នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ នៅសាលប្រជុំ​អគ្គនាយកដ្ឋាន​គយនិងរដ្ឋាករ​កម្ពុជា​មាន​ប្រារព្ធ​កិច្ចសន្ទនាលើកទី២ រវាងរដ្ឋបាលគយកម្ពុជា និងសមាគម​ធុរកិច្ចជប៉ុននៅកម្ពុជា ក្នុង​គោល​បំណង​​​​ដោះស្រាយនូវបញ្ហានិងសំណូមពរមួយចំនួន​របស់​វិស័យ​​ឯកជន​ពាក់ព័ន្ធនឹងការ​អនុវត្តនីតិវិធីគយ។ កិច្ចសន្ទនានេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព ឯកឧត្ដមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គ​នាយក​នៃ​​​​​​​​អគ្គនាយក​ដ្ឋាន​​​គយ​និង​រដ្ឋាករ​កម្ពុជា និង​មានការ​ចូលរួម​ពីមន្ត្រីគយ ​ តំណាងសមាគមធុរកិច្ចជប៉ុននៅកម្ពុជា JBAC ស្ថានទូត​ជប៉ុ​ន​​​ ភ្នាក់ងារសហ-ប្រតិបត្តិ​ការ​អន្តរជាតិជប៉ុន JICA និងស្ថាប័ន​ធុរកិច្ចជប៉ុន​នៅក្រៅប្រទេស JETRO​​។

ថ្លែងក្នុងពិធីបើកកិច្ច​សន្ទនា ឯកឧត្ដមបណ្ឌិត គុណ ញឹម បានលើកឡើង​នូវសមិទ្ធិផលធំៗមួយចំនួននៃ​ការ​អនុវត្ត​កម្មវិធីកំណែ​ទម្រង់​និង​ទំនើបកម្មរបស់រដ្ឋបាលគយកម្ពុជា​នាពេល​កន្លងមក រួមមាន ​សន្ទុះកើនឡើង​គួរឲ្យ​កត់​សម្គាល់នៃ​ការប្រមូលចំណូល, ការងារ​បង្ការ​និង​បង្ក្រាបបទល្មើស​, អភិបាល​កិច្ច​​ក្នុង​អង្គភាពគយ និងកិច្ចសម្រួល​​ពាណិជ្ជកម្មតាម​រយៈ​ការធ្វើ​សាមញ្ញកម្ម​នីតិវិធី​គយ។ លើសពីនេះទៀត ​កិច្ចសហការជាមួយវិស័យឯកជនកាន់តែត្រូវ​បាន​ពង្រឹង ដែល​បាន​រួមចំណែកយ៉ាង​សំខាន់​ក្នុងការសម្រួល​ និងដោះស្រាយបញ្ហានានា ដែល​ផ្នែកឯកជនជួបប្រទះ។​

នាឱកាស​នោះ តំណាង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ក៏បាន​រាយការណ៍​ជូន​អង្គប្រជុំ​នូវ វឌ្ឍនភាពការងារគយមួយចំនួនក្រោយជំនួបលើកទី១ រួមមានការដាក់ឲ្យអនុវត្ត E-Payment,  ការដាក់បញ្ចូលតារាងពន្ធគយលើគេហទំព័រ និង​ទូរស័ព្ទ​វៃឆ្លាត, ការដាក់បញ្ចូលកម្មវិធីកាត់បន្ថយអត្រាពន្ថអនុគ្រោះក្នុង​ក្របខណ្ឌ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី​លើគេហទំព័រ, ការអនុញ្ញាតឲ្យប្រើប្រាស់ឯកសារច្បាប់ចម្លង (ឯកសារស្កែន) សម្រាប់​ការ​បំពេញបែបបទគយ, ព្រមទាំង​វឌ្ឍនភាព​ការ​រៀបចំ E-Permit, ​សេចក្តីព្រាង​បទប្បញ្ញត្តិ ស្តី​ពី​កម្រៃ​គយមួយចំនួន ដែល​គ្រោង​នឹង​បញ្ចប់​ក្នុង​ពេល​ដ៏ខ្លី​ខាងមុខ និងការ​ត្រៀមពង្រីក​សមាជិក​ធុរជនល្អបំផុត​ដើម្បី​​ឈាន​ទៅ​អនុវត្ត AEO ជាដើម។ល។

បន្ទាប់មក កិច្ចសន្ទនាបានដំណើរ​ការពិភាក្សា​ ​និង​ដោះ​ស្រាយ​​លើសំណូមពរ និងបញ្ហាដែលបានលើក​ឡើង​​ដោយ JBAC ចំនួន ០៩ចំណុច ​ពាក់​ព័ន្ធ​នឹង​កិច្ច​សម្រួល​នីតិវិធីប្រកាស​លើ​ប្រតិវេទន៍គយ ការងារប្រតិបត្តិការគយប្រចាំថ្ងៃ ការ​ជំរុញល្បឿន​នៃការចេញលិខិត​អនុញ្ញាត​គយ ការធ្វើ​ចំណាត់​ថ្នាក់ទំនិញ ​ការផ្ទៀងផ្ទាត់​តម្លៃ​គិតពន្ធ​គយនិង​វិញ្ញាបន​បត្រ​ដើមកំណើតទំនិញ ជាដើម។ ​ជាមួយ​គ្នានេះ លោក ណូរីហ៊ីសា យ៉ាម៉ាហ្សាគី ប្រធាន​សមាគមធុរកិច្ច​ជប៉ុន ក៏បានគូសបញ្ជាក់ថា កិច្ចសន្ទនា​រវាងអគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ជាមួយសមាគមធុរកិច្ច​ជប៉ុន ​គឺជា​យន្តការ​មួយដែលអាច​ចូលរួមចំណែក​ក្នុងការកែលម្អបរិយាកាស​ធុរកិច្ច និង​បង្កើនឧត្តមភាព​ប្រកួត​ប្រជែង​របស់​កម្ពុជា។ សមាគមធុរកិច្ចជប៉ុននៅកម្ពុជា ​​បាន​ទទួលយកនូវ​ដំណោះស្រាយនានា​ដែលបាន​លើកឡើង​ដោយ​តំណាង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា និងបាន​ឯកភាពគ្នាថា​នឹង​រៀបចំកិច្ច​សន្ទនា​ជាបន្ត​ទៀត នាពេលវេលាសមស្រប​ខាងមុខ។ ​

កិច្ចសន្ទនា​លើទី២ រវាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានិងសមាគមធុរកិច្ចជប៉ុនប្រចាំនៅប្រទេសកម្ពុជា (JBAC) នេះត្រូវបានបញ្ចប់ទៅនៅម៉ោង១២:៣០ រសៀលថ្ងៃដដែល ក្រោមបរិយាកាសការងារ និង​ប្រកបដោយផ្លែផ្កាគួរឲ្យកត់សម្គាល់។

photo_2018-06-20_16-27-28

photo_2018-06-20_16-27-57

photo_2018-06-20_16-27-40

photo_2018-06-20_16-27-51

 

 

photo_2018-06-20_16-27-44

photo_2018-06-20_16-27-48

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត