នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ នៅខេត្តសៀមរាប អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានរៀបចំកិច្ចប្រជុំ​ទ្វេភាគី​រវាងរដ្ឋបាលគយកម្ពុជា និងរដ្ឋបាលគយថៃ ដែលមានឯកឧត្ដមបណ្ឌិត គុណ ញឹម អគ្គ​នាយក​នៃ​​​​​​​​អគ្គនាយក​ដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា និងឯកឧត្ដម Kulit Sombatsiri អគ្គនាយកនៃរដ្ឋបាលគយថៃ ជាសហប្រធាន។ កិច្ចប្រជុំនេះមានការចូលរួមពី​សំណាក់​ថ្នាក់ដឹកនាំនៃរដ្ឋបាលគយទាំងពីរ និង​ថ្នាក់ដឹកនាំអង្គភាពគយមូលដ្ឋាន​ដែលមាន​ភូមិសាស្ត្រ​តាម​តំបន់​ច្រកទ្វារព្រំដែនកម្ពុជា-ថៃ។

ក្នុងសុន្ទរកថាបើកកិច្ចប្រជុំ ឯកឧត្ដមបណ្ឌិត គុណ ញឹម បានលើកឡើងពី​គោលបំណងក្នុងការរៀបចំកិច្ច​ប្រជុំនេះឡើង គឺដើម្បី​ពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ​រវាងរដ្ឋបាលគយនៃប្រទេសទាំងពីរ។ កិច្ចប្រជុំនេះ​ក៏ជា​វេទិកាសម្រាប់​ថ្នាក់ដឹកនាំអង្គភាពគយមូលដ្ឋាន​ដែលមាន​ភូមិសាស្ត្រ​តាម​ច្រកទ្វារព្រំដែនកម្ពុជា-ថៃ ពិភាក្សា និង​ស្វែងរកនូវ​យន្តការ​នានាក្នុងការសម្របសម្រួល គ្រប់គ្រងលំហូរ​ទំនិញឆ្លងកាត់ និងបង្ក្រាបបទល្មើសគយនានា ឈានដល់ការលើកកម្ពស់ប្រសិទ្ធភាពការងារគយនៅតាមមាត់ច្រក។

កិច្ចប្រជុំសម្រេចបានលទ្ធផលសំខាន់ៗ មានដូចខាងក្រោម៖

  • បានឯកភាពលើបញ្ជីទំនិញ​ជាមុខសញ្ញាសម្រាប់ការតាមដាន និងកំណត់មាត់ច្រកដែលអនុញ្ញាត​ឱ្យ​ចរាចរ​​​ទំនិញទាំងនោះឆ្លងកាត់ពីប្រទេសទី៣ ហើយភាគីកម្ពុជានឹងរៀបចំ​បញ្ជីឈ្មោះ​ក្រុមហ៊ុនដែលប្រកបអាជីវកម្មដឹកជញ្ជូនទំនិញ​ឆ្លងកាត់ ដើម្បីផ្ដល់ឱ្យភាគីថៃ​
  • ពាក់ព័ន្ធនឹងផលប៉ះពាល់នៃច្បាប់គយថ្មីរបស់ប្រទេសថៃដែលនឹងចូលជាធរមាននាខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ ភាគីទាំងពីរ បានឯកភាពបន្តចូលរួមសហការជាមួយ​ក្រសួងស្ថាប័នមានសមត្ថកិច្ច ដើម្បីផ្ដល់ធាតុចូលក្នុងការកសាង​ MOU លើការដឹកទំនិញឆ្លងកាត់តាមផ្លូវគោក ដែលត្រូវបានព្រាងដោយក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងដើម្បី​សម្រួល និងដោះស្រាយ​បញ្ហាដឹកជញ្ជូនឆ្លងកាត់ផ្លូវគោក ដែលជាផលប្រយោជន៍រួមនៃប្រទេសទាំងពីរ ជាពិសេស​ការសម្រួលដល់កសិផល​កម្ពុជានាំចេញ​ទៅប្រទេសទី៣ ឆ្លងកាត់ទឹកដីប្រទេសថៃ
  • បានឯកភាព និងកំណត់នូវប្រភេទព័ត៌មាន យន្តការ និងចំណុចទំនាក់ទំនងនៃការផ្លាស់ប្ដូរព័ត៌មាន
  • បានឯកភាពបន្តរៀបចំកិច្ចប្រជុំទ្វេភាគីនេះ ជាប្រចាំ ដើម្បីតាមដានវឌ្ឍនភាពការងារ​ ហើយនឹងគ្រោងរៀបចំកិច្ចប្រជុំលើកក្រោយនៅប្រទេសថៃ ក្នុងកំឡុងខែកុម្ភៈ ឆ្នាំ២០១៨
  • តបតាមការស្នើសុំរបស់ភាគីកម្ពុជា ភាគីថៃបានឯកភាព​នឹងរៀបចំ​ទស្សនកិច្ចសិក្សានៅ​មាត់ច្រក Sadao-Padang Besar ដល់​ភាគីកម្ពុជា ក្នុងកំឡុងខែ​តុលា ឆ្នាំ២០១៧ ដើម្បីឱ្យភាគីកម្ពុជាអាចដកស្រង់បទពិសោធន៍ក្នុងការ​អនុវត្តល្អបំផុតរបស់ថៃក្នុងការអនុវត្តនីតិវិធីគយនៅស្ថានីយ៍រថភ្លើង ជាពិសេស​យន្តការត្រួតពិនិត្យតែមួយលើក
  • ពាក់ព័ន្ធនឹងការនាំចេញផលិតផលកសិកម្មពី​ប្រទេសកម្ពុជាទៅប្រទេសថៃ ភាគីថៃបានជម្រាបភាគីកម្ពុជា​ថា ការនាំចូលកសិផលមួយចំនួនទៅកាន់ប្រទេសថៃតម្រូវឱ្យមានវិញ្ញាបនប័ត្រភូតគាមអនាម័យ និង​វិញ្ញាបនប័ត្រដើមកំណើតទំនិញ
  • ភាគីទាំងពីរបានចុះហត្ថលេខាលើ​របាយការណ៍នៃកិច្ចប្រជុំ ដែលជាឯកសារមូលដ្ឋាន​សម្រាប់កិច្ចសហប្រតិបត្តិការ​ទៅថ្ងៃអនាគត។

កិច្ចប្រជុំនេះត្រូវបានបញ្ចប់ទៅនៅម៉ោង ១៤:០០ នៅថ្ងៃដដែលក្រោមបរិយាកាសការងារ និងស្និទ្ធស្នាលប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។DSC_3681 copy copyDSC_3735 DSC_3740 DSC_3781 DSC_3788

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត