នៅថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែឧសាភា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋាន គយ និងរដ្ឋាករកម្ពុជាបានដឹកនាំគណៈប្រតិភូគយចូលរួមកិច្ចប្រជុំ អគ្គនាយកគយអាស៊ានលើកទី២៦ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។ កិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី២៦ បានប្រារព្ធបើកដោយ លោកជំទាវSri Mulyani Indrawati រដ្ឋមន្រ្តីហិរញ្ញវត្ថុប្រទេសឥណ្ឌូនេស៊ី ដោយមានការចូលរួម ពីអគ្គនាយកគយអាស៊ានទាំងដប់ប្រទេស និងមន្ត្រីលេខាធិការដ្ឋានអាស៊ាន។

ក្នុងពិធីបើកកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី២៦ ឯកឧត្តម គុណ ញឹម បានថ្លែងសន្ទរកថាដោយ លើកឡើងពីសមិទ្ធផលជាច្រើនដែលកិច្ចប្រជុំអគ្គនាយកគយអាស៊ានបានសម្រេច ក្នុងអំឡុងពេលកម្ពុជា ជាប្រធានកិច្ចប្រជុំអគ្គនាយកគយអាស៊ាន (២០១៦-២០១៧) រួមមាន (១)ការបញ្ចប់តារាងនាមវលីពន្ធគយ អាស៊ានឆ្នាំ២០១៧ (២)ការចុះហត្ថលេខាលើពិធីសារទី២ស្តីពីការកំណត់ច្រកទ្វារព្រំដែនឆ្លងកាត់ ដោយរដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ាន (៣)ការអនុម័តលើផែនការគោលដៅទូលំទូលាយរបស់រដ្ឋបាលគយអាស៊ាន ឆ្នាំ២០១៦-២០២៥ និង (៤)ការបញ្ចប់ការអភិវឌ្ឍសូចនាករគន្លឺះសម្រាប់អនុវត្តផែនការសកម្មភាព យុទ្ធសាស្រ្តឆ្នាំ២០១៦-២០២៥ ។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់រដ្ឋបាលគយអាស៊ានទាំងអស់ ដែលបានផ្តល់ការគាំទ្រនិងកិច្ចសហការល្អក្នុងអំឡុងពេលកម្ពុជាជាប្រធានកិច្ចប្រជុំអគ្គនាយកគយអាស៊ាន និងបានផ្ទេរតួនាទីជាប្រធានកិច្ចប្រជុំអគ្គនាយកគយអាស៊ាន ឲ្យទៅរដ្ឋបាលគយឥណ្ឌូនេស៊ី ដើម្បីដឹកនាំ បន្តសម្រាប់ឆ្នាំ២០១៧-២០១៨ក្នុងកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី២៦។
កិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី២៦ បានសម្រេច និងឯកភាពលើការងារមួយចំនួន: (១)ពិនិត្យ វឌ្ឍនភាពការងារនៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍគយ ២០១៦-២០២០ ដែលអនុវត្តដោយក្រុម ការងារកិច្ចសម្រួលពាណិជ្ជកម្ម និងនីតិវិធីគយ, ក្រុមការងារអនុវត្តច្បាប់គយ និងអនុលោមភាព និងក្រុម ការងារកសាងសមត្ថភាពចំណេះដឹងគយ (២)អនុម័តលើលក្ខខណ្ឌការងារលក្ខខណ្ឌការងារនៃការចូលរួម របស់ផ្នែកឯកជនក្នុងកិច្ចប្រជុំគយអាស៊ាន (៣)អនុម័តលើសូចនាករគន្លឺះសម្រាប់អនុវត្តផែនការ សកម្មភាពយុទ្ធសាស្រ្តឆ្នាំ២០១៦-២០២៥ (៤)ជំរុញឲ្យប្រទេសជាសមាជិកអាស៊ានពន្លឿននីតិវិធីផ្ទៃក្នុង​  របស់ខ្លួន ក្នុងការផ្តល់សច្ចាប័នលើពិធីសារទី៧ ស្តីពីប្រព័ន្ធដឹកជញ្ជូនឆ្លងកាត់។ ប្រទេសសមាជិកអាស៊ាន ចំនួន ៥ រួមទាំងកម្ពុជាបានត្រូវបានផ្តល់សច្ចាប័នលើពិធីសារទី៧ និង(៥)ជំរុញឲ្យប្រទេសជាសមាជិក អាស៊ានពន្លឿននីតិវិធីផ្ទៃក្នុងរបស់ខ្លួនក្នុងការចុះហត្ថលេខាលើពិធីសារទី២ស្តីពីការកំណត់ច្រកទ្វារព្រំដែនឆ្លងកាត់។ ប្រទេសសមាជិកអាស៊ានចំនួន ៨ រួមទាំងកម្ពុជាបានចុះហត្ថលេខាលើពិធីសារទី២នេះ រួចហើយ។

កិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី២៦ ក៏បានប្រជុំពិគ្រោះយោបល់ដោយឡែកពីគ្នាជាមួយគណៈប្រតិភូ រដ្ឋបាលគយចិន ជប៉ុន កូរ៉េ និងអូស្រ្តាលី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងការងារគយ និងបាន ពិគ្រោះយោបល់ជាមួយតំណាងវិស័យឯកជនសំខាន់ៗចំនួនពីររួមមាន ១-ក្រុមប្រឹក្សាពាណិជ្ជកម្ម  អាស៊ាន-អាមេរិក និង២-ក្រុមប្រឹក្សាពាណិជ្ជកម្មអាស៊ាន-អឺរ៉ុប ក្នុងគោលបំណងពង្រឹងទំនាក់ទំនង និងកិច្ចសហការរវាងរដ្ឋបាលគយ និងវិស័យឯកជន ដើម្បីលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម។ ទន្ទឺមនេះ តំណាងសមាគមធុរកិច្ចឥណ្ឌូនេស៊ីក៏បានធ្វើបទបង្ហាញដោយលើកឡើងពីបញ្ហាប្រឈមក្នុងការធ្វើធុរកិច្ច និងបានស្នើសុំឲ្យកិច្ចប្រជុំអគ្គនាយកគយអាស៊ាន ដើម្បីពិនិត្យលទ្ធភាពដោះស្រាយ។
ឆ្លៀតឱកាសក្នុងកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី២៦ នេះ គណៈប្រតិភូនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានជួបប្រជុំទ្វេភាគីជាមួយរដ្ឋបាលគយចិនដឹកនាំដោយឯកឧត្តម Zou Zhiwu អនុរដ្ឋមន្រ្តីរដ្ឋបាលគយចិន។ ក្នុងជំនួបទ្វេភាគីនេះ ភាគីទាំងពីរបានឯកភាពលើចំណុចសំខាន់មួយចំនួន រួមមាន (ក)គាំទ្រគ្នាទៅវិញទៅមកលើវេទិកាតំបន់និងពិភពលោក (ខ)សិក្សាពីលទ្ធភាពនៃការរៀបចំ អនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការគយរវាងប្រទេសទាំងពីរ និង(គ)ការគាំទ្រអនុវត្ត គំនិតផ្តួចផ្តើម “One Belt One Road”។ ទន្ទឹមនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានប្រជុំ ទ្វេភាគីជាមួយរដ្ឋបាលគយជប៉ុន ដឹកនាំដោយឯកឧត្តម Mikio Kojikawaអគ្គនាយកគយជប៉ុន។ ភាគីជប៉ុនបានឯកភាពពិនិត្យលទ្ធភាពក្នុងការផ្តល់គម្រោងជំនួយគាំទ្រការអភិវឌ្ឍន៍និងអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិកម្ពុជា ។ទន្ទឹមនេះ ភាគីកម្ពុជាបានស្នើឲ្យភាគីជប៉ុនពិនិត្យលទ្ធភាពក្នុងការផ្តល់ជំនួយដើម្បីពង្រឹង សមត្ថភាពនាវាចរគយកម្ពុជា។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានប្រជុំទ្វេភាគីជាមួយរដ្ឋបាល គយថៃ ដឹកនាំដោយឯកឧត្តម Kulit Sombatsiri អគ្គនាយកគយថៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរព័ត៌មាននិងជួយគ្នាទៅវិញទៅមកក្នុងការទប់ស្កាត់បទល្មើសគយឆ្លងដែនរវាងប្រទេសទាំងពីរ។ លើសពីនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានប្រជុំទ្វេភាគីជាមួយក្រុមប្រឹក្សាពាណិជ្ជកម្ម អាស៊ាន-អឺរ៉ុប ក្នុងគោលបំណងពង្រឹងទំនាក់ទំនងនិងកិច្ចសហការរវាងរដ្ឋបាលគយកម្ពុជា-វិស័យឯកជន។

18558875_1359952214058175_4996660792823735872_o 18518191_1359952210724842_1606862589878338347_o 18491568_1359952204058176_2588787549936411791_o 18527168_1359952554058141_4072646321829028846_o 18491783_1359952320724831_9098015531592195350_o 18518339_1359952417391488_213343576562453573_o 18527423_1359952324058164_180915846537938896_o 18556553_1359952314058165_2586962559297592377_o 18558988_1359952540724809_8863840604276186231_o

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត