នាថ្ងៃចន្ទ ៤ កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខា​ភ្នំពេញ រាជធានី​ភ្នំពេញ មាន​ប្រារព្ធពិធីបើកសិក្ខាសាលាស្តីពីការសិក្សាលើកទី ២ រយៈពេលបំពេញបែបបទបញ្ចេញទំនិញ  ក្រោម​​​អធិបតី​ភាព​​ដ៏ខ្ពង់ខ្ពស់ ឯក​ឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា និងដោយមានការចូលរួមពីលោក Taro Sekiguchi អ្នកជំនាញការផ្នែកពាណិជ្ជកម្មនៃធនាគារអភិវឌ្ឍន៍អាស៊ី, លោក Shigeaki Katsu អ្នកជំនាញការតម្លៃគិតពន្ធគយនៃអង្គការគយពិភពលោក, លោក Daisuke Nagano អ្នកជំនាញការរយៈពេលវែងរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)ប្រចាំ អគរ, មន្រ្តីគយនិងដ្ឋាករនៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​, តំណាងក្រសួងឧស្សាហកម្មនិងសិប្បកម្ម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, កំពង់ផែស្វយ័តក្រុងព្រះសីហនុ, កំពង់ផែស្វយ័តភ្នំពេញ, សភាពាណិជ្ជកម្មកម្ពុជា, និងសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា។

សិក្ខាសាលា​នេះ មាន​​​រយៈពេល​ពីរថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​០២ ដល់​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០១៩ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា សហការ​ជាមួយ​ធនាគារអភិវឌ្ឍន៍អាស៊ី, អង្គការគយពិភពលោក និងទីភ្នាក់​ងារ​សហ​​ប្រតិ​បត្តិ​​ការអន្តរជាតិជប៉ុន (JICA) ក្នុងគោលបំណងដើម្បីផ្តល់ចំណេះដឹងដល់មន្ត្រីគយ និងតំណាងមកពីក្រសួង-ស្ថាប័ន និងវិស័យឯកជន​ពាក់ព័ន្ធលើវិធីសាស្រ្តពាក់ព័ន្ធនឹងការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញ  និងដើម្បីត្រៀមរៀបចំដំណើរការ​​សិក្សាលើកទី២ រយៈពេលបំពេញបែបបទបញ្ចេញទំនិញ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែតុលា ឆ្នាំ២០១៩ ខាងមុខ ។ ថ្លែង​ក្នុង​ពិធី​បើក លោក Taro Sekiguchi បាន​លើក​ឡើង​ថា ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មគឺជាវិធានការគន្លឹះក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់កម្ពុជា។ ការសិក្សារយៈពេលបំពេញបែបបទ​បញ្ចេញទំនិញ ដែលមានចែងក្នុងមាត្រា៧ នៃកិច្ចព្រមព្រៀងកិច្ចសម្រួលពាណិជ្ជកម្មរបស់អង្គការគយពិភពលោក គឺជាយន្ត​ការដ៏មានប្រសិទ្ធភាពដើម្បីកំណត់នូវចំណុចខ្វះខាតដែលជាឧបសគ្គក្នុងដំណើរការបំពេញបែបបទបញ្ចេញទំនិញ។

ក្នុងសុន្ទរកថាបើក​ ​ឯក​ឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ​គយ​និង​រដ្ឋាករ​កម្ពុជា បាន​ថ្លែង​អំណរ​គុណ​ដល់​ធនាគារអភិវឌ្ឍន៍អាស៊ី, អង្គការគយពិភពលោក និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ដែលបានផ្តល់ជំនួយបច្ចេកទេសក្នុងការរៀបចំសិក្ខាសាលានេះ។  ឯកឧត្តម​បណ្ឌិត​ ក៏​បាន​​គូសបញ្ជាក់ថា នាឆ្នាំ២០១៣ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា​ (អគរ) សហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី, អង្គការគយពិភពលោក និង​ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានធ្វើការសិក្សាលើកទី១ រយៈពេលបំពេញបែបបទបញ្ចេញទំនិញ ម្តងរួចមកហើយ។ លទ្ធផលនៃការសិក្សាកន្លងមកនេះ បានក្លាយជាត្រីវិស័យសម្រាប់ អគរ ក្នុងការកែលម្អ និងដោះស្រាយ​នូវចំណុចខ្វះខាតមួយចំនួនតាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្ត និងកម្មវិធីការងារកំណែទម្រង់និងទំនើបកម្ម​គយ ក្នុងគោលដៅលើកកម្ពស់បន្ថែមទៀតនូវកិច្ចសម្រួលពាណិជ្ជកម្ម។

តាមការអនុវត្តល្អជាអន្តរជាតិ ការសិក្សារយៈពេលបញ្ចេញទំនិញនេះ គឺត្រូវអនុវត្តទៀងទាត់ក្នុងរយៈពេល ៤ ឬ ៥ ឆ្នាំម្តង អគរ សហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី, អង្គការគយពិភពលោក និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ដើម្បីធ្វើការសិក្សាលើកទី២ នៅក្នុងឆ្នាំ២០១៩​។ ការសិក្សាលើកទី២នេះ នឹងពង្រីកវិសាលភាព ដោយធ្វើការសិក្សាមិនត្រឹមតែទៅលើរយៈពេល នៃការបំពេញបែបបទបញ្ចេញទំនិញពីគយគិតចាប់ពីពេលដែលទំនិញមកដល់ រហូតដល់ពេល​ទំនិញត្រូវបានយកចេញនោះទេ ថែមទាំងសិក្សាពីនីតិវិធីបំពេញបែបបទមុនពេលទំនិញមកដល់ ដោយធ្វើការវាស់វែងរយៈពេលនៃការស្នើសុំនិងទទួលបានលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណ (permit/license) ពីរដ្ឋបាលគយ និងក្រសួង-ស្ថាប័នពាក់ព័ន្ធផងដែរ។ ទន្ទឹមនេះ ឯកឧត្តម​បណ្ឌិត​ ក៏​បានស្នើឱ្យតំណាងក្រសួង-ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធ ជួយផ្តល់ការគាំទ្រនិងកិច្ចសហប្រតិបត្តិការល្អជាមួយក្រុមការងារគយ និងអ្នកជំនាញការ ដើម្បីធ្វើឱ្យការសិក្សាលើកទី២ រយៈពេលបំពេញបែបបទបញ្ចេញទំនិញ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ។ លទ្ធផលនៃការសិក្សាលើកទី២ នេះ នឹងជួយឱ្យ អគរ ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធ អាចស្វែងរកនូវចំណុចខ្វះខាតនានា ដែលជាឧបសគ្គសម្រាប់ដំណើរការពាណិជ្ជកម្ម ដើម្បីធ្វើការរួមគ្នាដោះស្រាយបញ្ហាទាំងនេះ ក្នុងគោលបំណងលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មឱ្យកាន់តែប្រសើរឡើងថែមទៀត។

ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិតក៏បានលើកឡើងផងដែរថា សិក្ខាសាលានេះគឺជាឱកាសល្អសម្រាប់សិក្ខាកាមទាំងអស់ដើម្បីបានស្វែងយល់និងបង្កើនចំណេះដឹងតាមរយៈការពិភាក្សា និងផ្លាស់ប្តូរមតិយោបល់ដោយផ្ទាល់ជាមួយក្រុមជំនាញការ។​ឯកឧត្តមបណ្ឌិតក៏បានលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់ចូលរួមពិភាក្សា និងផ្លាស់ប្តូរយោបល់ឱ្យបានផុសផុលជាមួយក្រុមអ្នក​ជំនាញការ ដើម្បីកែសម្រួលបញ្ចប់នូវកម្រង់សំណួរការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញ,រៀបចំផែនការនិងកាលវិភាគឱ្យបានច្បាស់លាស់សម្រាប់ការប្រមូលទិន្នន័យ, ការវិភាគទិន្នន័យ, ការរៀបចំរបាយការណ៍លទ្ធផលនៃការសិក្សា និងការងារពាក់ព័ន្ធចាំបាច់នានាផងដែរ។

 

3F9A0105 3F9A0107 3F9A0113 3F9A0130 3F9A0140 3F9A0169 3F9A0204 3F9A0250 3F9A0252 3F9A0269 3F9A0278 3F9A0357 3F9A0401 3F9A0423 3F9A0444 3F9A0477 3F9A0498 3F9A0506 3F9A0532 DSCF4312

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត