នាព្រឹក ថ្ងៃសៅរ៍ ១០ រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម​បណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល​​ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) អមដោយថ្នាក់ដឹកនាំនិងមន្ត្រីនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខកុមារកំព្រា នៅអង្គការបេសកកម្មសុខុមាលភាពសង្គមកម្ពុជា (ប.ស.ក) ស្ថិត​នៅក្នុងសង្កាត់ទឹកល្អក់ទី៣ ​ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត គុណ ញឹម បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងបន្តអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាព ដោយបានទប់ស្កាត់ការឆ្លងរាតត្បាតក្នុងសហគម បានព្យាបាលអ្នកជំងឺទាំង១២២នាក់ជាសះស្បើយទាំងស្រុង និងពុំមានតួលេខអ្នកឆ្លងថ្មីក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។ ប៉ុន្តែស្ថានការណ៍នៃការរីករាលដាលជំងឺនេះស្ថិតក្នុងភាពផុយស្រួយនៅឡើយ ដែលទាមទារឱ្យពលរដ្ឋគ្រប់រូប រួមទាំងកុមារកំព្រា និងបុគ្គលិកទាំងអស់ក្នុងអង្គការ ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការអនាម័យផ្ទាល់ខ្លួននានា ដែលបានណែនាំដោយក្រសួងសុខាភិបាល។ ការឧបត្ថម្ភថ្ងៃនេះជាផ្នែកមួយនៃការចូលរួមទ្រទ្រង់ដល់កិច្ចដំណើរការ ក៏ដូចជាការចូលរួមលើកទឹកចិត្តដល់បុគ្គលិកស្ម័គ្រចិត្ត និងកុមារកំព្រាដែលកំពុងបំពេញភារកិច្ច និងស្នាក់នៅអង្គការបេសកកម្មសុខុមាលភាពសង្គមកម្ពុជា (ប.ស.ក) ដោយអាចដោះស្រាយ​ការខ្វះខាត និងតម្រូវការជាមូលដ្ឋានផ្សេងៗរបស់ ប.ស.ក បានមួយគ្រា ជាពិសេសក្នុងគ្រាដ៏លំបាកនៃការរាតត្បាតជម្ងឺកូវីដ ១៩ ដែលបាននិងកំពុងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់កម្ពុជា និងពិភពលោកទាំងមូល។

អំណោយដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាំមកជូនអង្គការបេសកកម្មសុខុមាលភាពសង្គមកម្ពុជា (ប.ស.ក) នាថ្ងៃនេះ សម្រាប់ចែកជូនដល់កុមារ​​ចំនួន ៥៨ រូប នាយក​គ្រប់គ្រងនិង​បុគ្គលិកបម្រើការ​ក្នុង​អង្គការ​ចំនួន ១៣ រូប ជា​​គ្រឿងឧបភោគ​បរិភោគ និង​សម្ភារសម្អាត និងថែរក្សា​អនាម័យ រួមមានដូចជា អង្ករ ១០ បាវ, មី ២ កេសធំ, ត្រី​ខ ១ កេសធំ, ទឹកស៊ីអ៊ីវ ៥ យួរ, ទឹកត្រី ៥ យួរ, ប្រេងឆា ៥ លីត្រ, ស្ករស ២ បាវ (៥០ គីឡូក្រាម), ភេសជ្ជៈ ១០ កេស, សាប៊ូម្សៅ ២ កេស,  សាប៊ូដុំលាង​ដៃ ១ កេស, សាប៊ូម្សៅ ៣ កញ្ចប់, ទឹកបរិសុទ្ធ២០កេស, ភេសជ្ជៈ ១០ កេស, ទឹកដោះស្រស់ ៤កេស ,ទឹកដោះគោខាប់១កេស,ប្រេងខ្យល់និងប្រេងកូឡា ១កេស ,ក្រម៉ា ៧០,  អាល់កុល ១ កាន (ស្មើនឹង ៣០ លីត្រ), ម៉ាស់ ៥០០ បន្ទះ,  ប្រដាប់វាស់សីតុណ្ហភាព ១ គ្រឿង ព្រម​ទាំង​ថវិកាមួយចំនួនផងដែរ។

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត