(សៀមរាប)៖ នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៧នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលគយអាស៊ានទី២៦ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់២៧ ខែមេសា ឆ្នាំ២០១៧ នៅសណ្ឋាគារ Angkor Palace Resort & Spa ទីក្រុងសៀមរាប។ កិច្ចប្រជុំ ​គណៈកម្មាធិការសម្របសម្រួលគយអាស៊ានទី២៦នេះ ប្រារព្ធឡើង ក្រោមអធិបតីភា​ព​​ឯកឧត្តម គុណ ញឹម អគ្គនាយកគយនិងរដ្ឋាករកម្ពុជា និងជាប្រធានកិច្ចប្រជុំអគ្គនា​យ​​ក​គយអាស៊ាន  ដែលមានការចូលរួមពីរដ្ឋបាលគយអាស៊ានទាំង១០ និងរដ្ឋបាលគយ​ចិន​, រដ្ឋបាល​គយ​ជប៉ុន​, រដ្ឋបាល​គយ​កូរ៉េ​, រដ្ឋបាលគយអូស្រ្តាលី, ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​អាស៊ាន​-​អា​មេ​រិ​ក​ និងក្រុមប្រឹក្សា​ពាណិជ្ជកម្ម​អាស៊ាន​-​អឺរ៉ុប។

ឯកឧត្តម គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋានករកម្ពុជា បានថ្លែងអបអរសាទរខួប៥០ឆ្នាំ នៃការបង្កើតសមាគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅ​កា​ត់​​ថា​អាស៊ាន​(១៩៦៧-២០១៧) និងបានលើកឡើង ពីជោគជ័យរបស់ប្រទេស    ​អាស៊ាន ក្នុងការជំរុញកំណើនទំហំពាណិជ្ជកម្ម និងការលើកកម្ពស់ឧត្តមភាព ប្រកួតប្រជែងសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។ ឯកឧត្តមបានបន្ដទៀតថា កម្ពុជាបានចូលរួមយ៉ាងសកម្ម ក្នុងភាពជោគជ័យរបស់អាស៊ាននេះ។

ឯកឧត្តមក៏បានលើកឡើងពីសមិទ្ធផល ដែលរដ្ឋបាលគយអាស៊ាន បានចូលរួមចំណែកក្នុងការលើកកម្ពស់ កិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការកាត់បន្ថយរបាំងពាណិជ្ជកម្ម និងលើកទឹកចិត្តឲ្យកិច្ចប្រជុំ គណៈកម្មាធិការសម្របសម្រួលគយអាស៊ាន​ បន្ដខិតខំអនុវត្តន៍ផែនការអភិវឌ្ឍគយ សមាហរណកម្មគយ អាស៊ាន ដើម្បីសម្រេចគោលដៅរបស់ប្រមុខរដ្ឋាភិបាលអាស៊ានដែលបានកំណត់ ។

លោក នួន ច័ន្ទរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋានករកម្ពុជា​ និង​ជាប្រធានកិច្ចប្រជុំ គណៈកម្មាធិការសម្របសម្រួលគយអាស៊ាន បានថ្លែងក្នុងកិច្ចប្រជុំនេះថា គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាព នៃការអនុវត្តផែនការយុទ្ធសាស្រ្ត អភិវឌ្ឍគយ និងការងារ សមាហរណកម្មគយអាស៊ាន របស់ក្រុមការងារកិច្ចសម្រួលពាណិជ្ជកម្ម និងនីតិវិធីគយ ក្រុមការងារ អនុវត្តច្បាប់គយ និងអនុលោមភាព និងក្រុមការងារកសាងសមត្ថភាពចំណេះដឹងគយ។

សូមបញ្ជាក់ថា ក្រោមការដឹកនាំរបស់រដ្ឋបាលគយកម្ពុជាចាប់ពីខែឧសភា ឆ្នាំ២០​១៦​ដល់ខែមេសា ឆ្នាំ២០១៧ កិច្ចប្រជុំអគ្គនាយកគយអាស៊ានបានសម្រេចសមិទ្ធផលជាច្រើនរួមមាន ការបញ្ចប់តារាងនាមវលីពន្ធគយអាស៊ានឆ្នាំ២០១៧, ការចុះហត្ថលេខាលើពិធីសារទី២ស្តីពីការកំណត់ច្រកទ្វារព្រំដែនឆ្លងកាត់ (Protocol 2 on Desig​na​tion of Frontier Posts) ដោយរដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ាន, ការអនុម័ត លើផែនការគោលដៅទូលំទូលាយរបស់រដ្ឋបាលគយអាស៊ានឆ្នាំ២០១៦-២០២៥, ការបញ្ចប់ការអភិវឌ្ឍ សូចនាករគន្លឹះសម្រាប់អនុវត្តផែនការសកម្មភាពយុទ្ធសាស្រ្ត (the Strategic Action Plan Key Performance Indicators) ដែលជាផ្នែកមួយក្នុងការរួមចំណែកលើកកម្ពស់កិច្ចសម្រួ​​លពាណិជ្ជកម្ម ក្នុងតំបន់អាស៊ាន។

photo_2017-04-25_16-29-16 photo_2017-04-25_16-29-32 photo_2017-04-25_16-29-39 photo_2017-04-25_16-29-42 photo_2017-04-25_16-29-50 photo_2017-04-25_16-30-03 photo_2017-04-25_16-30-12 photo_2017-04-25_16-30-52 photo_2017-04-25_16-31-39

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត