នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ​វេលាម៉ោង​​ ៨:៣០នាទី នៅសណ្ឋាគារភ្នំពេញ មាន​សិក្ខាសាលា​ដែល​រៀបចំឡើង​ដោយ​អគ្គ​នាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា សហការជាមួយទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) ដើម្បី​ផ្សព្វផ្សាយស្តីពីការអនុវត្តតារាងពន្ធគយកម្ពុជាឆ្នាំ២០១៧ និងវឌ្ឍនភាពនៃការអនុវត្ត គម្រោងប្រព័ន្ធស្វ័យប្រវត្តិកម្មគយ២០០៦ -២០១៦ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា។ សមាសភាព​ចូលរួម​ក្នុង​សិក្ខាសាលានេះ​ រួមមាន តំណាង​ក្រសួង​និងស្ថាប័ននានានៃ​រាជរដ្ឋាភិបាល មន្ត្រី​គយ​និង​រដ្ឋាករ វិស័យ​​ឯកជន​ពាក់ព័ន្ធ តំណាង​អង្គការ​ JICA ព្រម​ទាំងដៃគូ​អភិវឌ្ឍន៍​មួយ​ចំនួន​ផងដែរ។

photo_2016-10-31_10-10-09

​​ថ្លែងក្នុងពិធីបើក ឯកឧត្តមបណ្ឌិត គុណ ញឹម បានគូសបញ្ជាក់ពីគោល​បំណងរបស់​សិក្ខាសាលា​គឺ​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​ថ្មីៗ ស្តីពី​ការ​កែសម្រួលបទប្បញត្តិ​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​តារាង​ពន្ធគយថ្មី​ដែល​គ្រោង​ដាក់​ឲ្យ​អនុវត្ត​ចាប់​ពីថ្ងៃទី០១ ខែ​មករា ឆ្នាំ​២០១៧ និង​វឌ្ឍនភាព​នៃការ​អនុវត្ត​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​គយ​ចាប់ពី​ឆ្នាំ​២០០៦ ដល់ឆ្នាំ ២០១៦។ សិក្ខាសាលា​ផ្សព្វផ្សាយ​​នេះ​ នឹងផ្តល់សារប្រយោជន៍​ដល់​​​គ្រប់ភាគី​ពាក់ព័ន្ធ​ក្នុង​ការ​ប្រើប្រាស់ព័ត៌មានថ្មីៗ​ទាំងនោះ​តាម​តម្រូវ​ការ​នៃ​វិស័យ​រៀងៗខ្លួន ជាពិសេស​វិស័យ​ឯកជន អាច​នឹងមាន​មូលដ្ឋាន​គ្រប់​គ្រាន់ដើម្បី​កំណត់​គោលដៅអាជីវកម្ម​របស់​ខ្លួន​សម្រាប់​ពេល​អនាគត​​ផងដែរ។ ឯកឧត្តម​ក៏​បាន​លើកឡើង​ផងដែរថា សិក្ខាសាលានេះ មិនត្រឹម​តែ​ជា​វេទិកាសម្រាប់​​ផ្សព្វផ្សាយ​នូវ​វឌ្ឍនភាព​នៃ​បទប្បញ្ញត្តិ​និ​ងការ​អនុវត្ត​នានា​របស់​ស្ថាប័នគយ​ប៉ុណ្ណោះទេ ប៉ុន្តែ​ក៏បាន​ផ្តល់​ឱកាស​ដល់​ការ​បង្កើន​​ការ​យល់​គ្នា​ទៅវិញ​ទៅមក និងការពង្រឹង​​កិច្ច​សហការ​កាន់តែ​ជិតស្និទ្ធ​រវាង​ស្ថាប័ន​គយ ជាមួយ​នឹង​ស្ថាប័ន្ធពាក់ព័ន្ធ​ផ្សេងទៀត ជាពិសេស​ជាមួយ​វិស័យ​ឯកជន ដើម្បី​ឈាន​ទៅពង្រឹង​អនុលោមភាពសារពើពន្ធ​កាន់តែ​ប្រសើរ។

photo_2016-10-31_10-08-05

ក្នុងដំណើរការ​សិក្ខាសាលា តំណាង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​ធ្វើ​បទបង្ហាញស្តី​ពី​ភាពខុសគ្នា​រវាងតារាង​ពន្ធគយ​កម្ពុជាពី​ជំនាន់​បច្ចុប្បន្ន​ ទៅ​ជា​តារាង​ពន្ធ​គយកម្ពុជាឆ្នាំ​២០១៧, ការ​ធ្វើ​វិចារណកម្ម​តារាង​ពន្ធគយ ដែល​ក្នុង​នោះ​មានការកែសម្រួល​អត្រា​ពន្ធ​អាករ​លើមុខទំនិញ​មួយចំនួន ឲ្យកាន់តែ​មាន​សង្គតិភាព រវាង​មុខទំនិញ​ដែល​មាន​មុខសញ្ញា​ប្រើប្រាស់​ប្រហាក់ប្រហែល​គ្នា និង​ស្របតាម​គោល​នយោបាយ​នៃរាជរដ្ឋាភិបាល ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ទំនិញ​ហាមឃាត់​និង​ជាប់​កម្រិតកំណត់ និង​បញ្ជីទំនិញ​ដែលពន្ធអាករ​ជា​បន្ទុករដ្ឋ។

photo_2016-10-31_09-47-32

photo_2016-10-31_09-47-30

លើសពីនេះ​ទៀត ក៏មាន​បទបង្ហាញ​ស្តី​ពី​ វឌ្ឍនភាព​នៃការ​អនុវត្ត​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្មគយ ចាប់​ពីឆ្នាំ​២០០៦ដល់​ឆ្នាំ​២០១៦ និង​វឌ្ឍនភាព​នៃការ​អនុវត្ត​ប្រព័ន្ធ​បញ្ជរតែមួយជាតិ, ព្រម ទាំង​មុខងារថ្មីៗ​នានា ជា​ពិសេស​គឺ​ប្រព័ន្ធ​ឆ្លងកាត់​គយ (Transit) និងការ​ស្នើសុំ​លិខិត​អនុញ្ញា​តគយ​តាម​មធ្យោបាយ​អេឡិចត្រូនិច​ (E-permit) ដែល​នឹង​ត្រូវ​ដាក់​ឲ្យ​អនុវត្ត​ចាប់​ពីថ្ងៃទី០១ ខែ​មករា ឆ្នាំ​២០១៧ តទៅ។

photo_2016-10-31_10-23-04

នៅ​ចុង​បញ្ចប់ តំណាង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ក៏​បាន​បង្ហាញ​ជូន​នូវរបៀបប្រើប្រាស់ គេហទំព័រ​គយ ដែល​ទើ​បនឹង​បាន​កែសម្រួលនា​ពេល​កន្លងមក ដែលវិស័យ​ឯកជន ក៏ដូចជា​អ្នក​​ពាក់ព័ន្ធ​ផ្សេងទៀត អាច​ស្វែងរក​ព័ត៌មានសំខាន់ៗដែលពាក់​ព័ន្ធ​នឹង​គយ ដើម្បី​បម្រើ​សេចក្តី​ត្រូវការ​របស់​ខ្លួន។

photo_2016-10-31_10-11-34

photo_2016-10-31_10-11-01

ការងារ​ទាំងអស់​​នេះ នឹងរួមចំណែក​យ៉ាងសំខាន់​ក្នុង​កិច្ច​សម្រួល​ពាណិជ្ជកម្ម តាម​រយៈការ​ធ្វើ​ឲ្យ​ដំណើរ​ការបំពេញ​បែបបទ​បញ្ចេញទំនិញ​ពី​គយ ពាក់​ព័ន្ធ​នឹង​ការ​ឆ្លងកាត់​គយ​និង​ការ​ចេញ​លិខិត​អនុញ្ញាត​គយ​កាន់​តែ​មាន​ភាព​ឆាប់​រហ័ស និង​មាន​តម្លាភាព។

photo_2016-10-31_10-10-27

 

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត