គណៈ​ប្រតិភូ​អគ្គនាយកដ្ឋានគយ​​​និងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដឹកនាំដោយឯកឧត្តម​បណ្ឌិត គុណ ញឹម អគ្គនាយក​​​នៃ​​​អគ្គនាយកដ្ឋានគយ​​​និង​​​រដ្ឋាករកម្ពុជាបានអញ្ជើញទៅចូលរួមកិច្ចប្រជុំអគ្គនាយក​គយ​អាស៊ី-អឺរ៉ុប លើកទី១២ ដែ​ល​​​បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧​ នៅ​ទីក្រុងប៊ែកឡាំងប្រទេសអាល្លឺម៉ង់។ កិច្ចប្រជុំនេះ     ដឹ​កនាំដោយ​ឯកឧត្តម​បណ្ឌិត Michael Meister អគ្គនាយករងរដ្ឋបាលគយអាល្លឺម៉ង់នៃក្រសួងហិរញ្ញវត្ថុ​ ដែលមានការ​ចូលរួម​របស់អគ្គនាយក និង​គណៈប្រតិភូ​រដ្ឋបាលគយ​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​នៅក្នុងទ្វីបអាស៊ី និ​ង​ទ្វីប​អឺរ៉ុប​ចំនួ​​​ន​​​៤៥ប្រទេស (អាស៊ី១៨ និងអឺរ៉ុប២៧) ព្រមទាំងមានវត្តមានមន្រ្តីជាន់ខ្ពស់របស់លេខាធិការដ្ឋាន សហគមន៍អឺរ៉ុប ​(Europe​an Commission)និងអង្គការគយពិភពលោក (WCO)ចូលរួមផងដែរសរុបប្រមាណ ១៤០រូប។ ជាលទ្ធផល អង្គប្រជុំបាន​ពិភាក្សា​​និងអនុម័តលើ​ការងារសំខាន់ៗមួយចំនួនរួមមាន៖

១) ​វ​ឌ្ឍនភាព​​ការងារនៃការអនុវត្តផែនការឆ្នាំ២០១៦​-២០១៧ របស់ក្រុមការងារ​សម្រប​សម្រួល​​​​​គយ​អាស៊ី-អឺរ៉ុប ស​​ម្រេ​​ច​បានកន្លងមកស្រប​តាម​កញ្ចប់ការងារ​​អាទិភាពទាំងប្រាំ​ ដែលបានអនុម័តកាលពី​កិច្ចប្រជុំ​​អគ្គនាយកគយអាស៊ី-អឺរ៉ុប​​លើក​​​ទី១១ ឆ្នាំ២០១៥ នៅក្រុងហ្គរ័ ប្រទេសឥណ្ឌា មាន​​ដូចជា៖ i)កិច្ចសម្រួលពាណិជ្ជ​កម្ម​និងសន្តិសុខចង្វាក់ផ្គត់ផ្គង់ ii)ការ​ប្រ​យុ​​ទ្ធ ប្រឆាំងទំនិញក្លែងក្លាយ​​និងបទ​​​​​ល្មើស​​កម្មសិទ្ធបញ្ញា iii)កិច្ចការពារសង្គមនិងបរិស្ថាន iv)កិច្ចសហការជាមួយ​​​​វិស័យឯកជន និង v)ការពង្រឹងទំនាក់ទំនងការងារនិងយន្តការផ្សព្វផ្សាយលទ្ធផលការងារសម្រេចបានក្នុងក្របខណ្ឌអាស៊ីនិងអឺរ៉ុប។

២) បញ្ចប់សកម្មភាពការងារចំនួន០៤ នៃផែនការឆ្នាំ២០១៦-២០១៧​ដូចជា៖ i)ប្រតិបត្តិករសេដ្ឋកិច្ចមាន​ការអនុញ្ញា​ត(AEO) ii)សុវត្ថិភាពផលិតផល ​iii)កំណត់ត្រាបញ្ជីឈ្មោះអ្នកដំណើរ និង​ iv)ការចងក្រងសៀវភៅមគ្គុទេសក៍​និងប្រព័ន្ធស្ថិតិ​ពាក់ព័ន្ធ​នឹង​​ទំនិញជាប់កម្មសិទ្ធបញ្ញា។

៣) បន្តអនុវត្តផែនការសកម្មភាពចាស់ដែលមិនទាន់បានបញ្ចប់និងដាក់បន្ថែមនូវ​​​ផែនការ​សកម្មភាពថ្មី​ទៀត​សម្រាប់​ឆ្នាំ​២០១៨-២០១៩ ដែលជារួមមាន០៨៖ i)កិច្ចសម្រួលពាណិជ្ជកម្មនិងនីតិវិធីគយ ii)ការសម្របសម្រួលប្រតិបត្តិការគយ​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម iii)ការគ្រប់គ្រងច្រកពាណិជ្ជកម្មអេឡិចត្រូនិចឆ្លងកាត់ព្រំដែនរបស់រដ្ឋបាលគយ iv)ការតភ្ជាប់និងការ​ដឹក​ជញ្ជូន​ឆ្លងកាត់ v)បញ្ជរតែមួយសម្រាប់ការបញ្ចេញទំនិញបានរហ័ស ការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងការធ្វើបូរណកម្ម​នៃ​​ការ​គ្រប់គ្រង​ហានិភ័យ vi)ការធ្វើប្រតិបត្តិការរួមគ្នាក្នុងការពិនិត្យលើទំនិញប្រើប្រាស់ប្រចាំថ្ងៃដូចជា៖ ផលិតផលគ្រឿងសម្អាង គ្រឿង​ក្រអូប ផលិតផល​អនាម័យ ផលិតផលសម្អាតផ្ទះសម្បែង ចំណីអាហារ និងគ្រឿងភេសជ្ជសុខភាព vii)ការពង្រឹង​អនុលោមភាព​​លើកញ្ចប់ប្រៃសណីយ៍នៅ​​មាត់ច្រកទ្វារ​ព្រំដែនអន្តរជាតិ និងviii)ការជំរុញយន្តការផ្សព្វផ្សាយ​លទ្ធផលការងារ​ពាក់ព័ន្ធ​នឹង​​អាស៊ី​និ​ង​​អឺរ៉ុប។

៤)បន្តពង្រឹងការអនុវត្តកញ្ចប់ការងារអាទិភាព​ទាំង​​​០៥ ដូចកិច្ចប្រជុំអគ្គនាយកគយមុនៗដដែល។​

៥)រដ្ឋបាលគយអាស៊ី-អឺរ៉ុបត្រូវ​ពង្រឹងកិច្ចសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ជាតិ​និងអន្តរ​ជាតិ​​​ពាក់ព័ន្ធនឹង​ការ​អនុវត្តនូវតួនាទីរបស់ខ្លួន ជាពិសេសការផ្តល់នូវកិច្ច​សម្រួលពាណិជ្ជកម្មដល់ធុរជនល្អ​បំផុត និង​ធានាបាននូវ​កិច្ច​ការពារ​សង្គម​និងបរិស្ថានបានល្អប្រសើរ។

ក្នុងកិច្ចប្រជុំនេះ គណៈប្រតិភូគយកម្ពុជានិងរដ្ឋបាលគយឆេកដែលជាប្រទេសសម្របសម្រួលផែនការ​សកម្មភាព​​​ទី​៤ ស្តីពី“សុវត្ថិភាពផលិតផល”បានធ្វើបទឧទ្ទេសនាមរួមគ្នាបង្ហាញអំពីលទ្ធផលសម្រេចបាន ហើយដែល​ផែនការ​នេះទើបនឹង​ត្រូវ​​​បា​ន​​បញ្ចប់។

ឆ្លៀតក្នុងឱកាសនេះដែរ គណៈប្រតិភូគយកម្ពុជាក៏បានជួបពិភាក្សាការងារជាមួយ​នឹង​គណៈប្រតិភូ​គយ​ជ​ប៉ុន​​ក្នុង​គោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីមានដូចជា ការរៀបចំគម្រោងផ្តល់ជំនួយរបស់​​​​ជប៉ុនផ្តល់ជូន​រដ្ឋបាលគយ​​កម្ពុ​ជា​រួមមាន៖ i)ការអភិវឌ្ឍនិងអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ ii)ការផ្តល់នាវា​ល្បាត​សមុទ្រ​ចំនួនពីរគ្រឿង​ iii)ការត្រៀម​អនុ​វ​ត្ត​​ការសិក្សារយៈពេលបញ្ចេញទំនិញពីគយលើកទី២ (Time Release Study) និង iv)ការរៀបចំសេចក្តីព្រាង​អនុស្សរណៈ​យោគយល់គ្នារវាងរដ្ឋបាលគយទាំងពីរ ជាពិសេសការពង្រឹងសមត្ថភាពចំណេះដឹង​និងការបណ្ដុះបណ្ដាល​ធនធាន​មនុស្សដល់​មន្រ្តីគយកម្ពុជា។

អង្គប្រជុំបានបញ្ចប់ក្រោមបរិយាកាសរីករាយនិងស្និទ្ធស្នាល​ និងបានធ្វើការវាយតម្លៃខ្ពស់​លើកិច្ចសហប្រតិបត្តិ​ការ​​​ល្អ​កន្លងមករវាងរដ្ឋបាល​គយ​​​​ទាំងពីរ​​​​តំបន់ក្នុងកិច្ចខិតខំ​ប្រឹងប្រែងធ្វើសមាហរ​ណកម្មសេដ្ឋកិច្ចដោយ​គិតផលប្រយោជន៍​រួម​គ្នាទៅ​វិញទៅមក​ ព្រមទាំងបានឯកភាពចេញសេចក្តីប្រកាសប៊ែកឡាំង (Berlin Declaration)នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧

photo_2017-10-20_11-55-26 photo_2017-10-20_11-55-30 photo_2017-10-20_11-55-01 photo_2017-10-20_11-55-48photo_2017-10-20_11-55-48

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត