តកំពង់ចាម រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី​ការលើកទឹកចិត្ត​ផ្នែកគយនិងផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនតូចនិងមធ្យម ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន​គយនិងរដ្ឋាករកម្ពុជា និង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងដោយមានការចូលរួមពីថ្នាក់ដឹកនាំសាលាខេត្ត, សាខាគយនិងរដ្ឋាករ, តំណាងអគ្គនាយកដ្ឋានពន្ធដារ, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, មន្ទីរឧស្សាហកម្មនិងសិប្បកម្ម, មន្ទីរពាណិជ្ជកម្ម, សភាពាណិជ្ជកម្ម និងម្ចាស់សហគ្រាសធុនតូចនិងមធ្យម ស្ថិតក្នុង​ភូមិសាស្រ្តខេត្តកំពង់ចាម សរុបអ្នកចូលរួមប្រមាណ ២៨០នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្ដម អ៊ុន ចាន់ដា បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដមបណ្ឌិត គុណ ញឹម ដែលបានរៀបចំសិក្ខាសាលានេះ ជាគុណប្រយោជន៍ដល់សហគ្រាសធុនតូចនិងមធ្យម ក្នុងខេត្តកំពង់ចាម។ ក្នុងខេត្តកំពង់ចាម មានសហគ្រាសចំនួន ១,០០១ ទីតាំង បានចុះបញ្ជីនៅមន្ទីរឧស្សាហកម្មនិងសិប្បកម្ម ហើយក្នុងនោះមានសហគ្រាសធុនតូចនិងមធ្យមចំនួន ១១៩ ទីតាំង និងសហគ្រាសផ្នែកកម្មន្តសាលចំនួន ៤០៣ ទីតាំង ពាក់ព័ន្ធនឹងចំណីអាហារ។

ថ្លែងក្នុងពិធីបើកអង្គសិក្ខាសាលា ឯកឧត្ដមបណ្ឌិត គុណ ញឹម បានថ្លែងអំណរគុណដល់ឯកឧត្តម​អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ដែលបានសហការរៀបចំ​សិក្ខាសាលាដ៏មានសារៈប្រយោជន៍នេះ។ ឯកឧត្ដមបណ្ឌិត គុណ ញឹម បានគូសបញ្ជាក់ថា សហគ្រាសធុនតូច​និងមធ្យម គឺជាឆ្អឹងខ្នងសេដ្ឋកិច្ច និងជាកម្លាំងចលករដ៏ខ្លាំងមួយ ក្នុងការជំរុញ​កំណើននិងបង្កើតការងារ។ ក្នុងបរិបទនេះ រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ​បានដាក់ចេញនូវវិធានការជាច្រើន​ដើម្បីគាំទ្រវិស័យ សហគ្រាសធុនតូចនិង​មធ្យម ដូចមានចែងក្នុងឯកសារគោលនយោបាយ និង​ឯកសារយុទ្ធសាស្រ្ត រួមមាន៖ (១).គោល នយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ (២).យុទ្ធសាស្រ្តចតុកោណ​ដំណាក់កាលទី៤ និង (៣).យុទ្ធសាស្រ្តកៀរគរចំណូល ២០១៩-២០២៣។ ​កន្លង​មក​ រាជរដ្ឋាភិបាល​ធ្លាប់​បាន​ដាក់ចេញនូវវិធានការ​ជាបន្ត​បន្ទាប់ ​ក្នុង​ការគាំទ្រ​ដល់វិស័យ​កសិកម្ម និង​សហគ្រាសធុនតូចនិង​មធ្យម រួមមាន ​ការ​បញ្ចុះអត្រាពន្ធគយ, អត្រាអាករពិសេស, ការដាក់អាករលើតម្លៃបន្ថែម​ជាបន្ទុករដ្ឋ និង​ការដាក់អាករនាំចេញ​ជាបន្ទុករដ្ឋ​លើ​មុខទំនិញជាជីកសិកម្ម ពូជដំណាំ ពូជសត្វ បសុឱសថ ចំណីសត្វ សម្ភារគ្រឿងចក្រកសិកម្ម និងវត្ថុធាតុដើមផលិតកម្មបម្រើ​ក្នុង​វិស័យទាំងនេះ។ ដើម្បី​​ជំរុញ​ការ​ធ្វើពិពិធកម្មសេដ្ឋកិច្ច និង​ដើម្បី​លើកស្ទួយបន្ថែមទៀត​ដល់​សហគ្រាសធុនតូចនិង​មធ្យម ថ្មីៗនេះរាជរដ្ឋាភិបាល​បាន​ផ្តល់​ការលើកទឹកចិត្ត​ផ្នែកគយ និង​ផ្នែកពន្ធដារ តាមរយៈអនុក្រឹត្យ​លេខ ១២៤ អនក្រ.បក ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ និង​អនុក្រឹត្យ​​លេខ ៥០ អនក្រ.បក ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ដែលផ្តោតលើ​វិស័យអាទិភាពចំនួន ៨ រួមមាន៖ (១).សហគ្រាសផលិតនិងផ្គត់ផ្គង់ទឹកស្អាត​, (២).ផលិតកម្មកសិកម្ម ឬកសិ-ឧស្សាហកម្ម, (៣).ផលិតកម្មផលិត និងកែច្នៃម្ហូបអាហារ, (៤).កម្មន្តសាលផលិតទំនិញបម្រើឱ្យការនាំចេញ, (៥).កម្មន្តសាលផលិត​ទំនិញប្រើប្រាស់ក្នុងស្រុក កែច្នៃកាកសំណល់ និងផលិតទំនិញសម្រាប់វិស័យ​​ទេសចរណ៍, (៦).កម្មន្តសាលផលិត​នូវផលិតផលសម្រេច ឬផលិតផលពាក់កណ្តាល​សម្រេច ឬផ្នែក ឬគ្រឿងបង្គុំ ដើម្បីផ្គត់ផ្គង់ឱ្យកម្មន្តសាលដទៃ​ទៀត, (៧).ការស្រាវជ្រាវ និង​អភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន​ដែល​មាន​លក្ខណៈ​នវានុវត្តន៍ និង (៨).អ្នកអភិវឌ្ឍន៍​តំបន់ប្រមូលផ្តុំសហគ្រាសធុនតូចនិងមធ្យម។

ឯកឧត្ដមបណ្ឌិត គុណ ញឹម បានបញ្ជាក់បន្ថែម​ថា ទោះបីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារ បានធ្វើការផ្សព្វផ្សាយនិងធ្វើសាមញ្ញកម្មនីតិវិធី សំដៅផ្តល់ភាពងាយស្រួលក្នុងការអនុវត្តការលើកទឹកចិត្តផ្នែកគយនិងផ្នែកពន្ធដារក៏ដោយ ក៏ការដាក់ពាក្យសុំនៅមានកម្រិតតិចតួចនៅឡើយ។ ក្នុងន័យនេះ និងដោយមានការណែនាំ​ដ៏ខ្ពង់ខ្ពស់​របស់​ ឯកឧត្តម​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរៀបចំកម្រងសំណួរសម្រាប់ប្រមូលបញ្ហាប្រឈម និងសំណូមពរនានា របស់សហគ្រាសធុនតូចនិងមធ្យម ដើម្បីជាមូលដ្ឋានលើកឡើងនូវដំណោះស្រាយ និងជំរុញការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព។

ក្នុងសិក្ខាសាលានេះ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង​តំណាងអគ្គនាយកដ្ឋានពន្ធដារ បានធ្វើបទបង្ហាញលើកឡើងនូវខ្លឹមសារនៃអនុក្រឹត្យ និងប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយ​​​បញ្ជាក់ជូនអំពី​​ល័ក្ខខ័ណ្ឌ ទម្រង់ នីតិវិធី និងយន្តការ​នៃការផ្តល់ និង​ការតាមដាន​ត្រួតពិនិត្យ​ការលើកទឹកចិត្តផ្នែកគយនិងផ្នែកពន្ធដារ សម្រាប់សហគ្រាស​ធុនតូចនិងមធ្យម ដើម្បីជាមូលដ្ឋានសម្រាប់​អនុវត្តនៅពេលមានបំណងដាក់ពាក្យស្នើសុំ​​ការលើកទឹកចិត្ត​នេះ​។ បន្ថែមលើបទបង្ហាញនេះ សហគ្រាស​ធុនតូចនិង​មធ្យម អាច​ស្វែងរកព័ត៌មានបន្ថែម តាម​រយៈ​គេហទំព័ររបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ​ក​ម្ពុជា និងអគ្គនាយកដ្ឋាន​ពន្ធដារ ​​ឬអាចទំនាក់ទំនង​សាកសួរ ព័ត៌មានដោយ​ផ្ទាល់មកមន្រ្តីទំនាក់ទំនង​នៅតាម​សាខាគយ​និងរដ្ឋាករ ឬសាខាពន្ធដារ​ដែល​នៅជិត​បំផុត។

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត