នារសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសណ្ឋាគារសាន់វ៉េ មានរៀបចំកិច្ចប្រជុំលើកទី២របស់ក្រុមអនុវត្តគម្រោងបញ្ជរតែមួយជាតិក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជាអនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ និងជាប្រធានក្រុមអនុវត្តគម្រោងបញ្ជរតែមួយជាតិ ដោយមានការអញ្ជើញចូលរួមពីសមាសភាពអនុប្រធាន និងសមាជិកនៃក្រុមអនុវត្តគម្រោង ដែលជាមន្រ្តីតំណាងក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធរួមមាន ក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រសួងរ៉ែនិងថាមពល ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ធនាគារជាតិនៃកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ អ្នកជំនាញនៃក្រុមហ៊ុនជាប់កិច្ចសន្យាទទួលអនុវត្តគម្រោង vCargo Cloud Pte Ltd (VCC) ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីគយនិងរដ្ឋាករ សរុបប្រមាណចំនួន ៦០ នាក់។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីសិក្ខាសាលាស្តីពីការបង្ហាញមុខងារប្រព័ន្ធ (System Demonstration) ពាក់ព័ន្ធនឹងការចេញអាជ្ញាប័ណ្ណ វិញ្ញាបនបត្រ ឬលិខិតអនុញ្ញាត ក្នុងប្រព័ន្ធបញ្ជរតែមួយជាតិដំណាក់កាលទី២ បានប្រព្រឹត្តទៅរយៈពេលមួយព្រឹក នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នេះផងដែរ។ គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីតាមដានវឌ្ឍនភាពការអភិវឌ្ឍប្រព័ន្ធបញ្ជរតែមួយជាតិដំណាក់កាលទី២ និង បន្តពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូលបន្ថែមលើការងារពាក់ព័ន្ធនឹងប្រព័ន្ធបញ្ជរតែមួយជាតិដំណាក់កាលទី២។ ទន្ទឹមនេះ កិច្ចប្រជុំ ក៏បានពិនិត្យការបង្ហាញមុខងារនៃប្រព័ន្ធបញ្ជរតែមួយជាតិដំណាក់កាលទី២នេះ ដែលក្រុមហ៊ុន VCC បានអភិវឌ្ឍរួចស្របតាមការអនុវត្តល្អជាអន្តរជាតិ។
ឯកឧត្តមបណ្ឌិតប្រតិភូរាជរដ្ឋាភិបាល បានវាយតម្លៃខ្ពស់អំពីលទ្ធផលការងារដែលសម្រេចបាននាពេលកន្លងមក និងបានស្នើឱ្យតំណាងក្រសួង-ស្ថាប័នជំនាញទាំងអស់ត្រៀមខ្លួនចូលរួមធ្វើការសាកល្បងប្រើប្រាស់ប្រព័ន្ធបញ្ជរតែមួយជាតិដំណាក់កាលទី២នេះ ដែលនឹងចាប់ផ្តើមក្នុងអំឡុងចុងខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ និងបានស្នើឱ្យក្រុមការងារពិនិត្យទិដ្ឋភាពច្បាប់ដើម្បីគាំទ្រដល់ការអនុវត្តគម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី២។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមក៏បានលើកឡើងពីការណែនាំរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីក្នុងការស្នើជំរុញពន្លឿនការងារអភិវឌ្ឍន៍ប្រព័ន្ធបញ្ជរតែមួយជាតិ ឲ្យបញ្ចប់បានឆាប់តាមដែលអាចធ្វើទៅបានដើម្បីឲ្យទាន់សភាពការណ៍នៃការកែទម្រង់ថ្មីៗពាក់ព័ន្ធនឹងកិច្ចសម្រួលពាណិជ្ជកម្មនៅតាមព្រំដែន។ ជាកិច្ចបញ្ចប់ ឯកឧត្តមបណ្ឌិតប្រតិភូរាជរដ្ឋាភិបាល ក៏បានថ្លែងអំណរគុណដល់តំណាងក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ ដែលបានសហការនិងការគាំទ្រជាវិជ្ជមាននាពេលកន្លងមក និងបានណែនាំឱ្យសមាជិកនៃក្រុមអនុវត្តគម្រោងបញ្ជរតែមួយជាតិទាំងអស់ បន្តប្រឹងប្រែងចូលរួមសហការឱ្យបានសកម្មបន្ថែមទៀត ដើម្បីគម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី២ អាចសម្រេចបានតាមពេលវេលាដែលបានគ្រោងទុក សំដៅសម្រួលពាណិជ្ជកម្ម និងពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជាបន្ថែមទៀត។
កិច្ចប្រជុំនេះ បានបញ្ចប់នៅវេលាម៉ោង ១៧:៣០ ល្ងាច នាថ្ងៃខែឆ្នាំដដែល ប្រកបដោយបរិយាកាសរីករាយ និងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កាគួរឱ្យកត់សម្គាល់។