នាព្រឹកថ្ងៃពុធ ១៣កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០   នៅបន្ទប់ប្រជុំអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាជាន់ទី១៨ ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា​(អគរ) បានអនុញ្ញាតឱ្យលោក Anthony Maguire មន្រ្តីជាន់ខ្ពស់នៃសហព័ន្ធនគរបាលអូស្រ្តាលី (Australian Federal Police-AFP) នៃស្ថានទូតអូស្រ្តាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា (Australian Embassy) ចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងអគរ និងសហព័ន្ធនគរបាលអូស្រ្តាលី។

ក្នុងជំនួបនេះ លោក Anthony Maguire បានកោតសរសើរអគរ ក្នុងការខិតខំប្រឹងប្រែងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងដែលបង្កឡើងដោយឧក្រិដ្ឋកម្មឆ្លងដែន។ ទន្ទឹមនេះ ឯកឧត្តមប្រតិភូបានលើកឡើងថាជំនួបពិភាក្សានេះ ជាជំនួបលើកដំបូង និងបានស្វាគមន៍

នូវគំនិតផ្តួចផ្តើមរបស់លោក Anthony Maguire លើកិច្ចសហការផ្នែកបង្ការ និងបង្រ្កាបបទល្មើស រវាងអគរ និង AFP ជាពិសេសលើការបង្រ្កាបបទល្មើសជួញដូរគ្រឿងញៀន ទំនិញនិងឱសថក្លែងក្លាយ សត្វព្រៃ ទំនិញខុសច្បាប់ ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មជាដើម។​

បន្ថែមលើនេះ ឯកឧត្តមប្រតិភូបានចាត់មន្ត្រីនៃនាយកដ្ឋានសហប្រតិបត្តិការគយអន្តរជាតិជាមន្រ្តីទំនាក់ទំនងជាមួយ AFP និងបានសន្យានឹងបន្តពង្រឹង​ និងពង្រីកកិច្ចសហប្រតិបត្តិការរវាងអគរ និងសហព័ន្ធនគរបាលអូស្រ្តាលី ។

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត