តម្លៃជាមូលដ្ឋាន
- តម្លាភាព៖មន្ត្រីគយនិងរដ្ឋាករកម្ពុជាបំពេញការងារប្រកបដោយភាពស្មោះត្រង់និងការគោរពគ្នាទៅវិញទៅមក ទាំងក្នុងចំណោមមន្ត្រីគ្រប់ជាន់ថ្នាក់ក្នុងអង្គភាពនិងចំពោះបុគ្គលពាក់ព័ន្ធផ្សេងទៀត រួមទាំងសហគមន៍ធុរកិច្ចក្នុងក្របខណ្ឌនៃការសម្ងាត់វិជ្ជាជីវៈតាមបទប្បញ្ញត្តិជាធរមាន។
- គណនេយ្យភាព៖មន្ត្រីគយនិងរដ្ឋាករកម្ពុជាមានការទទួលខុសត្រូវខ្ពស់ក្នុងការសម្រេចបានជោគជ័យនូវភារកិច្ចដូចមានចែងក្នុងបទប្បញ្ញត្តិជាធរមាននិងតាមការចាត់តាំងរបស់ប្រធានអង្គភាព។
- សុចរិតភាពនិងការគោរពវិន័យ៖ ក្នុងនាមជាអង្គភាពពាក់កណ្តាលប្រដាប់អាវុធ សុចរិតភាព និងការគោរពវិន័យឲ្យបានម៉ឺងម៉ាត់គឺជាកាតព្វកិច្ចចំបងរបស់មន្ត្រីគយនិងរដ្ឋាករកម្ពុជាដែលក្នុង នោះរួមមាន សីលធ៌មល្អក្នុងការរស់នៅ និងការបំពេញការងារ ការគោរពឋានានុក្រម ការប្រើប្រាស់ឯកសណ្ឋានបានត្រឹមត្រូវ អត្តចរិកស្លូតបូតតែហ្មត់ចត់ ព្រមទាំងអាកប្បកិរិយា និងពាក្យសម្តីសមរម្យចំពោះអតិថិជននិងសាធារណជន។
- ជំនាញវិជ្ជាជីវៈ៖មន្ត្រីគយនិងរដ្ឋាករកម្ពុជាគ្រប់រូបត្រូវបានឆ្លងកាត់វគ្គបណ្តុះបណ្តាលច្បាស់លាស់នូវជំនាញវិជ្ជាជីវៈទាំងក្នុងនិងក្រៅប្រទេសលើបទប្បញ្ញត្តិច្បាប់ជាតិនិងអន្តរជាតិពាក់ព័ន្ធជាធរមាននានា និងជំនាញបច្ចេកទេសនិងនីតិវិធីគយដែលស្របតាមស្តង់ដាអន្តរជាតិ ដូចជាអនុសញ្ញាក្យូតូ ដែលបានកែសម្រួល (Revised Kyoto Convention−RKC)របស់អង្គការ WCOជាដើម។
- ការងារជាក្រុម៖ អគរ តែងតែគោរពនិងផ្តល់អាទិភាពលើលទ្ធផលរបស់ក្រុមការងារ។ ការសម្រេចនានារបស់ថ្នាក់ដឹកនាំអង្គភាព តែងធ្វើឡើងដោយផ្អែកលើការផ្តល់មតិរបស់ក្រុមមន្ត្រី ជំនាញមានសមត្ថកិច្ច ដែលជាលទ្ធផលនៃកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់ និងការអង្កេតស្រាវជ្រាវ រួមគ្នា។
គោលការណ៍មគ្គុទេសក៏
- ការផ្តល់សេវាសាធារណៈ៖ អគរ បានបង្កើតនូវយន្តការភាពជាដៃគូគយ-ផ្នែកឯកជន អង្គភាពទំនាក់ទំនងសាធារណៈប្រអប់សំបុត្រសាធារណៈជាដើមដើម្បីផ្តល់វេទិកាឲ្យផ្នែកឯកជន និងបណ្តាភាគីពាក់ព័ន្ធទាំងអស់អាចសំដែងមតិយោបល់ ការរិះគន់ ឬសំណូមពរផ្សេងៗ ទាំងក្នុង រូបភាពមិនបញ្ចេញឈ្មោះ និងក្នុងរូបភាពកិច្ចពិភាក្សារួមគ្នាដោះស្រាយនូវបញ្ហាអសកម្មនានា។
- អនុវត្តន៍ច្បាប់ដោយស្មើភាព៖ បទដ្ឋានគតិយុត្តិរួមមាន ច្បាប់បទប្បញ្ញត្តិឬសេចក្តីណែនាំជាធរមាន នានា ត្រូវបានអនុវត្តប្រកបដោយសង្គតិភាព និងត្រឹមត្រូវចំពោះជនគ្រប់រូប និងគ្រប់ទីកន្លែង នៅទូទាំងប្រទេសដោយមិនរើសអើងប្រកាន់ឋានៈឬបក្សពួកឡើយ។
- អនុលោមភាពច្បាប់និងបទប្បញ្ញត្តិជាតិ៖ រាល់ការបំពេញភារកិច្ច ការអនុវត្តសិទ្ធិ និងការសម្រេចវិនិច្ឆ័យនានា គឺធ្វើឡើងដោយឈរលើមូលដ្ឋានច្បាប់និងបទប្បញ្ញត្តិជាធរមាន នានាដ៏រឹងមាំប្រកបដោយភាពច្បាស់លាស់និងមិនលម្អៀង។
- អនុលោមភាពកាតព្វកិច្ចអន្តរជាតិ៖រាល់បទដ្ឋានគតិយុត្តិជាធរមានរបស់ជាតិត្រូវបានកសាងឡើងដោយអនុលោមតាមបទប្បញ្ញត្តិ ឬកិច្ចព្រមព្រៀងអន្តរជាតិនានា ដែលជាកាតព្វកិច្ចរបស់កម្ពុជា ទាំងក្នុងកម្រិតតំបន់និងកម្រិតអន្តរជាតិ ព្រមទាំងស្របតាមឧត្តមានុវត្តន៍អន្តរជាតិផងដែរ។
- វិមជ្ឈការអំណាច៖ អគរ ប្រកាន់យកនូវគោលការណ៍វិមជ្ឈការអំណាចក្នុងការសម្រេចផ្នែកប្រតិបត្តិ ពីថ្នាក់មជ្ឈិមទៅថ្នាក់មូលដ្ឋានតាមអភិក្រមជាជំហានៗស្របនឹងការពង្រឹងសមត្ថភាពបច្ចេកទេស ដល់មន្ត្រីប្រតិបត្តិនៅថ្នាក់មូលដ្ឋាន។
- សិទ្ធិធុរជនក្នុងការប្តឹងឧទ្ធរណ៍៖ តាមបញ្ញត្តិច្បាប់ស្តីពីគយជាធរមាន ផ្នែកឯកជនឬបុគ្គលពាក់ព័ន្ធ មានសិទ្ធិស្នើសុំបំភ្លឺបន្ថែមចំពោះមូលហេតុនៃការសម្រេចរបស់គយឬប្តឹងជំទាស់នឹងការសម្រេច នោះទៅស្ថាប័នមានសមត្ថកិច្ចថ្នាក់ខ្ពស់ជាងនេះ។
- សហប្រតិបត្តិការអន្តរស្ថាប័ន៖គឺជាកត្តាគន្លឹះក្នុងការធានានូវប្រសិទ្ធភាពនៃការអនុវត្តកិច្ចសម្រួលពាណិជ្ជកម្មនិងការពង្រឹងអនុលោមភាពច្បាប់។ អគរ តែងស្វះស្វែងរកកិច្ចសហការជាមួយស្ថាប័ន មានសមត្ថកិច្ចពាក់ព័ន្ធ ដូចជា អង្គភាពប្រដាប់អាវុធនានាក្នុងការចូលរួមស្រាវជ្រាវ និងបង្ក្រាបបទល្មើសគយជាមួយធនាគារជាតិនៃកម្ពុជា ក្នុងការងារទប់ស្កាត់និងបង្ក្រាបបទល្មើស ហិរញ្ញវត្ថុ និងជាមួយស្ថាប័នឯកទេសផ្សេងទៀតក្នុងការអនុវត្តកិច្ចសម្រួលពាណិជ្ជកម្មតាមរយៈ ការគ្រប់គ្រងហានិភ័យជាដើម។