នាព្រឹកថ្ងៃពុធ ០២ រោច ខែ​ជេស្ឋ ឆ្នាំ​កុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ នៅសណ្ឋាគារឡឺរ៉ូយ៉ាល​មាន​ប្រារព្ធ​កិច្ចសន្ទនាលើកទី៣ រវាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករគយកម្ពុជា (អគរ) និងសមាគម​ធុរកិច្ចជប៉ុនប្រចាំនៅកម្ពុជា (JBAC) ក្នុង​គោល​បំណងបន្តពិនិត្យ​​​​ដោះស្រាយនូវបញ្ហានិងសំណូមពរមួយចំនួន​របស់​វិស័យ​​ឯកជន​ពាក់ព័ន្ធនឹងការ​អនុវត្តនីតិវិធីគយ។ កិច្ចសន្ទនានេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព ឯកឧត្ដមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គ​នាយក​នៃ​​​​​ អគរ និង​មានការ​ចូលរួម​ដោយ​តំណាង JBAC ស្ថានទូត​ជប៉ុ​នប្រចាំនៅកម្ពុជា​​​ ភ្នាក់ងារសហប្រតិបត្តិ​ការ​អន្តរជាតិជប៉ុន (JICA) ស្ថាប័ន​ធុរកិច្ចជប៉ុន​នៅក្រៅប្រទេស (JETRO) និងមន្ត្រីគយ​និង​រដ្ឋាករ​មួយចំនួន​ផងដែរ​​។

ថ្លែងក្នុងពិធីបើកកិច្ច​សន្ទនា លោក ណូរីម៉ាសា យ៉ាម៉ាហ្សាគី ប្រធាន JBAC បានថ្លែងអំណរគុណដល់ អគរ ដែលបានសហការរៀបចំកិច្ចសន្ទនានេះឡើង និងបានធ្វើការកត់សម្គាល់ពី​វិធានការកែលម្អនានាដែល អគរ បានដាក់ចេញ។ ទន្ទឹមនេះ ឯកឧត្ដមបណ្ឌិត គុណ ញឹម បានលើកឡើង​នូវវិធានការ​មុតស្រួចដែល​ដាក់ចេញ​នាពេល​ថ្មីៗនេះ ដោយរាជរដ្ឋាភិបាល​កម្ពុជា ដែល​ក្នុង​នោះមាន​ក៏មានវិធានការ​មួយចំនួនពាក់ព័ន្ធនឹងគយផងដែរ។ លើសពីនេះទៀត ឯកឧត្តម​ក៏បានគូស​បញ្ជាក់នូវ​កម្មវិធីកំណែ​ទម្រង់​និង​ទំនើបកម្មរបស់រដ្ឋបាលគយកម្ពុជា ដែលសម្រេច​បាននូវសមិទ្ធផល​គួរឲ្យកត់​សម្គាល់ រួមមាន សន្ទុះកើនឡើង​នៃ​ការប្រមូលចំណូល, ការងារ​បង្ការ​និង​បង្ក្រាបបទល្មើស​, អភិបាល​កិច្ច​​ក្នុង​អង្គភាពគយ និងកិច្ចសម្រួល​​ពាណិជ្ជកម្មតាម​រយៈ​ការធ្វើស្វ័យប្រវត្តិកម្មនិង​សាមញ្ញកម្ម​នីតិវិធី​គយ ផងដែរ។ ឯកឧត្ដមក៏បាន​លើកឡើងពីភាពចាំបាច់នៃការពង្រឹងកិច្ចសហការឱ្យបានកាន់តែជិតស្និទ្ធ​ថែមទៀត រវាងរដ្ឋបាលគយនិងវិស័យឯកជនដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ចនៅកម្ពុជា តាមរយៈការកែសម្រួលនីតិវិធីនានាដើម្បីឆ្លើយតបនឹងតម្រូវការរបស់វិស័យឯកជន។

នាឱកាស​នេះ ​អង្គប្រជុំបាន​តាមដាន​នូវវឌ្ឍនភាពការងារពាក់ព័ន្ធនឹងដំណើរការអភិវឌ្ឍ និងការត្រៀមអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិដំណាក់កាលទី២ និងប្រព័ន្ធបញ្ជរតែមួយអាស៊ាន ដែល​គ្រោង​នឹង​ចាប់ផ្តើមអនុវត្ត​នា​ដើម​ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ និង​កិច្ចសហការរវាង អគរ និងកាំកុងត្រូល។ ទន្ទឹមនេះ អង្គប្រជុំក៏បាន​ស្តាប់ពីវឌ្ឍនភាពថ្មីៗពាក់ព័ន្ធវិធានការកំណែទម្រង់សំខាន់ៗមួយចំនួនដែល អគរ បានដាក់ចេញ ស្រប​តាម​កម្មវិធីកំណែទម្រង់មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះរួមមាន ការកែសម្រួលនីតិវិធីគយ, ការកាត់បន្ថយការត្រួតពិនិត្យដោយម៉ាស៊ីនស្កែន, ការលើកទឹកចិត្តបន្ថែមទៀតដល់ក្រុមហ៊ុនដែលមានអនុលោមភាព​ខ្ពស់, ការអនុវត្តការលើកទឹកចិត្តផ្នែកគយដល់សហគ្រាសធុនតូចនិងមធ្យម និងការរៀបចំសិក្សារយៈពេលបញ្ចេញទំនិញពីគយ។

បន្ទាប់មក កិច្ចសន្ទនាបានដំណើរ​ការពិភាក្សា​ ​និង​ដោះ​ស្រាយ​​លើសំណូមពរ និងបញ្ហាដែលបានលើក​ឡើង​​​ដោយ JBAC ចំនួន  ០៩ ចំណុច ​ពាក់​ព័ន្ធ​នឹង​ការកាត់បន្ថយឯកសារក្នុងទម្រង់ក្រដាស, ការកែលម្អមុខងារគេហទំព័រគយ, ការគ្រប់គ្រងជើងសាគយ, ការធ្វើសាមញ្ញកម្មនីតិវិធីគយ, និងការអនុវត្តនីតិវិធីពិសេសសម្រាប់ក្រុមហ៊ុននៅតំបន់សេដ្ឋកិច្ចពិសេស ជាដើម។ ក្នុងចំណោមសំណូមពរ និងបញ្ហាទាំង ៩ សំណូមពរនិងបញ្ហា​ចំនួន ៧ ត្រូវ​បានដោះស្រាយរួច, សំណូមពរចំនួន ០១ ត្រូវបន្តពិនិត្យ​លើ​ទិដ្ឋភាពបច្ចេកទេសនិង​គតិយុត្តិ​​បន្ថែម​ទៀតមុននឹង​សម្រេច, និងសំណូមពរ ០១ ទៀត នឹងត្រូវស្នើ​បន្តដោះស្រាយ​ក្នុង​កម្រិត​អន្តរស្ថាប័ន។​

ជាមួយគ្នានេះ តំណាង​ JICA ក៏បាន​ជម្រាបអង្គប្រជុំ​ពីគម្រោងជំនួយសំខាន់ៗ​របស់​ខ្លួននាពេលបច្ចុប្បន្ន ដល់រាជរដ្ឋាភិបាលកម្ពុជា ចំនួន ៣ គឺ ១. គម្រោង​មេលើការកែលម្អប្រព័ន្ធភស្តុភាកម្ម ២. ការសិក្សា​ដើម្បីកាត់​បន្ថយ​ការកកស្ទះចរាចរ​ទំនិញ​និង​អ្នកដំណើរនៅកំណាត់​ផ្លូវជាតិលេខ ១ តំបន់មាត់ច្រកបាវិត-ម៉ុកបៃ និង​ ៣. ការ​អនុវត្តសាកល្បង​ប្រព័ន្ធ​កាមេរ៉ាតាមដានសកម្មភាព​នៅតាមកំពង់ផែ និង​ច្រកទ្វារព្រំដែនសំខាន់ៗ។

នៅទីបញ្ចប់ អង្គប្រជុំបានវាយតម្លៃខ្ពស់​នូវលទ្ធផល​កិច្ច​សន្ទនាលើកទី៣ នេះ និង​បានកត់​សម្គាល់ថា យន្តការកិច្ច​សន្ទនានេះត្រូវ​បាន​ប្រើប្រាស់ជាគម្រូសម្រាប់កិច្ចសន្ទនារវាង JBAC ជាមួយស្ថាប័នរដ្ឋាភិបាល​ផ្សេងទៀត ផងដែរ។ តំណាង JICA, JBAC, JETRO និង​ អគរ ក៏បានប្តេជ្ញាចិត្តថា នឹង​បន្តពង្រឹង​កិច្ច​សហការ​ជាមួយ​គ្នា​ឱ្យកាន់តែ​ជិតស្និទ្ធថែមទៀត ក្នុងគោលដៅសម្រួលពាណិជ្ជកម្ម និងការ​កែលម្អបរិយាកាសធុរកិច្ច ក៏ដូចជា​​ការ​អភិវឌ្ឍន៍សេដ្ឋកិច្ច​កម្ពុជា​ឱ្យកាន់តែរឹងមាំ។

photo_2019-06-19_16-12-56 photo_2019-06-19_16-13-14 photo_2019-06-19_16-13-18 photo_2019-06-19_16-13-22 photo_2019-06-19_16-13-27 photo_2019-06-19_16-13-31 photo_2019-06-19_16-13-35 photo_2019-06-19_16-13-40 photo_2019-06-19_16-13-45

 

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត