កាលពីថ្ងៃទី១៩ ដល់​ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម តបតាមការអញ្ជើញរបស់ឯកឧត្តម Nguyen Van Can អគ្គនាយកនៃអគ្គនាយកដ្ឋានគយវៀតណាម ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានដឹកនាំគណៈប្រតិភូនៃរដ្ឋបាល​គយកម្ពុជាចូលរួមប្រជុំទ្វេភាគីជាមួយរដ្ឋបាលគយវៀតណាម ដើម្បីបន្តពង្រឹងកិច្ច​សហប្រតិបត្តិកា​រ​​លើការងារគយ។

នៅក្នុងជំនួបប្រជុំទ្វេភាគីរវាងរដ្ឋបាលគយកម្ពុជានិងរដ្ឋបាលគយវៀតណាម  ភាគី​ទាំ​ងពីរ​​​បាន​ផ្លាស់ប្តូរ ព័ត៌មាននិងពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកំណែទម្រង់និងទំនើបកម្មនៅក្នុងរដ្ឋបាលគយនៃប្រទេសទាំងពីរ និងបានឯកភាពគ្នា​លើចំណុចសំខាន់ៗ​ដូចខាង​ក្រោម៖

  • ប្រគល់ភារកិច្ចជូននាយកដ្ឋានកិច្ចការអន្តរជាតិ ដើម្បីបញ្ចប់សេចក្តីព្រាង  “អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការនិងការជួយគ្នាទៅវិញទៅមកក្នុងកិច្ចការគយ រវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា និងក្រសួងហិរញ្ញវត្ថុវៀតណាម​”   ដើម្បី​ដាក់ជូនថ្នាក់ដឹកនាំពិនិត្យនិងសម្រេច
  • ជំរុញកិច្ចសម្រួលពាណិជ្ជកម្ម វិនិយោគ និងភ្ញៀវទេសចរណ៍រវាងប្រទេសទាំងពីរ ជាពិសេសជំរុញការផ្សព្វផ្សាយជូនពាណិជ្ជករនៅពេលដែលមានបទប្បញ្ញត្តិគយថ្មីៗ
  • បង្កើតចំណុចទំនាក់ទំនងសម្រាប់ផ្លាស់ប្តូរសិ្ថតិពាណិជ្ជកម្ម និងព័ត៌មានអំពីទំនិញឆ្លងកាត់ឲ្យបានជាប្រចាំ
  • រៀបចំកិច្ចប្រជុំជាប្រចាំរវាងថ្នាក់អគ្គនាយដ្ឋាន នាយកដ្ឋានគន្លឹះ និងថ្នាក់ខេត្ត
  • បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ បង្ក្រាប អំពើរត់គេចពន្ធ និងបទល្មើសគយ
  • ជំរុញការរៀបចំអនុវត្តយន្តការត្រួតពិនិត្យតែមួយដង (Single Stop Inspection) នៅច្រកអន្តរជាតិបាវិត-ម៉ុកប៉ៃ
  • ជួយសម្រួលនិងពង្រឹងការគ្រប់គ្រងទំនិញឆ្លងកាត់ពីប្រទេសទី៣មកកម្ពុជាដោយប្រើប្រាស់កំពង់ផែ Cat Lai។​ រដ្ឋបាលគយកម្ពុជាបានស្នើកុំឲ្យមានការកាត់សៀលនិងរើទំនិញចេញពីកុងតេន័រនៅក្នុងទឹកដីវៀតណាម ដើម្បីរក្សាយថាប្រភេទ និងបរិមាណទំនិញ និងចំនួនកុងតេន័រ ដែលត្រូវប្រកាសដើម្បីបង់ពន្ធអាករនាំចូលឲ្យបានត្រឹមត្រូវ ។
  • បន្តពង្រឹងកិច្ចសហការនិងការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិដូចជាក្នុងអាស៊ាន អង្គការគយពិភពលោក អង្គការពាណិជ្ជកម្មពិភពលោក មហាអនុតំបន់មេគង្គ និងកិច្ចប្រជុំអាស៊ី-អឺរ៉ុប។ល។

ថ្នាក់ដឹកនាំនៃរដ្ឋបាលគយទាំងពីរ​ បានវាយ​តម្លៃខ្ពស់ និងចាត់ទុកថាកិច្ចប្រជុំទ្វេភាគីនេះមានសារៈសំខាន់ ដែល​បានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការ​របស់រដ្ឋបាលគយនៃប្រទេសទាំងពីរ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគី និងឆ្លើយតបទៅនឹងកំណើនទីផ្សារនិងកិច្ចសម្របសម្រួលពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។

ក្រៅពីកិច្ចប្រជុំទ្វេភាគី គណៈប្រតិភូគយកម្ពុជាក៏បានទៅទស្សនកិច្ចសិក្សានៅ ១)កំពង់ផែ Cat Lai ទីក្រុងហូជីមិញ ដើម្បីស្វែងយល់ពីលំហូរ​ទំនិញឆ្លងកាត់វៀតណាមពីប្រទេសទី៣នាំចូល​មក​កម្ពុជា​​​ ២)សាខាគយវៀតណាមនៅតំបន់សួនឧស្សាហកម្មនៅខេត្ត Binh Doung ដែលកំពុងគ្រប់គ្រងនីតិវិធីសម្រួលពាណិជ្ជកម្ម និងវិនិយោគរបស់រោងចក្ររហូតដល់ ២៥០  ៣)ក្រុមហ៊ុន KOLAO GROUPនៅទីក្រុងហូជីមិញ ដែលបច្ចុប្បន្នកំពុងដំឡើងរថយន្ត និងចុងបញ្ចប់នៅក្រុមហ៊ុន ​DAEHAN MOTORS នៅទីក្រុងបាវិត ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន KOLAO GROUP ដែលមានទំហំផ្ទៃដីរហូតដល់ ១១៤ហិកតា។

photo_2018-03-22_21-48-02 photo_2018-03-22_21-48-16 photo_2018-03-22_21-48-20 photo_2018-03-22_21-48-26 photo_2018-03-22_21-48-31 photo_2018-03-22_21-48-36 photo_2018-03-22_21-48-44

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត