នៅថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត គុណ ញឹមប្រតិភូរាជ​រដ្ឋាភិបាល​​​​ទទួល​​បន្ទុក​ជាអគ្គនាយក នៃអគ្គ​​​​​​​​​​​​​​​​​​​​​​នាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) បាន​ដឹកនាំគណៈប្រតិភូ​គយ​ចូលរួម​​កិច្ច​ប្រជុំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អគ្គ​នាយក​គយ​អាស៊ានលើកទី២៧ នៅកោះឡាងកាវី ប្រទេសម៉ាឡេស៊ី។ កិច្ចប្រជុំ​នេះ​បាន​ដឹកនាំ​ដោយ​ឯកឧត្តម Dato’ Subromaniam Tholasyអគ្គនាយកគយនៃរដ្ឋបាលគយ​ម៉ាឡេស៊ី ដោយ​មាន​ការ​ចូលរួម​ពី​អគ្គនាយក​គយ​​អាស៊ាន​​​ទាំង​ដប់ប្រទេស និងមន្ត្រីលេខាធិការដ្ឋានអាស៊ាន។

កិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី២៧នេះបានសម្រេចលើការងារសំខាន់ៗមួយចំនួនដូចជា៖​១)​ការ​បង្កើត​​​​​អនុក្រុមការងារបច្ចេកទេសចំណាត់ថ្នាក់ទំនិញ ២) ពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពស្តីពីការ​អភិវឌ្ឍ​ប្រព័ន្ធ​ដឹកជញ្ជូន​​ទំនិញ​​ឆ្លងកាត់គយអាស៊ានដោយសមាជិកអាស៊ានទាំងដប់បានចុះហត្ថលេខាលើពិធីសារ២ ស្តី​ពីការ​កំណត់​ការិយាល័យ​​មាត់ច្រក​​​សម្រាប់ដឹកទំនិញឆ្លងកាត់​នៅក្នុងក្របខណ្ឌកិច្ចព្រមព្រៀងអាស៊ាន​ស្តី​ពីការ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ (AFAFGIT)​និង​សមាជិកចំនួនប្រាំបួនបានផ្តល់សច្ចាប័នលើពិធីសារ៧​ ស្តី​​ពីការ​ដឹកជញ្ជូន​ទំនិញ​ឆ្លង​កាត់​​​អាស៊ាន​​​​​នៅ​ក្នុងក្របខណ្ឌ​AFAFGIT៣)បង្កើតក្រុមការងារសិក្សាអំពី​ប្រតិបត្តិ​ករ​​​សេដ្ឋកិច្ចមានការអនុញ្ញាត​អាស៊ាន (ASEAN AEO)។ ​បច្ចុប្បន្ននេះ​​មាន​​ប្រទេស​សមាជិក​ចំនួន​ប្រាំ​មួយ​​បានអនុវត្ត​ AEO។​​ដោយ​ឡែក​កម្ពុជា​បាន​​​អនុវត្ត​កម្មវិធី​លើក​​ទឹក​ចិត្ត​​ដល់​​​ធុរជន​ដែល​មាន​អនុលោម​ភាព​​ខ្ពស់​និង​កំពុងឈាន​ទៅ​អនុវត្ត​ពេញលេញ​នូវ​កម្មវិធី​​​ប្រតិបត្តិករ​​សេដ្ឋកិច្ច​​មាន​​ការ​អនុញ្ញាត​នៅពេល​អនាគត​​​​ដ៏​ឆាប់ខាងមុខ​ ៤) វឌ្ឍនភាពនៃការអនុវត្ត​បញ្ជរ​តែ​មួយ​​អាស៊ានដោយប្រទេស​សមាជិក​​​ចំនួន​ប្រាំ​រួមមានឥណ្ឌូណេស៊ី ម៉ាឡេស៊ី សឹង្ហបុរី​ ថៃ ​និងវៀតណាម បាន​ធ្វើការ​ផ្លាស់​ប្តូរ​​​វិញ្ញា​បនបត្រ​ដើម​​កំណើត​​​ទំនិញCOForm D​តាមអេឡិកត្រូនិច។​ចំពោះ​​ឯកសារប្រតិវេទន៍​​គយអាស៊ាន និង​វិញ្ញា​បនបត្រ​​​អេឡិកត្រូនិច​​​​​​អនាម័យ និង​ភូតគាមអនាម័យ​សមាជិក​អាស៊ាន​កំពុង​ពិភាក្សា​និងពិចារណា​ដាក់​ឲ្យ​ផ្លាស់ប្តូរ​​​​តាម​រយៈ​​ប្រព័ន្ធ​​​​បញ្ជរ​​​​តែ​មួយ​អាស៊ាន​នៅ​ពេល​អនាគត។ កម្ពុជា​ស្ថិតនៅ​ក្នុង​ដំណាក់​កាល​​​​សាកល្បង​ក្នុង​ការ​តភ្ជាប់​ជាមួយ​​​ប្រព័ន្ធ​​​​បញ្ជរ​​​តែមួយអាស៊ាន​ដើម្បី​​ធ្វើការ​ផ្លាស់​ប្តូរ​វិញ្ញាបនបត្រដើមកំណើតទំនិញ CO Form D តាម​អេឡិកត្រូនិច​​​​និង​អាច​ចូល​រួម​​​អនុវត្ត​ជាផ្លូវ​ការ​ជា​មួយ​បណ្តា​ប្រទេស​​សមាជិក​អាស៊ាន​ក្នុង​ពេល​ឆាប់ៗ​នេះ​។

កិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី២៧ ក៏បានប្រជុំពិគ្រោះយោបល់ដោយឡែកពីគ្នាជាមួយ​គណៈប្រតិភូ​រដ្ឋបាល​​គយចិន ជប៉ុន កូរ៉េ និងអូស្រ្តាលី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ​ពាក់ព័ន្ធ​នឹង​ការងារគយ​និង​បាន​ពិគ្រោះ​យោបល់​​​​ជាមួយតំណាងវិស័យឯកជនសំខាន់ៗចំនួនបីរួមមាន ១)ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន-អាមេរិក ២) ក្រុមប្រឹក្សា​ធុរកិច្ច​​​អាស៊ាន-អឺរ៉ុប និង ៣)ក្រុមប្រឹក្សាធុរកិច្ចអាស៊ាននិងវិស័យឯកជន​របស់​​ម៉ាឡេស៊ី ក្នុង​គោលបំណង​ពង្រឹង​ទំនាក់ទំនង​និង​កិច្ច​សហការរវាងរដ្ឋបាលគយនិងវិស័យឯកជន ដើម្បី​លើក​កម្ពស់​កិច្ច​សម្រួល​ពាណិជ្ជកម្ម។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត គុណ ញឹមបានលើកឡើងពីការរីកចម្រើន​នៃ​វិស័យ​ពាណិជ្ជកម្ម​​​អេឡិកត្រូនិច​​​ក្នុងបរិបទសេដ្ឋកិច្ចឌីជីថល និង​បដិវត្តន៍ឧស្សាហកម្មទី៤  និង​តម្រូវការ​ក្នុងការ​គ្រប់គ្រង ​និង​កិច្ច​សម្រួល​​ពាណិជ្ជកម្ម ជាពិសេសការ​ធ្វើពាណិជ្ជកម្មអេឡិកត្រូនិច​ឆ្លងដែនទាំង​ទំនិញរូបវន្ត​និង​ទំនិញ​ឌីជីថល​។​ ឯកឧត្តម​ក៏​បាន​​លើកឡើង​​​​ពីជោគជ័យរបស់អគរ ក្នុងការចូលរួមអនុវត្តកម្មវិធី​ត្រួតពិនិត្យ​កុងតឺន័រ​ (Container Control Program – CCP) នៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដែល​ជា​កម្មវិធី​​រួមរបស់​អង្គការ​គយ​ពិភពលោក (WCO) និង​ការិយាល័យ​អង្គការ​​សហប្រជាជាតិ​ផ្នែកគ្រឿងញៀននិង​ឧក្រិដ្ឋកម្ម (UNODC) ហើយយោង​លើ​បទពិសោធន៍​នេះ អគរ កំពុង​ពិនិត្យ​​​លទ្ធភាព​ក្នុង​ការពង្រីកកម្មវិធី​នេះ​ឲ្យ​គ្របដណ្ដប់​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញផងដែរ។

ឆ្លៀតឱកាសក្នុងកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី២៧នេះ គណៈប្រតិភូនៃអគរ ក៏បាន​ជួបប្រជុំ​ពិគ្រោះ​​យោបល់​​​ទ្វេភាគីជាមួយរដ្ឋបាលគយជប៉ុនដឹកនាំដោយឯកឧត្តមអគ្គនាយក Iizuka Atsuhiដើម្បី​​បន្ត​ពង្រឹង​​កិច្ច​សហប្រតិបត្តិ​​ការគយរវាងរដ្ឋបាលគយទាំងពីរ។ទន្ទឹមនេះ គណៈប្រតិភូនៃ អគរ ក៏បាន​ប្រជុំ​ទ្វេភាគី​ជាមួយ​រដ្ឋបាល​​គយថៃ ដឹកនាំដោយលោក Auychai  Kultipmontre អគ្គនាយករងគយថៃ ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​និង​​ពិភាក្សា​​​​ពី​លក្ខខណ្ឌដើម្បីចុះហត្ថលេខាលើអនុស្សារណៈ​នៃការយោគយល់​គ្នា​ស្តី​ពីទំនិញឆ្លងកាត់។ គណៈប្រតិភូ​នៃ​អគរ ក៏​បាន​ប្រជុំទ្វេភាគីជាមួយក្រុមប្រឹក្សាធុរកិច្ច អាស៊ាន-អឺរ៉ុប និងអាស៊ាន-អាមេរិក ក្នុង​គោលបំណង​ពង្រឹង​ទំនាក់ទំនង​និងកិច្ចសហការរវាងរដ្ឋបាលគយកម្ពុជា-វិស័យ​ឯកជនជាពិសេសជម្រាបអំពីវឌ្ឍនភាព​សំខាន់ៗ​នៃ​កំណែ​ទម្រង់​និង​​​​​ទំនើបកម្ម​រដ្ឋបាលគយកម្ពុជា ហើយ​ស្ដាប់និង​ពិភាក្សារកដំណោះស្រាយលើកង្វល់និង​បញ្ហា​ដែល​លើកឡើង​​ដោយ​វិស័យ​​​​​​ឯកជន។

CPA_7347 CPA_7410 CPA_7689 CPA_7384CPA_7766

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត