នារសៀលថ្ងៃព្រហស្បត៍ ៥រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់មានប្រារព្ធកិច្ចប្រជុំលើកទី៣ របស់ក្រុមការងារអន្តរស្ថាប័ន ដែលរៀបចំដោយ​អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សហការជាមួយធនាគារពិភពលោក ក្នុងគោលបំណងបន្តកិច្ចដំណើរការ​ពិនិត្យកែសម្រួលខ្លឹមសារអនុក្រឹត្យលេខ ២០៩ អនក្រ.បក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៧ ស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងជា​ប្រធានក្រុមការងារ​អន្តរស្ថាប័ន សម្រាប់​កិច្ច​សម្រួលពាណិជ្ជកម្មតាមរយៈការ​គ្រប់គ្រងហានិភ័យ ដោយមានការចូលរួមពីអ្នកជំនាញការ​នៃធនាគារពិភពលោក និងមន្ត្រីជាន់ខ្ពស់ជាតំណាងក្រសួង-ស្ថាប័នជំនាញ រួមមាន ក្រសួងសេដ្ឋកិច្ច​​និងហិរញ្ញវត្ថុ, ក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ, ក្រសួងឧស្សាហកម្មនិងសិប្បកម្ម, ធនាគារជាតិនៃកម្ពុជា, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងសុខាភិបាល, ក្រសួងពាណិជ្ជកម្ម, ក្រសួងរ៉ែនិងថាមពល, ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, ក្រសួងបរិស្ថាន, ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ, ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា និង​អគ្គនាយកដ្ឋានគយ​និង​រដ្ឋាករ​កម្ពុជា។

ឯកឧត្តមបណ្ឌិត គុណ ញឹម បានគូសបញ្ជាក់ពីគោលបំណងនៃកិច្ចប្រជុំនេះថា នឹងជំរុញកិច្ច​ពិភាក្សាឱ្យ​កាន់តែល្អិតល្អន់បន្ថែមទៀត ទាំងផ្នែកគោលនយោបាយ និងផ្នែកបច្ចេកទេស សំដៅធ្វើយ៉ាងណាឱ្យការកែសម្រួលបញ្ជីមុខទំនិញហាមឃាត់​និង​ទំនិញ​ជាប់កម្រិត​កំណត់អាចប្រព្រឹត្តទៅដោយប្រសិទ្ធភាព និងអាចកាត់បន្ថយចំនួនមុខទំនិញក្នុងបញ្ជី ព្រមទាំងលុបបំបាត់ភាពត្រួតជាន់គ្នានៃស្ថាប័នកិច្ច ស្របតាម​គោលនយោបាយកែទម្រង់ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល។ បន្ទាប់​ពី​បទបង្ហាញស្តី​ពីវិធីសាស្ត្រ​នៃការ​ពិនិត្យនិង​ធ្វើ​បច្ចុប្បន្នភាព​មុខទំនិញ​ដែល​ជា​មុខសញ្ញា​ហាមឃាត់ ឬ ការ​ដាក់​កម្រិតលើ​ការនាំចេញនាំចូល តំណាងក្រសួង​ស្ថាប័ន​នីមួយៗ​បានលើកឡើងនូវ​លិខិត​បទដ្ឋានគតិយុត្តពាក់ព័ន្ធ, វឌ្ឍនភាពការងារ និង​ លទ្ធផល​នៃការ​ពិនិត្យ​ និងកែសម្រួល​ជាបឋម​នូវ​មុខទំនិញដែល​ស្ថិតក្រោមការទទួល​ខុសត្រូវរៀង​ៗខ្លួន ហើយបានរំលេចចេញ​នូវចំណុច​ខ្វះខាត និងបញ្ហា​ប្រឈម​នានា​ដែល​ត្រូវបន្ត​ដោះស្រាយកែតម្រូវ ដើម្បី​ឈាន​ទៅបញ្ចប់ការកែសម្រួល​បញ្ជីទំនិញឲ្យបានសមស្រប។​

ផ្អែក​លើ​លទ្ធផល​នៃកិច្ច​ពិភាក្សា ដើម្បី​អាច​សម្រេច​ការងារ​តាម​ពេលវេលា​កំណត់​ដោយរាជរដ្ឋាភិបាល អង្គប្រជុំ​បានឯកភាពគ្នាដាក់ចេញនូវ​ការងារ​ក្នុងជំហានបន្តដូចតទៅ៖

  • ក្រសួងស្ថាប័ននីមួយៗត្រូវបន្តជំរុញការពិភាក្សាផ្ទៃក្នុងក្នុង​ស្មារតី​កាត់​បន្ថយ​ចំនួនមុខទំនិញហាមឃាត់និងទំនិញជាប់កម្រិតកំណត់ ដោយមានការសម្រេចពីថ្នាក់ដឹកនាំរៀងៗខ្លួនលើសំណើកែសម្រួល និងត្រូវបញ្ចប់​ឱ្យបានក្នុងរយៈពេលយ៉ាងយូរ ២ សប្ដាហ៍
  • មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ត្រូវត្រៀមខ្លួន​ផ្តល់​កិច្ចសហការ​លើ​ផ្នែក​បច្ចេកទេស ជាពិសេស​ពាក់ព័ន្ធនឹងការងារចំណាត់​ថ្នាក់​ទំនិញ​ ដើម្បី​ជួយដល់ក្រសួង​ស្ថាប័នជំនាញលើការងារ​នេះ
  • កិច្ច​ប្រជុំ​ក្រុមការងារ​អន្តរស្ថាប័នលើកទី៤ នឹងត្រូវ​រៀបចំ​ក្នុង​ពេលវេលា​សមស្របខាងមុខ ដើម្បីពិនិត្យ​និងពិភាក្សាលើសេចក្ដីព្រាងបឋមនៃបញ្ជីទំនិញហាមឃាត់​និង​ទំនិញជាប់កម្រិតកំណត់ថ្មី ដែលក្រសោប​បញ្ចូលគ្នានូវ​មុខទំនិញ​ពីគ្រប់​ក្រសួង​ស្ថាប័នពាក់ព័ន្ធទាំងអស់

ក្នុងករណី​មុខទំនិញក្នុងសេចក្តីព្រាង​បញ្ជីមុខទំនិញថ្មី មាន​ចំនួនច្រើនមិនស្របតាម​គោលការណ៍របស់​រាជរដ្ឋាភិបាល បញ្ជីនេះនឹងត្រូវបន្តពិភាក្សាបន្ថែមទៀត នៅក្នុង​កិច្ច​ប្រជុំ​ក្រុមការងារ​អន្តរស្ថាប័នលើកទី៥ ហើយសេចក្តីព្រាង​ចុងក្រោយនេះនឹងត្រូវដាក់ជូន គណៈកម្មការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យ មុននឹងដាក់ជូនប្រមុខរាជរដ្ឋាភិបាល ដើម្បី​សម្រេច​ជាចុងក្រោយ។

photo_2019-05-24_15-47-34 photo_2019-05-24_15-48-11 photo_2019-05-24_15-48-17 photo_2019-05-24_15-48-22 photo_2019-05-24_15-48-27 photo_2019-05-24_15-48-31

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត