ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានដឹកនាំគណៈប្រតិភូកម្ពុជា (មន្រ្តីគយ និងតំណាងក្រសួងពាណិជ្ជកម្ម) ទៅចូលរួមកិច្ចប្រជុំជាមួយរដ្ឋបាលគយថៃ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃ ដើម្បីចរចាបញ្ចប់សេចក្តីព្រាងអនុស្សារណៈយោគយល់គ្នាស្តីពីទំនិញឆ្លងកាត់ និងគ្រោងចុះហត្តលេខាលើអនុស្សារណៈយោគយល់គ្នានេះឲ្យបានមុនកាលបរិច្ឆេទច្បាប់គយថ្មីរបស់ប្រទេសថៃដែលនឹងចូលជាធរមាននាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។ កិច្ចប្រជុំបានប្រារព្ធឡើងស្របតាមស្មារតីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីចម្រុះកម្ពុជា-ថៃលើកទី៣ ដែលបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ។ គោលបំណងនៃការរៀបចំអនុស្សារណៈយោគយល់គ្នាស្តីពីទំនិញឆ្លងកាត់នេះ គឺជាការបំពេញលក្ខខណ្ឌដើម្បីផ្តល់ភាពស្របច្បាប់ស្តីពីការដឹកជញ្ជូនទំនិញឆ្លងកាត់ប្រទេសថៃតាមផ្លូវគោក ស្របតាមបញ្ញត្តិច្បាប់គយថ្មីរបស់ប្រទេសថៃ។ អង្គប្រជុំបានពិភាក្សានិងសម្រេចបានលទ្ធផលសំខាន់ៗ ដូចខាងក្រោម៖

  • ភាគីទាំងពីរបានឯកភាពលើខ្លឹមសារសេចក្តីព្រាងអនុស្សារណៈយោគយល់គ្នាស្តីពីទំនិញឆ្លងកាត់ មានប្រាំពីរមាត្រា។ ខ្លឹមសារនៃអនុស្សារណៈយោគយល់គ្នានេះ មិនត្រឹមតែបានបំពេញលក្ខខណ្ឌដើម្បីផ្តល់ភាពស្របច្បាប់ស្តីពីការដឹកជញ្ជូនទំនិញឆ្លងកាត់ប្រទេសថៃតាមផ្លូវគោក ស្របតាមបញ្ញត្តិច្បាប់គយថ្មីរបស់ប្រទេសថៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ផលប្រយោជន៍ដល់កម្ពុជាបន្ថែមទៀត លើការពង្រឹងការគ្រប់គ្រងអនុលោមភាពលើទំនិញនាំចូលមកកម្ពុជាដោយឆ្លងកាត់ប្រទេសថៃ
  • បានឯកភាពកំណត់មាត់ច្រកចំនួន ០៦ សម្រាប់ដឹកទំនិញឆ្លងកាត់តាមផ្លូវគោក ទៅកាន់ឬមកពីប្រទេសទីបី
  • បានឯកភាពលើកាលបរិច្ឆេទចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីទំនិញឆ្លងកាត់ ក្នុងពេលដ៏ខ្លីខាងមុខ ពោលគឺឲ្យបានមុនច្បាប់គយថ្មីរបស់ប្រទេសថៃដែលនឹងចូលជាធរមាននាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។

លើសពីនេះ ភាគីទាំងពីរក៏បានឯកភាពពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទលើការផ្លាស់ប្តូរព័ត៌មានសម្ងាត់ឲ្យគ្នាទៅវិញទៅមក ដើម្បីទប់ស្កាត់និងបង្រ្កាបអំពើគេចរត់ពន្ធ និងជម្រុញកិច្ចសហការលើការងារ “យន្តការលើកទឹកចិត្តពាណិជ្ជករល្អបំផុត” និង “ប្រតិបត្តិករសេដ្ឋកិច្ចមានការអនុញ្ញាត” (Best Traders Incentives Mechanism and Authorized Economic Operators) ក្នុងការផ្ដល់ប្រព្រឹត្តកម្មពិសេសដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ។

photo_2017-10-12_07-53-15 photo_2017-10-12_07-53-28 photo_2017-10-12_07-53-33

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត