នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ មានកិច្ចប្រជុំទ្វេភាគី​គយ​ព្រំដែនលើកទី៤​ រវាងអគ្គនាយកដ្ឋានគយ​និងរដ្ឋាករកម្ពុជា និង​អគ្គនាយកដ្ឋាន​គយ​វៀតណាម ដែលដឹកនាំដោយលោកអគ្គនាយករង នួន ច័ន្ទរិទ្ធ និងលោក Nguyen Cong Binh អគ្គនាយករងនៃអគ្គនាយកដ្ឋាន​គយវៀតណាម​ ក្នុងគោលបំណងពិភាក្សាធ្វើបច្ចុប្បន្នភាពការងារសហប្រតិបត្តិការរវាងរដ្ឋបាលគយទាំងពីរ ជាពិសេសលើការងារបង្រ្កាបអំពើរត់ពន្ធ បទល្មើសឆ្លងដែន និងការងារផ្លាស់ប្តូរព័ត៌មាន ទិន្នន័យ ដោយស្របតាមខ្លឹមសារនៃអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០៧ និងតាមដានវឌ្ឍនភាពនៃកិច្ចប្រជុំលើកទី៣ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី០២​ ខែតុលា ឆ្នាំ២០១៨ ដោយមានការចូលរួមពីតំណាងអង្គភាពគយនិងរដ្ឋាករតាមព្រំដែនរបស់ប្រទេសទាំងពីរ ។ ភាគីទាំងពីរបានពិភាក្សា និងឯកភាពគ្នាលើចំណុចសំខាន់ៗ ដូចខាងក្រោម៖

១.ធ្វើ​បច្ចុប្បន្នភាព​​ឈ្មោះ​​មន្ត្រី​ទំនាក់ទំនង​ទទួល​​បន្ទុកការងារ​​​ផ្លាស់ប្តូរ​ព័ត៌មាន​​ពី​​ថ្នាក់​ជាតិ​ដល់​​ថ្នាក់មូលដ្ឋាន​​ពាក់ព័ន្ធ​ការងារ​ប្រយុទ្ធប្រឆាំងអំពើរត់គេចពន្ធ និង​បទល្មើសឆ្លងដែន ដើម្បី​ធានាឱ្យការធ្វើទំនាក់ទំនងគ្នាបានឆាប់រហ័ស​ទាន់ពេលវេលា មានប្រសិទ្ធ​ភាព និង​ប្រកប​ដោយ​​ការរក្សាការសម្ងាត់វិជ្ជាជីវៈខ្ពស់​។

២. ពិនិត្យលទ្ធភាពផ្លាស់ប្តូរទិន្នន័យស្ថិតិ​ជាក់លាក់នូវទំនិញ​នាំចេញ​ នាំចូល រួមទាំងទំនិញឆ្លង​កាត់ពីប្រទេស​​​ទី៣ ក្នុងគោលបណងគាំទ្រ​ដល់​ការងារ​ប្រយុទ្ធប្រឆាំង​បទល្មើសគយឲ្យមានប្រសិទ្ធភាពខ្ពស់។ ការងារនេះនឹង​ត្រូវពិនិត្យ  និងសម្រេចពីថ្នាក់ដឹកនាំ​របស់រដ្ឋបាលគយ​ទាំង ២ នៅពេលក្រោយ។

៣.ពិនិត្យ​ ពិភាក្សា​ និងរក​ដំណោះស្រាយ​ដើម្បី​ធ្វើ​ឲ្យ​ការងារស្នើសុំកិច្ចសហការ ​និង​ការឆ្លើយ​តប​បាន​ឆាប់រហ័ស​ ជាពិសេស​ស្វែង​រក​យន្តការ​នៃ​ការអនុវត្ត​ការងារនេះ​ទៅ​តាម​ប្រភេទ និង​កម្រិតនៃ​ការស្នើសុំកិច្ចសហការ និង​ការឆ្លើយតប​ ដើម្បី​កាត់បន្ថយ​បញ្ហា​ប្រឈម​ ក៏ដូចជា​ការលំបាក​នានា​ រួមមាន​ព័ត៌មានទូលំទូលាយពេក មិនច្បាស់លាស់ជាដើម។ ភាគីទាំងពីរក៏បាន​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរព័ត៌មាន​កាន់​តែ​មាន​ប្រសិទ្ធភាព​ ជាពិសេស​ថ្នាក់​មូលដ្ឋាន​មាត់ច្រក​ទល់មុខគ្នា រួមទាំងការស្វែង​យល់​ពី​មូលដ្ឋាន​ច្បាប់​និង​បទប្បញ្ញតិ្ត​របស់​ប្រទេសទាំងពីរ និងការ​​ជំរុញកិច្ច​​សម្រួលពាណិជ្ជកម្ម​​ ​ទំនិញ​ឆ្លងកាត់ ជាពិសេស​ទំនិញ​កសិផលកម្ពុជាដឹកជញ្ជូនឆ្លងកាត់ប្រទេសវៀតណាម​ឲ្យ​បានកាន់តែល្អ​ប្រសើរ។

ភាគីទាំង​២​បានវាយតម្លៃខ្ពស់ និងចាត់ទុកកិច្ចប្រជុំទ្វេភាគីនេះមានសារសំខាន់ ដែលនឹងក្លាយទៅជាយន្តការនៃការធ្វើកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមកឱ្យកាន់តែល្អ ជាពិសេសការងារប្រយុទ្ធប្រឆាំងអំពើរត់គេចពន្ធ និងបទល្មើសឆ្លងដែន ស្របតាមសភាពការណ៍វិវត្តន៍ថ្មីៗ របស់ប្រទេសទាំង២ ដើម្បីរួមចំណែកលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការប្រមូលចំណូលថវិការដ្ឋរបស់ប្រទេសរៀងៗខ្លួន។

នាថ្ងៃបន្ទាប់ គណៈប្រតិភូ​គយ​កម្ពុជាបានបន្តទៅ​ទស្សនកិច្ចការងារនៅសាខាគយ​កំពង់ផែ Cai Mep, Vung Tau  ដើម្បី​សិក្សាស្វែងយល់​ពីនីតិវិធីបំពេញបែបបទបញ្ចេញទំនិញពីគយ លំហូរទំនិញឆ្លងកាត់ និងប្រព័ន្ធគ្រប់គ្រងហានិភ័យរបស់រដ្ឋបាលគយវៀតណាម ជាពិសេសស្វែងយល់ពីស្ថានភាពលំហូរទំនិញឆ្លងកាត់វៀតណាមពីប្រទេសទី៣មកកម្ពុជា​តាម​កំពង់ផែ​នេះ​។

photo_2019-09-20_10-39-37 photo_2019-09-20_10-40-15 photo_2019-09-20_10-40-28 photo_2019-09-20_10-40-32 photo_2019-09-20_10-40-21 photo_2019-09-20_10-40-37 photo_2019-09-20_10-40-49 photo_2019-09-20_10-41-00

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត