នាព្រឹកថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.​ ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នៅ​​អគ្គ​នាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មានប្រារព្ធ​កិច្ច​ប្រជុំ​បូកសរុប​ការងារ​គយ​និងរដ្ឋាករ​ប្រចាំឆ្នាំ​២០១៧ ក្រោម​​អធិបតីភាព​​ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដោយ​មាន​ការ​ចូលរួម​ពីសំណាក់ថ្នាក់ដឹកនាំ​​ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន​ពន្ធដារ ព្រម​ទាំង​ថ្នាក់ដឹក​នាំ​គ្រប់​ជាន់ថ្នាក់​ ​​នៃ​អគ្គនាយដ្ឋានគយនិង​​​រដ្ឋាករ​កម្ពុជាផងដែរ។

​នៅ​ក្នុងរបាយការណ៍​បូកសរុប​ការងារ​​​ ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក​ជាអគ្គនាយក​​នៃ​​អគ្គនាយដ្ឋានគយ​និង​រដ្ឋាករកម្ពុជា បាន​​គូសបញ្ជាក់ថា ក្នុងឆ្នាំ២០១៧ ចំណូលសុទ្ធ (Net revenue) ពន្ធអាករគយសម្រេចបានជាង ៧.៦៦២ ប៊ីលាន​រៀល (ស្មើនឹងជាង ១.៩០១ លានដុល្លារអាមេរិក) ត្រូវជាប្រមាណ ១០៤,៥% នៃផែនការដែលកំណត់ដោយច្បាប់ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រងប្រចាំឆ្នាំ​២០១៧ ។ តួលេខនេះបង្ហាញពីកំណើនប្រមាណ ១០.៤% ធៀបនឹងលទ្ធផលចំណូលឆ្នាំ ២០១៦។

ក្រៅពីលទ្ធផលចំណូលពន្ធនិងអាករគយ ឯកឧត្តម​អគ្គនាយកក៏​បាន​លើកឡើង​ផងដែរនូវ​សមិទ្ធផល​​សំខាន់ៗ ​នៃការ​អនុវត្ត​ផែនការសកម្មភាព​ឆ្នាំ​២០១៧ របស់​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពូជា រួមមាន​ដូចជា ពង្រឹងការងារបច្ចេកទេសគយ និងអនុលោមភាពនីតិវិធីគយ, ការងារ​បង្ការ​និង​បង្ក្រាបអំពើរត់គេចពន្ធ, កិច្ចសម្រួល​ពាណិជ្ជកម្ម, កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ, ការ​អភិវឌ្ឍន៍ធនធាន​មនុស្ស និងការពិគ្រោះ​យោបល់ជាមួយ​វិស័យឯកជន​ ជាដើម។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​សម្តែង​​ការកោតសរសើរ​​និងវាយ​តម្លៃ​ខ្ពស់ ​ចំពោះកិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ប្រកប​ដោយ​ស្មារតីទទួលខុសត្រូវ​ខ្ពស់ ​​របស់​​មន្ត្រី​​គយ​និង​រដ្ឋាករ​​​គ្រប់​រូប។ ទន្ទឹម​នេះ ឯកឧត្តម​ក៏​បាន​​​ទទួល​ស្គាល់​នូវ​បញ្ហា​ប្រឈម​នានា ដែល​ជា​កត្តា​ប៉ះពាល់​ដល់​ប្រតិបត្តិការ​ប្រមូលចំណូល និង​បាន​លើកទឹក​ចិត្ត​ឲ្យ​មន្ត្រី​​គយ​និង​រដ្ឋាករ​ទាំងអស់ត្រូវ​ខិតខំ​បន្ថែម​ទៀត សម្រាប់​ការងារនាពេល​ខាងមុខ។

ជាមួយគ្នានេះ ឯកឧត្តម​បណ្ឌិតសភាចារ្យ ទេសរដ្ឋមន្ត្រី​ ក៏បានសម្តែងនូវការគាំទ្រចំពោះផែនការសកម្មភាពឆ្នាំ២០១៨ របស់​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពូជា ដែល​រួម​មាន ១០ គោលដៅ ២៦សកម្មភាពរួម និង ៩៨ សកម្មភាពជាក់លាក់ ហើយដែលទើបបានកសាងនិង​ដាក់​ឲ្យអនុវត្ត​នាពេល​​ថ្មីៗនេះ។ ជាមួយ​គ្នានេះ ឯកឧត្តម​ក៏បានណែនាំ​ដល់​មន្ត្រីគយ​និង​រដ្ឋាករ​ទាំងអស់ ត្រូវ​យកចិត្ត​ទុកដាក់​លើ​ការងារជាអាទិភាពចំនួន ០៨ ចំណុច រួមមាន៖ ទី១.ការបន្ត​ពង្រឹងអភិបាលកិច្ចនិងក្រមសីលធម៌វិជ្ជាជីវៈ​ ដោយត្រូវប្រកាន់ខ្ជាប់​អភិក្រមការងារទាំង៤ប្រការរបស់​​ក្រសួង​​សេដ្ឋកិច្ច​និង​​ហិរញ្ញវត្ថុ ទី២. ការលើកកម្ពស់អនុលោមភាពវិស័យ​ឯកជនតាម​រយៈការបង្កើន​ការ​យល់ដឹងពីតម្លៃនៃវប្បធម៌សារពើពន្ធ និងការអនុវត្តឲ្យបានម៉ឺងម៉ាត់នូវក្រមសីលធម៌សម្រាប់ជើងសាគយ ទី៣.​ការ​បន្តជំរុញកិច្ច​សម្រួលពាណិជ្ជកម្មបន្ថែមទៀត តាមរយៈការ​កែលម្អ​នីតិវិធីគយ,​ ការ អនុវត្តប្រព័ន្ធ​ស្វ័យប្រវត្តិកម្មនានា រួមទាំងការជម្រុញបង្កើតបញ្ជរតែមួយជាតិ និង​ការ​អនុវត្តយន្តការលើកទឹកចិត្តដល់ធុរជនដែលមានអនុលោមភាពខ្ពស់ ទី៤.ការពង្រឹងយន្តការពិគ្រោះយោបល់ជាមួយ​វិស័យ​ឯកជន ទី៥.ការ​ពង្រឹងប្រសិទ្ធភាពការងារ​បង្ការ​និងបង្ក្រាបអំពើរត់គេចពន្ធ ទី៦. ការពង្រឹង​សមត្ថភាព​មន្ត្រីគយ​លើការងារបច្ចេកទេសគយ រួមមាន តម្លៃគិតពន្ធគយ, ចំណាត់ថ្នាក់​ទំនិញ, វិធានដើមកំណើតទំនិញ និងកម្មសិទ្ធិបញ្ញា ព្រមទាំងការងារគោលនយោបាយគយផងដែរ ទី៧. បន្តកិច្ចសហការជាមួយក្រសួង/ស្ថាប័នពាក់ព័ន្ធ ដូចជាអគ្គនាយកដ្ឋានពន្ធដារ, ក្រសួងសាធារណការ​និង​ដឹកជញ្ជូន, ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា, ក្រសួង​ពាណិជ្ជកម្ម និងក្រសួង​ពាក់ព័ន្ធផ្សេងទៀត និងទី៨.បង្កើនកិច្ច​សហប្រតិបត្តិការ​ជាមួយ​រដ្ឋបាល​គយ​នៃ​ប្រទេ​សជិតខាងក្នុងការ​ផ្លាស់ប្តូរ​ព័ត៌មានអំពើ​រត់​គេចពន្ធ និងការសម្រួល​នីតិវិធីគយ ជាដើម។

ដើម្បីជាការលើកទឹកចិត្ត ឯកឧត្តមបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏បានបំពាក់គ្រឿងឥស្សរិយយស ជូនដល់មន្ត្រីគយនិងរដ្ឋាករមានស្នាដៃមួយចំនួន ផងដែរ។

កិច្ចប្រជុំនេះ​បាន​បញ្ចប់​នៅវេលាម៉ោង១២:០០នាទី ថ្ងៃដដែលក្រោម​បរិយាកាស​ការងារ និងស្និទ្ធស្នាល។

Photo 2 Photo 3Photo 1Photo 4Photo 5Photo 6Photo 7Photo 8

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត