តួនាទី
- ជាស្ថាប័នជំនាញពាក់កណ្តាលប្រដាប់អាវុធ
- មានសមត្ថកិច្ចតាមផ្លូវច្បាប់ត្រួតពិនិត្យប្រមូលពន្ធអាករនិងកំរៃគ្រប់ប្រភេទលើទំនិញនាំចេញនិងនាំចូល
ភារកិច្ច
- គ្រប់គ្រង ត្រួតពិនិត្យ និងប្រមូលពន្ធអាករគ្រប់ប្រភេទលើទំនិញនាំចេញនិងនាំចូល
- បង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទជាពិសេសបទល្មើសគយ
- បង្កការងាយស្រួលដល់ពាណិជ្ជកម្មអន្តរជាតិ
នាយកដ្ឋានក្រោមឱវាទ អគរ
លេខាធិការដ្ឋាន
- ស្រាវជ្រាវ ពិនិត្យ សិក្សា ធ្វើរបាយការណ៍ និង ជូនយោបល់ជាប្រចាំលើរាល់ការងារចាំបាច់នានាជូនអគ្គនាយកនៃ អគរ
- រៀបចំ តាក់តែង ចងក្រង ថែរក្សានូវបណ្ដាឯកសារនានាតាមការចាំបាច់របស់អគ្គនាយក នៃអគរ
- ត្រួតពិនិត្យបណ្ដាឯកសារ សេចក្ដីព្រាងសំណើ សំណុំលិខិតផ្សេងៗ ឬកំណត់បង្ហាញមតិនានាមុននឹងបញ្ជូនទៅសុំការសម្រេចពីថ្នាក់ដឹកនាំនៃ អគរ
- រៀបចំ គ្រប់គ្រងការងារសវនកម្មផ្ទៃក្នុងអង្គភាពគយនិងរដ្ឋាករ និងបំពេញបេសកកម្មផ្សេងទៀត តាមការកំណត់ជាក់ស្ដែងរបស់អគ្គនាយកនៃ អគរ ។
នាយកដ្ឋានរដ្ឋបាល និងគ្រប់គ្រង
- រៀបចំ និងចាត់ចែងការងារគ្រប់គ្រងមន្ត្រីរាជការគយនិងរដ្ឋាករ ដែលរាប់បញ្ចូលទាំងការគ្រប់គ្រង ស្ថិតិ អនុលោមភាព ការផ្លាស់ប្ដូរ-ផ្ទេរភារកិច្ច និងឋានៈ ការលើកសរសើរ ឬ ដាក់វិន័យ និងការរៀបចំគោលនយោបាយពាក់ព័ន្ធនឹងក្របខ័ណ្ឌបៀវត្សរ៍ ប្រាក់កម្រៃ របបឧបត្ថម្ភ និងរបបសម្រាកលំហែផ្សេងៗ
- រៀបចំនិងចាត់ចែងការងារបណ្ដុះបណ្ដាលមន្ត្រីរាជការគយនិងរដ្ឋាករ ក៏ដូចជាមន្ត្រីរាជការនៃអង្គភាពពាក់ព័ន្ធផ្សេងទៀត ព្រមទាំងផ្នែកឯកជនផងដែរ ក្នុងករណីចាំបាច់
- គ្រប់គ្រងការទទួល ការបញ្ជូន និងការចែកចាយឯកសារផ្លូវការផ្សេងៗ
- ទទួលបន្ទុកការងាររដ្ឋបាលផ្សេងទៀត រាប់បញ្ចូលទាំងការកសាងរបាយការណ៍ ការវាយតំលៃប្រសិទ្ធភាពការងារ និងការចេញលិខិតឧទ្ទេសនាម ឬ លិខិតបញ្ជាបេសកកម្មផ្សេងៗ
- គ្រប់គ្រងស្ថិតិការប្រើប្រាស់អាវុធក្នុងអង្គភាព
- ទទួលខុសត្រូវ គ្រប់គ្រងការងាររបស់ អគរ ពាក់ព័ន្ធនឹងហិរញ្ញវត្ថុ គណនេយ្យ ការចូលរួមកសាង និងត្រួតពិនិត្យការអនុវត្តផែនការចំណូល -ចំណាយ ការទូទាត់នានា ការគ្រប់គ្រងតម្រូវការ ការទិញ ការបែងចែក និងការថែរក្សាសម្ភារ និងបរិក្ខារព្រមទាំងទ្រព្យសម្បត្តិផ្សេងៗរបស់ អគរ
- បំពេញបេសកកម្មផ្សេងទៀត តាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
នាយកដ្ឋានផែនការ បច្ចេកទេស និងកិច្ចការអន្តរជាតិ
- លើកឡើងនូវគោលនយោបាយសមស្រប ពាក់ព័ន្ធនឹងនីតិវិធីនៃការប្រមូលពន្ធនិងអាករ ការកំណត់គោលដៅ ប្រមូលចំណូល និង ការកសាងនូវផែនការមេ និងផែនការសកម្មភាពរបស់អង្គភាពគយនិងរដ្ឋាករ
- គ្រប់គ្រងការកសាង ការស្រាវជ្រាវ និងចូលរួមតាមដានត្រួតពិនិត្យការអនុវត្តបទប្បញ្ញត្តិ និងគោលនយោបាយទាំងឡាយ ដែលពាក់ព័ន្ធនឹកតារាងពន្ធគយ ការកំណត់តម្លៃគិតពន្ធគយ ឬអាករគយលើទំនិញនាំចេញ-នាំចូល កាវិវត្តនៃការកំណត់ដើមកំណើតទំនិញ អោយបានទាន់ពេលវេលា និងស្របតាមការវិវត្តនៃសេដ្ឋកិច្ចជាតិ និងពាណិជ្ជកម្មអន្តរជាតិ ដោយរាប់បញ្ចូលទាំងការកែសម្រួលចំណាត់ថ្នាក់ទំនិញ ការវាយតម្លៃផលប៉ះពាល់ពីការសម្រួល នានា ការកសាងវិធីសាស្ត្រវិភាគ និងគ្រប់គ្រងមន្ទីរពិសោធន៍គយនានា
- កសាង និងគ្រប់គ្រងការអនុវត្តនូវផែនការអភិវឌ្ឍន៍ប្រព័ន្ធព័ត៌មានវិទ្យាគយ ជាពិសេសពាក់ព័ន្ធនឹងការធ្វើស្វ័យប្រវត្តិកម្មនីតិវិធីគយ ព្រមទាំងការគ្រប់គ្រងស្រង់ ប្រមូល និងរក្សាទិន្នន័យស្ថិតិនាំចេញ -នាំចូល ដោយរាប់បញ្ចូលទាំងការគ្រប់គ្រងការប្រើប្រាស់ និង ថែរក្សាប្រព័ន្ធទាំងនោះ
- ស្រាវជ្រាវ និងកែសម្រួលជាប្រចាំនូវបញ្ជីតម្លៃគិតពន្ធឬអាករគយសម្រាប់ពិចារណា លើទំនិញនាំចេញ -នាំចូល តម្លៃរូបិយប័ណ្ណ អត្រាប្ដូរប្រាក់អោយបានសមស្របតាមភាពជាក់ស្ដែង សម្រាប់ជាមូលដ្ឋានពិចារណានិងសម្រេចចិត្តក្នុងការអនុវត្តការងាររបស់អង្គភាពគយ និងរដ្ឋាករមូលដ្ឋាន
- បំពេញតួនាទី ពិនិត្យ និងផ្ដល់យោបល់លើការងារពាក់ព័ន្ធនឹងបច្ចេកទេសគយ ជាពិសេសលើការងារកំណត់តម្លៃគិតពន្ធគយ ដើមកំណើត និងចំណាត់ថ្នាក់ទំនិញ និងចូលរួមធ្វើសវនកម្មលើការងារខាងលើនេះ ព្រមទាំងការងារជម្រះបញ្ជីផ្សេងៗទៀត
- បំពេញតួនាទីជាមជ្ឈមណ្ឌលកិច្ចការអន្តរជាតិ ពាក់ព័ន្ធនឹងវិស័យគយជារួម
- សិក្សា និងវិភាគព័ត៌មានពាក់ព័ន្ធនឹងសេដ្ឋកិច្ច និង ពាណិជ្ជកម្មអន្តរជាតិ ដោយប្រៀបធៀបជាមួយនឹងទិន្នន័យរបស់រដ្ឋបាល គយនៃប្រទេសជាដៃគូពាណិជ្ជកម្មក្នុងតំបន់និងពិភពលោក
- សម្របសម្រួលកិច្ចសហប្រតិបត្តិការជាមួយអង្គការគយពិភពលោក រដ្ឋបាលគយផ្សេងទៀតនិងជាមួយអង្គការនានាដែលពាក់ព័ន្ធនឹងវិស័យគយ
- សម្របសម្រួល និងចូលរួមសហការជាមួយអង្គភាពពាក់ព័ន្ធនៃក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល ក្នុងក្របខ័ណ្ឌ សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ
- ចូលរួមឃ្លាំមើល និងវាយតម្លៃប្រសិទ្ធភាពនៃប្រតិបត្តិការគយ
- បំពេញបេសកកម្មផ្សេងទៀត តាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
នាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស
- សហការកសាងគោលនយោបាយបម្រើអោយការស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធ និងគេចពន្ធគ្រប់ប្រភេទ និងបទល្មើសផ្សេងទៀតទូទាំងដែនគយ
- ចាត់តាំងបណ្ដាញស្រាវជ្រាវសម្ងាត់ និងកម្លាំងពិសេសសម្រាប់ទប់ស្កាត់ និងបង្ក្រាបរាល់អំពើល្មើសច្បាប់គយ និងអំពើល្មើសផ្សេងទៀត
- រក្សាទុកទំនិញ ដែលឃាត់ទុកបណ្តោះអាសន្ន រង់ចាំការសម្រេចវិនិច្ឆ័យជាស្ថាពរពីអង្គការមានសមត្ថកិច្ចនានា និងចាត់ចែងទំនិញទាំងនោះតាមមុខសញ្ញាដែលបានកំណត់
- ចាត់តាំងក្រុមប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធ ធ្វើសកម្មភាពតាមគោលដៅសំខាន់ៗ ចាំបាច់នៅទូទាំងប្រទេស តាមបទបញ្ជាផ្ទាល់របស់អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
- ជាមជ្ឈមណ្ឌលសហប្រតិបត្តិការ និងគ្រប់គ្រង ប្រមូល ចងក្រងរាល់ព័ត៌មានពាក់ព័ន្ធនឹងទំនិញ បុគ្គល មធ្យោបាយដឹកជញ្ជូន និងល្បិចល្មើសគ្រប់ប្រភេទពីបណ្ដាប្រភពក្នុងប្រទេសនិងអន្តរជាតិ ព្រមទាំងធ្វើការវិភាគ និងវាយតម្លៃហានិភ័យលើព័ត៌មានទាំងនេះ សម្រាប់បម្រើអោយការងារ បង្ក្រាបអំពើរត់ពន្ធ និងបទល្មើសផ្សេងទៀតរបស់ស្ថាប័នមានសមត្ថកិច្ច នៃព្រះរាជាណាចក្រកម្ពុជានិងសមភាគីបរទេសផងដែរ
- បំពេញបេសកកម្មផ្សេងទៀត តាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
នាយកដ្ឋានកិច្ចការច្បាប់ សវនកម្ម និងទំនាក់ទំនងសាធារណៈ
- សហការស្រាវជ្រាវ និងផ្ដល់យោបល់ពាក់ព័ន្ធនឹងការកសាងបទប្បញ្ញត្តិគយនានា ព្រមទាំងបទប្បញ្ញត្តិផ្សេងទៀតដែលទាក់ទងទៅនឹងកិច្ចប្រតិបត្តិការគយ
- ទទួលបន្ទុកត្រួតពិនិត្យការអនុវត្តបទប្បញ្ញតិ្តគយនានា ព្រមទាំងបទប្បញ្ញត្តិផ្សេងទៀត ដែលទាក់ទងទៅនឹងកិច្ចប្រតិបត្តិការគយ និងការធ្វើវិសោធនកម្ម ឬ ការកែសម្រួលបទប្បញ្ញត្តិគយ
- ទទួលបន្ទុកពិនិត្យ និងចូលរួមពិនិត្យសំណើសុំបង្កើតភណ្ឌាគារគយមានដែនកំណត់តំបន់រួចពន្ធ សេវាកម្មជើងសាគយ និងបណ្ដាអាជីវកម្មដ្ឋានប្រហាក់ប្រហែល និងចាត់ចែងគ្រប់គ្រងត្រួតពិនិត្យទីកន្លែង និងសេវាកម្មទាំងនេះ ដោយអនុលោមតាមបទប្បញ្ញត្តិច្បាប់ និងកិច្ចសន្យាជាធរមាននានា
- សម្រុះសម្រួលបទល្មើសគយ និងវិវាទផ្សេងទៀត ដោយផ្ដល់យោបល់សម្រាប់បម្រើអោយការវិនិច្ឆ័យរាល់អំពើល្មើសច្បាប់គយនានា ដាក់ជូនអគ្គនាយកនៃ អគរ ពិនិត្យនិងសម្រេចស្របតាមបញ្ញត្តិនៃច្បាប់ស្ដីពីគយ
- ទទួលពិនិត្យ និងវាយតម្លៃនូវរាល់ការតវ៉ានានារបស់ផ្នែកឯកជននានា ក្នុងនាមជាអង្គភាពទំនាក់ទំនងសាធារណៈរបស់ អគរ ក្នុងគោលដៅរក្សាតុល្យភាពរវាងប្រសិទ្ធភាពនៃការអនុវត្តបទប្បញ្ញត្តិច្បាប់ជាធរមាន និងកិច្ចសម្រួលពាណិជ្ជកម្មអន្តរជាតិ
- កសាង និងត្រួតពិនិត្យការអនុវត្តផែនការគ្រប់គ្រងហានិភ័យ ដើម្បីកំណត់មុខសញ្ញាដែលមានហានិភ័យខ្ពស់
- ប្រមូល វិភាគ វាយតម្លៃ និងគ្រប់គ្រងព័ត៌មាន និង ទិន្នន័យពីប្រភពនានាបញ្ចូលក្នុងប្រព័ន្ធគ្រប់គ្រងភាពជឿជាក់លើធុរជន និងប្រព័ន្ធគ្រប់គ្រងលក្ខណៈវិនិច្ឆ័យជ្រើសរើសហានិភ័យ
- តាមដានការអនុវត្តកិច្ចព្រមព្រៀងអន្តរស្ថាប័នជាមួយនឹងភ្នាក់ងាររាជរដ្ឋាភិបាលផ្សេងទៀត ដោយអនុលោមតាមគោលនយោបាយនៃកិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការគ្រប់គ្រងហានិភ័យ
- កសាងផែនការ និងចាត់ចែងធ្វើសវនកម្មលើអាជីវកម្មដ្ឋាន ដែលមានហានិភ័យខ្ពស់នានាតាមការកំណត់របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
- បំពេញបេសកកម្មផ្សេងទៀត តាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
នាយកដ្ឋានរបបគយ
- ចូលរួមរៀបចំគោលនយោបាយគ្រប់គ្រង សកម្មភាពវិនិយោគ និងសកម្មភាព នាំចេញ-នាំចូលទំនិញរបស់អង្គការ ស្ថានទូត ស្ថាប័នរដ្ឋ និងបុគ្គលផ្សេងៗទៀតតាមរបបគយអនុគ្រោះ
- ត្រួតពិនិត្យ និងគ្រប់គ្រងការចេញលិខិតអនុញ្ញាតនាំចេញ-នាំចូលទំនិញតាមរបបគយអនុគ្រោះនានា តាមការកំណត់របស់ អគរ ព្រមទាំងមានភារកិច្ចតាមដានត្រួតពិនិត្យ ការប្រើប្រាស់សម្ភារ បរិក្ខារ និងទំនិញគ្រប់ប្រភេទដែលទទួលបានការអនុគ្រោះនានាតាមទិសដៅដែលបានកំណត់
- ចាត់ចែងត្រួតពិនិត្យជាក្រោយលើប្រតិវេទន៍ និងឯកសារភ្ជាប់ ហើយសរុបលទ្ធផលនិងលើកឡើងនូវវិធានការសមស្របក្នុងករណីចាំបាច់
- បំពេញបេសកកម្មផ្សេងទៀត តាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
នាយកដ្ឋានរដ្ឋាករ
- លើកឡើងនូវគោលនយោបាយពន្ធនិងអាករ ការគ្រប់គ្រងផលិតកម្ម ការនាំចេញ-នាំចូល ការធ្វើចរាចរចែកចាយ ឬការធ្វើសន្និធិផលិតផលតេលសិលា និងផលិតផលជាប់អាករពិសេស ផ្សេងទៀត តាមការកំណត់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- កសាងនូវផែនការមេ និងផែនការសកម្មភាពសម្រាប់អភិវឌ្ឍវិស័យរដ្ឋាករ និងសម្រាប់កិច្ចសម្រួល ពាណិជ្ជកម្មតាមរបបគយនីមួយៗរបស់អង្គភាពគយនិងរដ្ឋាករ
- គ្រប់គ្រង ត្រួតពិនិត្យបែបបទនាំចេញ-នាំចូល ការប្រមូលពន្ធនិងអាករ ការចែកចាយ ការដឹកជញ្ជូន ចរាចរ សនិ្នធិផលិតផលតេលសិលានៅទូទាំងប្រទេស នៅតាមមណ្ឌលឃ្លាំង ឬ អាជីវកម្មដ្ឋានផ្សេងៗ
- គ្រប់គ្រងកិច្ចដំណើរការរបស់បណ្ដាអាជីវកម្មដ្ឋានផលិតទំនិញជាប់អាករពិសេស ហាងលក់ទំនិញរួចពន្ធ ការធ្វើបែបបទភណ្ឌិកាប្រៃសណីយ៍ តាមការកំណត់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងចូលរួមសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ស្រាវជ្រាវ និងបង្ក្រាបបទល្មើសគយពាក់ព័ន្ធនឹងប្រតិបត្តិការអាជីវកម្មទាំងនេះ
- បំពេញបេសកកម្មផ្សេងទៀត តាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នាយកដ្ឋានគ្រប់គ្រងតំបន់រួចពន្ធ
- ចូលរួមរៀបចំគោលនយោបាយគ្រប់គ្រងកិច្ចដំណើរការតំបន់រួចពន្ធនានា នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសបណ្ដាតំបន់សេដ្ឋកិច្ចពិសេសទាំងអស់ ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ជាធរមាន ការអនុវត្តល្អបំផុតជាអន្តរជាតិ និងអនុសញ្ញាទីក្រុងក្យូតូស្ដីពីការធ្វើអោយសាមញ្ញ និងស៊ីចង្វាក់នៃនីតិវិធីគយ សំដៅធានាអោយបាននូវភាពរលូនរហ័សក្នុងការបំពេញបែបបទលើទំនិញចេញ និងចូលតំបន់ទាំងនេះ
- ចូលរួមពិនិត្យជាមួយគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា លើសំណើសុំអនុញ្ញាតនាំចូលឧបករណ៍ សម្ភារបរិក្ខារ និងទំនិញផ្សេងទៀត សម្រាប់ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធតំបន់សេដ្ឋកិច្ចពិសេសរបស់អ្នកអភិវឌ្ឍន៍តំបន់
- សម្របសម្រួលអោយមានការចូលរួមប្រកបដោយប្រសិទ្ធភាពរបស់មន្ត្រីគយ និងរដ្ឋាករមានសមត្ថកិច្ចប្រចាំការជាអចិន្ត្រៃយ៍ ជាមួយរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស ក្នុងការពិនិត្យនិងសម្រេចនៅនឹងកន្លែងនូវការលើកទឹកចិត្តលើការនាំចូលសម្ភារបរិក្ខារផលិតកម្ម សម្ភារសាងសង់ និងធាតុចូលផលិតកម្មផ្សេងទៀតរបស់អ្នកវិនិយោគក្នុងតំបន់
- គ្រប់គ្រង ត្រួតពិនិត្យ និងផ្ទៀតផ្ទាត់អនុលោមភាព នៃការអនុវត្តភារកិច្ច និងកាតព្វកិច្ចរបស់អ្នកអភិវឌ្ឍន៍តំបន់ និងអ្នកវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្នុងពេលសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងមូលដ្ឋានផលិតកម្ម និងក្នុងពេលធ្វើអាជីវកម្ម
- គ្រប់គ្រង និងដឹកនាំបញ្ជាតាមឋានានុក្រមដោយផ្ទាល់លើអង្គភាពគយនិងរដ្ឋាករមានសមត្ថកិច្ចប្រចាំការតាមតំបន់រួចពន្ធឬ តំបន់សេដ្ឋកិច្ចពិសេស
- បំពេញបេសកកម្មផ្សេងទៀត តាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។