នាព្រឹកថ្ងៃពុធ ០៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) មានប្រារព្ធកិច្ចប្រជុំបូកសរុបការងារគយនិងរដ្ឋាកររយៈពេល ៩ខែ ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល​​ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយមានការចូលរួម ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃអគ្គនាយកដ្ឋាន​គយនិងរដ្ឋាករកម្ពុជា។

​ ឯកឧត្តមបណ្ឌិត គុណ ញឹម  បាន​​គូសបញ្ជាក់ ថា សម្រាប់៩ខែ ឆ្នាំ២០១៩ ចំណូលសរុបមានប្រមាណជាង ៩.៧ ទ្រីលាន​រៀល (ប្រមាណ ២,៣៩១ លានដុល្លារអាមេរិក) កើនឡើងប្រមាណ ៣៥% ធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨។ លទ្ធផលចំណូលនេះត្រូវប្រមាណជា ១០៦% នៃផែនការឆ្នាំ ដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។ បើប្រៀបធៀបរយៈពេលដូចគ្នា​ឆ្នាំ២០១៨ លទ្ធផល​ចំណូលតាមប្រភេទពន្ធនិងអាករសំខាន់ៗដែលប្រមូលដោយគយមានកំណើនគួរឱ្យកត់សម្គាល់ ក្នុងនោះពន្ធគយ (ពន្ធនាំចូល)មានកំណើនជិត៣៨%, អាករពិសេសកើនប្រមាណ ៣៩%  និងអាករលើតម្លៃបន្ថែម(VAT)​កើនជាង៣២%។ គួរបញ្ជាក់ថា មុខទំនិញជាប្រភពចំណូល​សំខាន់ៗ​រួមមាន (១)យានយន្ត​និងគ្រឿងចក្រ គ្របដណ្តប់ប្រមាណជាង ៥២% នៃចំណូលសរុប, (២)ប្រេងឥន្ធនៈនិងថាមពលប្រមាណជិត ១៧%​ នៃចំណូលសរុប និង(៣)ទំនិញចម្រុះនិងគ្រឿងសំណង់មានប្រមាណ ២៩.៥% នៃចំណូលសរុប។ លទ្ធផល​ដ៏ល្អប្រសើរនេះ គឺ​បាន​មកដោយសារ​កម្ពុជា​មាន​ស្ថិរភាព​នយោបាយ, ការអនុវត្តកម្មវិធីកែទម្រង់របស់ អគរ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រ ​កែទម្រង់មុតស្រួចរបស់​រាជរដ្ឋាភិបាល, ការពង្រឹង​អភិបាល​កិច្ច​ផ្ទៃក្នុង​របស់​អង្គភាព​គយ និង​ការយល់ដឹងកាន់តែទូលាយក្នុងការអនុវត្តកាតព្វកិច្ចពន្ធអាកររបស់ធុរជនពាក់ព័ន្ធ។

ដើម្បីឱ្យការប្រមូលពន្ធនិងអាករឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលកាន់តែល្អប្រសើរបន្ថែមទៀត ឯកឧត្តមប្រតិភូបានណែនាំឱ្យមន្ត្រីគយនិងរដ្ឋាករខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត ក្នុងការ​បំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវវិជ្ជាជីវៈ និងបានរំលឹកមតិណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយនិងរដ្ឋាករប្រចាំឆមាសទី១ឆ្នាំ២០១៩កន្លងមក។ លើសពីនេះ ឯកឧត្តមប្រតិភូ បានណែនាំបន្ថែមដោយសង្កត់ធ្ងន់ និងត្រូវយកចិត្តទុកដាក់ខ្ពស់ជាប្រចាំលើការងារជំនាញសំខាន់ៗមួយចំនួនដូចជា ការពង្រឹងប្រសិទ្ធភាពនៃការងារបច្ចេកទេសគយ, អនុវត្តបន្តដូចភ្លៀងរលឹម ការងារបង្ការនិង​បង្រ្កាបអំពើរត់គេចនិងបន្លំពន្ធ, ការធ្វើសាមញ្ញកម្មនីតិវិធីគយនិងកែលម្អសេវាគយបន្ថែមទៀត, ការអនុវត្តនីតិវិធីបំពេញបែបបទគយ​មុនពេលទំនិញមកដល់, ជំរុញបញ្ចប់ យុទ្ធសាស្រ្តនៃ ការអនុវត្តច្បាប់ និងយុទ្ធសាស្រ្តប្រើប្រាស់​បច្ចេកវិទ្យាព័ត៌មាន និង ការកសាងផែនការសកម្មភាព អគរ ឆ្នាំ២០២០ ជាដើម។

photo_2019-10-16_11-14-12

photo_2019-10-16_11-14-01

photo_2019-10-16_11-22-19

photo_2019-10-16_11-15-35

photo_2019-10-16_11-14-42

photo_2019-10-16_11-17-19

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត