នាថ្ងៃច័ន្ទ ១០ កើត ខែមិគសិរ ឆ្នាំច​ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅអាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ មានប្រារព្ធពិធីបើកដាក់ឲ្យដំណើរការការិយាល័យអង្គភាពត្រួតពិនិត្យទំនិញតាមផ្លូវអាកាស (Air Cargo Control Unit-ACCU) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ព្រមទាំងមានការចូលរួមពីនាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, លោក Russel Bash តំណាង​ស្ថាន​ទូត​សហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា, លោក Mark Stanley មន្រ្តីសម្របសម្រួលប្រចាំតំបន់​នៃ​កម្មវិធីត្រួតពិនិត្យកុងតឺន័ររបស់​​​​​​​​​​​​ការិយាល័យអង្គការសហប្រជាជាតិផ្នែកគ្រឿងញៀននិងឧក្រិដ្ឋកម្ម (UNODC), តំណាង​​ស្ថាន​ទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីគយនិងរដ្ឋាករ និងមន្ត្រីមានសមត្ថកិច្ច​ពាក់ព័ន្ធប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ឯកឧត្តមបណ្ឌិត គុណ ញឹម បានសម្តែងអំណរសាទរចំពោះការបើកដាក់ឲ្យ​ដំណើរការការិយាល័យអង្គភាពត្រួតពិនិត្យទំនិញតាមផ្លូវអាកាសនៅអាកាសយានដ្ឋានអន្តជាតិភ្នំពេញនេះដែលជាការិយាល័យដំបូងបង្អស់​នៅអាស៊ាន បន្ទាប់ពីគម្រោងការិយាល័យអង្គភាពត្រួតពិនិត្យកុងតឺន័រ ត្រូវបានពង្រីកទៅកាន់បណ្តាអាកាស​យានដ្ឋានអន្តរជាតិ រួមមានប្រទេសអាហ្វហ្គានីស្ថាន បង់ក្លាដែស គុយបា ហ្សកហ្ស៊ី ហ្ស៊កដានី ប៉ាគីស្ថាន ស្រីលង្ការ និងអ៊ុយក្រែន។  ឆ្លៀតក្នុង​ឱកាសនេះដែរ ឯកឧត្តមក៏បានគូសបញ្ជាក់ថាការិយាល័យអង្គភាពត្រួតពិនិត្យទំនិញតាមផ្លូវអាកាស (ACCU) ត្រូវបានបង្កើតទ្បើងក្នុងគោលបំណងកាត់បន្ថយនិងទប់ស្កាត់ការជួញដូរខុសច្បាប់ និងសកម្មភាពឧក្រិដ្ឋកម្ម​ឆ្លងដែនតាមផ្លូវអាកាសនូវទំនិញនិងកញ្ចប់​​បញ្ញើនាំចេញ-នាំចូលមកកម្ពុជា។ ជាមួយគ្នាដែរ ឯកឧត្តមក៏បានថ្លែង​អំណរគុណចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន និងកាណាដា ព្រមទាំងដៃគូអភិវឌ្ឍន៍ផ្សេងទៀត ជាពិសេសអង្គការ​ UNODC ដែលតែងតែឧបត្ថម្ភគាំទ្រដល់​អគ្គ​នាយកដ្ឋានគយ និងរដ្ឋាករ​កម្ពុជារួមមាន​ជំនួយបច្ចេកទេស និងសម្ភារៈបរិក្ខា​ ជា​​ពិសេស​ការ​បង្កើត​ការិយាល័យអង្គភាពត្រួតពិនិត្យទំនិញ​តាម​ផ្លូវអាកាស (ACCU) នេះផងដែរ។

ថ្លែងក្នុង​សុន្ទរកថា​បើក នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន  (អ.ជ.ប.គ.ញ) បានលើកឡើង​អំពីស្ថាន​ភាពល្អ​ប្រសើរ​ក្នុង​ការ​សហការ​គ្នា​រវាង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករកម្ពុជា និង​អង្គភាពពាក់ព័ន្ធដើម្បីបង្កើនប្រសិទ្ធភាពនៃការត្រួតពិនិត្យរក​គ្រឿងញៀន​ និង​សារធាតុ​គីមីផ្សំ​ខុសច្បាប់​តាមផ្លូវ​សមុទ្រ​និង​ផ្លូវ​អាកាស ជាពិសេស​បទល្មើស​ឆ្លង​កាត់ព្រំដែន​ខុសច្បាប់នានា។

លោក Russell Bash តំណាង​ស្ថាន​ទូត​អាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងពីសុទិដ្ឋិនិយមនៃការបង្កើតការិយាល័យអង្គភាពត្រួតពិនិត្យទំនិញតាមផ្លូវអាកាស (ACCU)និងសហប្រតិបត្តិការ​ល្អរវាងរាជរដ្ឋាភិបាលកម្ពុជានិងសហរដ្ឋអាមេរិក។ លោកក៏សង្ឃឹមដែរថា ACCU នៅកម្ពុជា​នឹងទទួលបានជោគជ័យជាផ្លែផ្កា ហើយនឹងក្លាយជាការិយាល័យគម្រូល្អដល់អាកាសយានដ្ឋានអន្តរជាតិដទៃទៀតនៅក្នុងតំបន់។ លោក Mark Stanley មន្ត្រីសម្របសម្រួលប្រចាំតំបន់នៃកម្មវិធីត្រួតពិនិត្យកុងតឺន័ររបស់អង្គការ UNODC បានគូសបញ្ជាក់សារជាថ្មីម្តងទៀតពីការជួយឧបត្ថម្ភគាំទ្រដល់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ពិសេសបន្ទាប់ពីដាក់សម្ពោធឱ្យដំណើរការកា​រិយាល័យ​អង្គភាពត្រួត​​ពិនិត្យទំនិញតាមផ្លូវអាកាស (ACCU)នេះ។

នាចុង​បញ្ចប់ គណៈអធិបតីនិងភ្ញៀវកិត្តិយសបានអញ្ជើញ​ចូលរួមពិធីកាត់ខ្សែបូរដើម្បីដាក់ឲ្យ​ប្រើប្រាស់​កា​រិយា​ល័យអង្គភាព ACCU និងបាន​ធ្វើទស្សនកិច្ចនៅឃ្លាំងទំនិញនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​។ កម្មវិធី​ត្រូវ​បាន​បញ្ចប់​​ក្រោម​​​​បរិយាកាស​ការងារ​និង​ស្និទ្ធស្នាល។

photo_2018-12-18_11-47-01

photo_2018-12-18_11-46-56 photo_2018-12-18_11-46-47 photo_2018-12-18_11-46-52

photo_2018-12-18_11-47-04

photo_2018-12-18_11-47-13 photo_2018-12-18_11-47-10

photo_2018-12-18_11-47-47 photo_2018-12-18_11-46-33 photo_2018-12-18_11-46-38 photo_2018-12-18_11-46-44 photo_2018-12-18_11-47-17 photo_2018-12-18_11-47-19 photo_2018-12-18_11-47-22 photo_2018-12-18_11-47-25 photo_2018-12-18_11-47-28 photo_2018-12-18_11-47-36 photo_2018-12-18_11-47-39 photo_2018-12-18_11-47-43

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត