អង្គការពាណិជ្ជកម្មពិភពលោក (World Trade Organization)
កម្ពុជាបានដាក់ពាក្យសុំចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកក្នុងឆ្នាំ ១៩៩៤។ ក្រោយពីមានការបន្ទូរបន្តយការរិតត្បិតលក្ខខណ្ឌសមាជិកភាពប្រទេសមានការអភិវឌ្ឍតិចតួចរបស់អង្គការនេះក្រោមសេចក្ដីថ្លែងការ Doha Declaration ក្នុងខែវិច្ឆិកា ឆ្នាំ២០០១ កម្ពុជាបានចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោកក្នុងខែកញ្ញា ឆ្នាំ២០០៣នៅឯសន្និសិទថ្នាក់រដ្ឋមន្ត្រី Cancun Ministerial Conference។ ប៉ុន្តែសមាជិកភាពនេះមិនត្រូវបានចាប់អនុវត្តនៅឡើយមកទល់ឆ្នាំក្រោយដោយភាពជាប់គាំងនយោបាយក្រោយខែកក្កដា ឆ្នាំ២០០៣ បានរារាំងមិនអោយមានការធ្វើសច្ចាប័នសមាជិកភាពនេះ។
អង្គការគយពិភពលោក (World Customs Organization)
ប្រទេសកម្ពុជាគឺជាសមាជិកមួយនៃអង្គការគយពិភពលោក។ លិខិតុបករណ៍ចូលជាសមាជិករបស់
កម្ពុជាត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងត្រូវបានបញ្ជូនទៅកាន់ក្រសួងការបរទេសនៃប្រទេសប៊ែលហ្សិច។ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០០១ កម្ពុជាបានក្លាយទៅជាសមាជិកក្នុងសទ្ធិសញ្ញាបង្កើតក្រុមប្រឹក្សាសហប្រតិបត្តិការគយ (Customs Cooperation Council; CCC) ដែលធ្វើអោយប្រទេសនេះក្លាយទៅជាសមាជិកនៃអង្គការគយពិភពលោកទី ១៥៥ ដែលធ្វើអោយចំនួនប្រទេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិចដែលជាសមាជិកនៃអង្គការនេះកើនឡើងទៅដល់ ២៤។
អាស៊ាន (ASEAN)
ប្រទេសកម្ពុជាបានក្លាយជាសមាជិករបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។ សហគមន៍អាស៊ាន (ASEAN Community) មានសសរស្ដម្ភចំនួន ៣៖ សហគមន៍សន្តិសុខអាស៊ាន, សហគមន៍សេដ្ឋកិច្ចអាស៊ាន, និងសហគមន៍សង្គម-វប្បធម៌អាស៊ាន។
សហគមន៍សេដ្ឋកិច្ចអាស៊ាននិងបង្កើតនូវទីផ្សារ និងមូលដ្ឋានផលិតកម្មតែមួយរបស់អាស៊ាន ដែលនឹងធ្វើអោយអាស៊ានកាន់តែមានសក្ដានុពល និងភាពប្រកួតប្រជែងខ្ពស់ជាមួយនឹងយន្តការ និងវិធានការក្នុងពង្រឹងការអនុវត្តកិច្ចព្រមព្រៀងសេដ្ឋកិច្ចដែលមានស្រាប់, បង្កើនសំទុះសមាហរណកម្មតំបន់លើវិស័យអាទិភាព, សម្របសម្រួលលំហូរធុរជន, ពលករជំនាញ និង ធនធានមនុស្ស, ព្រមទាំងពង្រឹងនូវយន្តការស្ថាប័នរបស់អាស៊ាន។
ទីផ្សារ និងមូលដ្ឋានផលិតកម្មរួមរបស់អាស៊ានមានធាតុសំខាន់ ៥គឺ៖ (១) លំហូរដោយសេរីនូវទំនិញ, (២) លំហូរដោយសេរីនូវសេវាកម្ម, (៣) លំហូរដោយសេរីនូវវិនិយោគ, (៤) លំហូរដោយសេរីនូវមូលធន, និង (៥) លំហូរដោយសេរីនូវពលករជំនាញ។ ទីផ្សារ និងមូលដ្ឋានផលិតកម្មរួមរបស់អាស៊ានមានផ្នែកសំខាន់ពីរគឺ៖ វិស័យអាទិភាពសម្រាប់សមាហរណកម្ម និង ចំណីអាហារ, កសិកម្ម, និងរុក្ខាសាស្ត្រ។
មហាអនុតំបន់មេគង្គ (Great Mekong Sub-Region; GMS)
ប្រទេសកម្ពុជាគឺជាសមាជិកដ៏សកម្មនៅក្នុងកម្មវិធីមហាអនុតំបន់មេគង្គចាប់តាំងពីបានបង្កើតឡើងក្នុងឆ្នាំ ១៩៩២។ សនិ្នសិទថ្នាក់រដ្ឋមន្រ្តីលើកទី១១ត្រូវបានប្រារព្ធនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជាក្នុងខែកញ្ញា ឆ្នាំ២០០២។ កិច្ចប្រជុំមហាអនុតំបន់មេគង្គបានប្រារព្ធទៅនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជាក្នុងខែវិច្ឆិកា ឆ្នាំ២០០២។ កម្ពុជាត្រូវបានចាត់ទុកថាជាប្រទេសដែលមានសារៈសំខាន់ក្នុងការពង្រឺងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ GMS ដោយហេតុថាប្រទេសនេះមានទីតាំងភូមិសាស្រ្តកណ្ដាលក្នុងផ្នែកខាងក្រោមនៅទន្លេមេគង្គ។ កម្ពុជាក៏ជាប្រទេសដែលស្ថិតនៅកណ្ដាលក្នុងតំបន់សេដ្ឋកិច្ច GMS ខាងត្បូង ដែលដើរតួជាតំណយុទ្ធសាស្រ្តរវាងប្រទេសថៃនិងវៀតណាមតាមរយៈផ្លូវហាយវ៉េក្នុងតំបន់ និងផ្លូវរថភ្លើងនាពេលអនាគត។
ប្រទេសកម្ពុជាក៍ជាអ្នកចូលរួមសកម្មក្នុងកិច្ចផ្ដួចផ្តើមតំបន់អភិវឌ្ឍត្រីកោណជាមួយនឹងប្រទេសឡាវ និងវៀតណាម និង ក្នុងតំបន់ត្រីកោណ Emerald Triangle Initiative ជាមួយនឹងប្រទេសថៃ និងឡាវ។ កម្ពុជាជាភាគីចំបងក្នុងការអនុវត្តកិច្ចសម្រួលពាណិជ្ជកម្ម និងការដឹកជញ្ជូនដំបូងក្នុងក្របខ័ណ្ឌ GMS ជាពិសេសនៅតាមតំបន់ព្រំដែន អារ៉ាញយ៉ាប្រ៉ាថេត-ប៉ោយប៉ែត និង បាវ៉ិត-ម៉ុកបៃ។