នា ថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ០៨:០០ព្រឹក ដល់ម៉ោង ០៥:០០ ល្ងាច សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានរៀបចំវេទិកាស្តីពីគយកម្ពុជាលើកទី១ នៅសណ្ឋាគារភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​នៃអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា និង​ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា។​ វេទិកានេះដំណើការទៅបានមាន​ការសហការ​គាំទ្រ សំខាន់ៗពី សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលមាន ឧកញ៉ា គួច ផេង ជាប្រធាន និង អង្គការបណ្តាញសហគ្រិនភាពសកលកម្ពុជា ដែលមាន ឧកញ៉ា សុខ ពិសិដ្ឋ ជាប្រធាន ជាពិសេសមានការឧបត្ថម្ភពីក្រុមហ៊ុន G Gear Group ផលិត ផល LG  ក្រុមហ៊ុន Advanced Glory Logistics និង ក្រុមហ៊ុន Triumph Link។ វេទិកានេះមានវត្ថមាន សមាជិក សមាជិកាផ្នែកឯកជនសំខាន់ៗ មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និង​ សិក្ខាកាមចំនួន​១៥០ នាក់មកពីក្រុមហ៊ុនសហគ្រាសពាក់ព័ន្ធនានា។

ថ្លែងទៅកាន់អ្នកចូលរួមក្នុងវេទិកា អ្នកឧកញ៉ា គិត ម៉េង បានកត់សម្គាល់នូវសារៈសំខាន់នៃយន្តការដៃគូគយ-ផ្នែកឯកជនដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១០ និងបានធ្វើការវាយតម្លៃខ្ពស់នូវវិធានការជាបន្តបន្ទាប់ដែលអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានដាក់ចេញ ដើម្បីកែលម្អបរិយាកាសធុរកិច្ចនៅកម្ពុជា។ ទន្ទឹមនេះ ឯកឧត្ដមបណ្ឌិត គុណ ញឹម បានគូសបញ្ជាក់ពីសារៈសំខាន់នៃវេទិកានេះក្នុងការចូលរួមចំណែកក្នុង ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម ក៏ដូចជាបង្កើនអនុលោមភាពរបស់វិស័យឯកជន តាមរយៈការបញ្ជ្រាបការយល់ដឹងរបស់វិស័យឯកជន នូវប្រធានបទពាក់ព័ន្ធនឹងបច្ចេកទេសគយ និងនីតិវិធីបំពេញបែបបទបញ្ចេញទំនិញពីគយមួយចំនួន។

ក្នុងវេទិកានោះដែរ ក៏មានការធ្វើបទបង្ហាញដោយមន្ត្រីគយនិងរដ្ឋាករ ស្តីពីនីតិវិធីបំពេញបែបបទគយមុនពេលទំនិញមកដល់, ការបង់ពន្ធអាករតាមមធ្យោបាយអេឡិចត្រូនិច (e-payment), ចំណាត់ថ្នាក់ទំនិញ និង ការអនុវត្តអត្រាពន្ធអនុគ្រោះក្រោមក្របខណ្ឌពាណិជ្ជកម្មសេរី ព្រមទាំងកិច្ចពិភាក្សាចោទឆ្លើយពីបញ្ហានានាពាក់ព័ន្ធនឹងការអនុវត្តនីតិវិធីទាំងនេះផងដែរ។

កម្មវិធីវេទិកាស្ដីពីគយកម្ពុជាលើកទី១នេះត្រូវបានបញ្ចប់ទៅនៅម៉ោង ១៧:០០ ល្ងាចថ្ងៃដដែលក្រោមបរិយាកាសស្និទស្នាល និងការយកចិត្តទុកដាក់ខ្ពស់ ប្រកបដោយការចូលរួមយ៉ាងផុលផុសពីតំណាងវិស័យឯកជនដែលបានចូលរួម។

1

2

3

4

5

6

7

8

9

10

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត