នាព្រឹកថ្ងៃពុធ ៩កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់មានប្រារព្ធកិច្ចប្រជុំអន្តរក្រសួងលើកទី២ ដែលរៀបចំដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សហការជាមួយធនាគារពិភពលោក ក្នុងគោលបំណងបន្តជំរុញដំណើរការពិនិត្យកែសម្រួលខ្លឹមសារអនុក្រឹត្យលេខ ២០៩ អនក្រ.បក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៧ ស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងមានការចូលរួមពីតំណាងធនាគារពិភពលោក និងមន្ត្រីជាន់ខ្ពស់ជាតំណាងក្រសួង-ស្ថាប័នជំនាញរួមមាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ, ក្រសួងឧស្សាហកម្មនិងសិប្បកម្ម, ធនាគារជាតិនៃកម្ពុជា, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងពាណិជ្ជកម្ម, ក្រសួងរ៉ែនិងថាមពល, ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, ក្រសួងបរិស្ថាន និងក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ ឯកឧត្ដមបណ្ឌិត គុណ ញឹម បានគូសបញ្ជាក់ថា ការកែសម្រួលបញ្ជីមុខទំនិញហាមឃាត់​និង​ទំនិញ​ជាប់កម្រិត​កំណត់ ជាឧបសម្ព័ន្ធអនុក្រឹត្យ ២០៩ អនក្រ.បក ដែលត្រូវបានចូលជាធរមានតាំងពីឆ្នាំ២០០៧ មក គឺធ្វើ​ឡើង​តាមការចង្អុល​បង្ហាញ​ដ៏ខ្ពង់ខ្ពស់​របស់​ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា ដើម្បីឱ្យមាន​ភាពសមស្របទៅតាមការវិវត្ត​នៃសភាពការណ៍ ទាំងលើ​ទិដ្ឋភាព​​បច្ចេកវិទ្យា និងប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិ។ លើសពីនេះទៀត ការកែសម្រួលក្នុង​ទិសដៅកាត់បន្ថយ​ចំនួន​មុខទំនិញ​ដែលជាកម្មវត្ថុ​នៃការហាមឃាត់ ឬ​ជាប់​កម្រិត​កំណត់​លើការ​នាំចេញ​នាំចូល គឺជាផ្នែកមួយដ៏សំខាន់នៃគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណង​​បង្កើន​កិច្ច​សម្រួល​ពាណិជ្ជកម្ម និងពង្រឹងឧត្ដមភាពប្រកួតប្រជែងរបស់សេដ្ឋកិច្ចប្រទេសកម្ពុជា តាម​រយៈការ​កាត់​បន្ថយ​របាំង​មិនមែន​ពន្ធ ហើយដែលត្រូវធ្វើឡើងស្របគ្នាជាមួយនឹងការកសាងនិង​អនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ។

នៅក្នុង​កិច្ច​ប្រជុំ​នោះ អ្នកជំនាញការ​ធនាគារពិភពលោកបាន​បង្ហាញ​ជូនអង្គប្រជុំ​នូវ​បទពិសោធន៍​នៃការ​អនុវត្តល្អជាអន្តរជាតិនានា ជាពិសេស​ពាក់ព័ន្ធ​នឹងកត្តានានា ដែល​ត្រូវ​គិតគូរក្នុងការកំណត់​​របាំង​មិនមែនពន្ធប្រកបដោយប្រសិទ្ធភាព ដើម្បី​ធានាបានតុល្យភាពនៃ​កិច្ច​សម្រួល​ពាណិជ្ជកម្ម និងការទប់ស្កាត់​ហានិភ័យនានា ព្រមទាំងកាត់​បន្ថយ​បាន​ជា​អតិបរមានូវ​ផល​ប៉ះពាល់​ដល់សេដ្ឋកិច្ច​ជាតិ។ ទន្ទឹម​នេះ អ្នកជំនាញការ​ក៏បាន​ផ្តល់​អនុសាសន៍ស្តីពីអភិក្រមនៃ​កិច្ច​ដំណើរការ​ពិនិត្យ​និង​កែសម្រួល​បញ្ជី​ទំនិញ ចាប់​ផ្តើម​ពីការវិភាគនិងកំណត់​អាទិភាព​​នៃ​មុខទំនិញដែល​គួរដាក់​បន្ថែមឬដកចេញ, ​កិច្ច​ពិគ្រោះ​យោបល់ រហូត​ដល់​យន្តការ​នៃការសម្រេច​មុននឹង​ដាក់​ជូនរាជរដ្ឋាភិបាល​ធ្វើ​ការអនុម័តជា​ចុងក្រោយ។​

ជាលទ្ធផល អង្គប្រជុំបានឯកភាព​កំណត់​នូវទិសដៅ​ការងារ​បន្តចំនួន ៤ គឺ ទី១. ត្រូវ​បង្កើត​ក្រុមការងារ​សម្របសម្រួល​អន្តរស្ថាប័នមួយឲ្យបាន​ឆាប់ដើម្បី​ចាប់ផ្តើមកិច្ច​ដំណើរការការងារ​នេះ, ទី២. ត្រូវ​កំណត់​ទម្រង់ឬ​អភិក្រមច្បាស់លាស់​លើការ​ពិនិត្យ និង​កែសម្រួល​មុខទំនិញក្នុង​បញ្ជីតាមការទទួល​ខុសត្រូវ​របស់​ស្ថាប័នពាក់​ព័ន្ធ​នីមួយៗ, ទី៣. ត្រូវ​កំណត់​យន្តការ​នៃការរាយការណ៍ និង​ការសម្រេចលើ​បញ្ជីកែសម្រួល​ដើម្បីដាក់​ជូនរាជរដ្ឋាភិបាល និង​ទី៤. កំណត់​ក្របខណ្ឌពេលវេលាជាក់លាក់​នៃការបញ្ចប់កិច្ច​ដំណើរការ​កែសម្រួល​អនុក្រឹត្យលេខ ២០៩ នេះ។ ទន្ទឹម​នេះ ឯកឧត្ដមបណ្ឌិត គុណ ញឹម  ប្រធាន​អង្គប្រជុំក៏បានផ្តាំផ្ញើឱ្យតំណាងក្រសួង-ស្ថាប័ននីមួយៗរៀបចំនីតិវិធីផ្ទៃក្នុង ដើម្បីពិនិត្យកែសម្រួលមុខទំនិញហាមឃាត់​និង​ជាប់​កម្រិត​កំណត់ដែលស្ថិតក្រោមដែនសមត្ថកិច្ច​គ្រប់​គ្រង​​រៀងៗខ្លួន និងត្រៀមបទបង្ហាញ​អំពីលទ្ធផល​នៃការកែសម្រួល​ទាំងនោះ ដោយមាន​ការបញ្ជាក់​ពីហេតុផលនិងភាពចាំ​បាច់​​នានា ទាំងលើ​ទិដ្ឋភាព​ច្បាប់, ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច និងភាពងាយស្រួល​ក្នុងការអនុវត្ត សម្រាប់បង្ហាញក្នុងកិច្ចប្រជុំលើកក្រោយ។ ​

photo_2019-02-13_18-22-20

photo_2019-02-13_18-22-37 photo_2019-02-13_18-22-42photo_2019-02-13_18-22-46 photo_2019-02-13_18-22-53 photo_2019-02-13_18-22-59 photo_2019-02-13_18-23-04 photo_2019-02-13_18-23-09 photo_2019-02-13_18-23-14

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត