នាព្រឹក ថ្ងៃច័ន្ទ ១២ រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម​​បណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល​​ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អមដោយថ្នាក់ដឹកនាំនិងមន្ត្រីនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខនិងនាំ​យកអំណោយឧបត្ថម្ភដល់អង្គការផ្ទះបាយកុមារ ស្ថិត​នៅក្នុងសង្កាត់បឹងកេងកង៣ ​ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមការលើកឡើងរបស់លោក ង៉ូវ ឈីវ ប្រធានអង្គការផ្ទះបាយកុមារ  អង្គការនេះបាននិងកំពុងទទួលកុមារប្រមាណពី៣០០ ទៅ៣៥០នាក់ ក្នុងមួយថ្ងៃៗមកទទួលយកអាហារមួយចម្អែត សម្រាកលេង (មិនស្នាក់នៅជាអចិន្ត្រៃយ៍) អាន សរសេរ កាត់សក់​ កាត់ក្រចក និងងូតទឹកសម្អាតខ្លួន។ បច្ចុប្បន្នដោយសារវិបត្តិជំងឺកូវីដ ១៩ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាតត្បាតក្នុងសហគមន៍ អង្គការផ្ទះបាយកុមារបានផ្អាកដំណើរការចម្អិនអាហារជូនកុមារដូចសព្វដង ប៉ុន្តែបានចែកជាគ្រឿងឧបភោគបរិភោគ ជូនដល់កុមារៗដែលមកដល់អង្គការ និងនៅតាមកន្លែងស្នាក់នៅជំនួសវិញ។ លើសពីនេះអង្គការក៏មានបេសកកម្មជួយជំរុញនិងលើកទឹកចិត្តឱ្យកុមារចូលរៀននៅសាលារដ្ឋផងដែរ។ ទន្ទឹមនេះ លោក ង៉ូវ ឈីវ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិត គុណ ញឹម និងសហការី ដែលបានយកអំណោយឧបត្ថម្ភដល់អង្គការផ្ទះបាយកុមារសម្រាប់ចែកជូនដល់កុមារ​​ចំនួន ៦០ នាក់ និងសម្រាប់ទុកចែកជូនកុមារ​ប្រមាណ ៣០០ នាក់ទៀតនាថ្ងៃបន្តបន្ទាប់ ព្រមទាំងជូននាយកគ្រប់គ្រង បុគ្គលិកបម្រើការ និងយុវជនស្ម័គ្រចិត្តនៅផ្ទះបាយកុមារចំនួន ២៧ រូប ជា​​គ្រឿងឧបភោគ​បរិភោគ សម្ភារសម្អាត និងថែរក្សា​អនាម័យ រួមមាន អង្ករ ២០ បាវ, មី ១០ កេសធំ, ស្ករស ២បាវ, ទឹកស៊ីអ៊ីវ ១០យួរ, ទឹកត្រី ១០ យួរ, ប្រេងឆា ១០ដប​ (៥លីត្រ), ស្ករស ២ បាវ (៥០ គីឡូក្រាម), ភេសជ្ជៈ ១០ កេស, សាប៊ូម្សៅ ៥ កេស,  សាប៊ូដុំលាង​ដៃ ២កេស, ភេសជ្ជៈ ១០ កេស, អាល់កុល ២ កាន (ស្មើនឹង ៦០លីត្រ), ម៉ាស់ ៥០០ បន្ទះ,  ប្រដាប់វាស់សីតុណ្ហភាព ១ គ្រឿង, ប្រេងកូឡា ៣៦ដប ព្រម​ទាំង​ថវិកាមួយចំនួនផងដែរ ។

នាឱកាសនេះ ឯកឧត្តមបណ្ឌិត គុណ ញឹម បានគូសបញ្ជាក់ថា ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅមិនទាន់ថមថយនៅឡើយក្នុងប្រទេសជាច្រើនទាំងក្នុងតំបន់និងពិភពលោកទាំងមូល បើទោះបីរលកទី១នៃការរាតត្បាតជំងឺកូវីដ-១៩ នៅកម្ពុជាត្រូវបានបញ្ចប់តាមរយៈការព្យាបាលឱ្យជាសះស្បើយទាំងស្រុងនៃអ្នកជំងឺកូវីដ-១៩ ទាំង១២២នាក់កន្លងមកថ្មីៗក្តី ក៏ជំងឺនេះនៅតែជាការគម្រាមនិងអាចបង្កជាហានិភ័យដល់ប្រទេសកម្ពុជាដដែល ប្រសិនបើពលរដ្ឋកម្ពុជា ក៏ដូចជាក្មួយៗកុមារដ៏កំសត់ដែលកំពុងមានវត្តមាននៅទីនេះ មានការធ្វេសប្រហែស មិនយកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានការនិងការណែនាំនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដូចជាការលាងដៃឱ្យបានញឹកញាប់ ការរក្សាអនាម័យផ្ទាល់ខ្លួននៅពេលក្អកឬកណ្តាស់ ការរក្សាគម្លាតសុវត្ថិភាពសង្គមនិងបុគ្គល ការពាក់ម៉ាស់ក្នុងករណីចាំបាច់ ចៀសវាងទីកន្លែងជួបជុំដែលមានមនុស្សច្រើនកុះករ និងការផ្អាកការផ្លាស់ទីឆ្លងដែនខុសច្បាប់របស់បងប្អូនពលករទៅប្រទេសជិតខាង ជាដើម។

សូមបញ្ជាក់ជម្រាបជូនថា អង្គការផ្ទះបាយកុមារគឺជាគោលដៅទី៤ នៃការផ្តល់ជំនួយឧបត្ថម្ភរបស់មូលនិធិសប្បុរសធម៌ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីជួយទ្រទ្រង់ដល់ជនទ័លក្រ កុមារកំព្រា ជនងាយរងគ្រោះ និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធតូចតាចដែលរងផលប៉ះពាល់ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩៕

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត