នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០១៧ វេលាម៉ោង ០៩:០០ ព្រឹក នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ មានរៀបចំសិក្ខាសាលាស្តីពីការបង្ហាញមុខងារនៃប្រព័ន្ធបញ្ជរតែមួយជាតិ (ដំណាក់កាលទី១) ដែលរៀបចំ គម្រោង US-ASEAN Connectivity through Trade and Investment (US-ACTI) និងសហការជាមួយក្រុមអនុវត្តគម្រោងបញ្ជរតែមួយជាតិ។ សិក្ខាសាលានេះប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត គុណ ញឹម អគ្គនាយកនៃ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) និងជាអនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិកម្ពុជា និងមានការចូលរួមពីតំណាងគម្រោង US-ACTI តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្រុមហ៊ុន VCargo Cloud Pte (VCC) និងតំណាងក្រសួង/ស្ថាប័នជំនាញពាក់ព័ន្ធ រួមមាន៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រសួងរ៉ែនិងថាមពល ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធនាគារជាតិនៃកម្ពុជា កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ។

តាមលទ្ធផលនៃការសិក្សាវាយតម្លៃពីតម្រូវការអភិវឌ្ឍន៍ប្រព័ន្ធបញ្ជរជាតិដែលរៀបចំឡើងដោយអ្នកជំនាញការអមគម្រោងបញ្ជរតែមួយអាស៊ាន នាខែសីហា ឆ្នាំ២០១៦ បានលើកឡើងជាអនុសាសន៍សម្រាប់ការអភិវឌ្ឍន៍ប្រព័ន្ធបញ្ជរតែមួយជាតិនៅកម្ពុជា ជាបីដំណាក់កាលគឺ (១) ដំណាក់កាលទី១ ការតភ្ជាប់រវាងប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ និងប្រព័ន្ធស្វ័យប្រវត្តិកម្មវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញរបស់ក្រសួងពាណិជ្ជកម្ម (e-CO System) ទៅប្រព័ន្ធបញ្ជរតែមួយអាស៊ាន (២) ដំណាក់កាលទី២ ការពង្រីកមុខងារតភ្ជាប់ទៅក្រសួងស្ថាប័នពាក់ព័ន្ធ និង (៣) ដំណាក់កាលទី៣ ការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិពេញលេញ។
ថ្លែងក្នុងពិធីបើក លោក Timothy Buehrer ប្រធានគម្រោង US-ACTI បានវាយតម្លៃខ្ពស់ចំពោះកិច្ចខំប្រឹងប្រែងរបស់ក្រុមអនុវត្តគម្រោងបញ្ជរតែមួយជាតិ និងអនុក្រុមការងារតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្ម e-CO ក្នុងការចូលរួមអភិវឌ្ឍនប្រព័ន្ធបញ្ជរតែមួយជាតិដំណាក់កាលទី១ នេះ រហូតសម្រេចបានប្រមាណ ៩០ % និងទទួលលទ្ធផលល្អគួរឲ្យកត់សំគាល់ ដែលនេះជាគម្រូដ៏ល្អ ក្នុងការបន្តអនុវត្តជំហានបន្ទាប់ទៀត។

ជាកិច្ចឆ្លើយតប ឯកឧត្ដមបណ្ឌិត គុណ ញឹម បានថ្លែងអំណរគុណដល់តំណាងក្រសួងស្ថាប័នពាក់ព័ន្ធដែលបានអញ្ជើញចូលរួម និងបានផ្តល់កិច្ចសហការល្អនាពេលកន្លងមក។ ឯកឧត្តមបណ្ឌិតក៏បានថ្លែងអំណរគុណដល់គម្រោង US-ACTI និងលើកឡើងពីកិច្ចសហការឧបត្ថម្ភគាំទ្រដល់ការកសាងប្រព័ន្ធបញ្ជរតែមួយជាតិនៅកម្ពុជា ដោយចាប់ផ្តើមពីការសិក្សាវាយតម្លៃតម្រូវការអភិវឌ្ឍន៍ប្រព័ន្ធបញ្ជរជាតិ រហូតដល់ការកសាងប្រព័ន្ធបញ្ជរតែមួយជាតិដំណាក់កាលទី១ នេះ ឡើង។ ទន្ទឹមនេះ ឯកឧត្តមបណ្ឌិត ក៏បានគូសបញ្ជាក់ពីសារសំខាន់នៃប្រព័ន្ធបញ្ជរតែមួយជាតិ ដែលរាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកជាអភិក្រមអនុវត្តការងារក្នុងទម្រង់អេឡិចត្រូនិចក្នុងការកែលម្អនីតិវិធីនាំចេញ/នាំចូលរវាងភាគីពាក់ព័ន្ធ សំដៅផ្តល់កិច្ចសម្រួលពាណិជ្ជកម្មនិងបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈរបស់រាជរដ្ឋាភិបាលក៏ដូចជាការចូលរួមអនុវត្តតាមកាតព្វកិច្ចរបស់កម្ពុជា ដើម្បីសម្រេចបាននូវសហគមន៍សេដ្ឋកិច្ចអាស៊ានផងដែរ។

ឯកឧត្តមបណ្ឌិតក៏បានជំរុញ ឲ្យក្រុមអនុវត្តបញ្ជរតែមួយជាតិ និងក្រុមការងារ e-CO បន្តសហការជាមួយក្រុមហ៊ុន VCargo Cloud Pte (VCC) បន្តការងាររបស់ខ្លួន សម្រាប់ដំណាក់កាលទីមួយនេះ ក្នុងការតភ្ជាប់ទៅប្រព័ន្ធបញ្ជរតែមួយអាស៊ាន ដើម្បីអាចទទួលនិងប្រើប្រាស់វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញក្នុងទម្រង់អេឡិកត្រូនិក (e-ATIGA Form D) ពីប្រទេសសមាជិកអាស៊ាន ទៅតាមផែនការនិងគម្រោងពេលវេលាដែលបានកំណត់ និងត្រៀមចាប់ផ្តើមអភិវឌ្ឍប្រព័ន្ធបញ្ជរតែមួយជាតិដំណាក់កាលទី២ ផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត ក៏បានស្នើឲ្យក្រុមការងារផ្តល់ប្រឹក្សាផ្នែកច្បាប់និងគោលនយោបាយគម្រោងបញ្ជរតែមួយជាតិ ពិនិត្យ ទិដ្ឋភាពក្របខណ្ឌច្បាប់និងនីតិវិថីពាក់ព័ន្ធនានាសម្រាប់គាំទ្រការរៀបចំដាក់ឲ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិកម្ពុជាដំណាក់កាលទី១នេះ ជាផ្លូវការ។

ជាកិច្ចបន្ត តំណាងអនុក្រុមការងារតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មវិញ្ញាបនបត្របញ្ជាក់ប្រភពដើមកំណើតនៃគម្រោងបញ្ជរតែមួយជាតិ និងអ្នកជំនាញការនៃក្រុមហ៊ុន VCC បានធ្វើបទបង្ហាញផ្ទាល់ពីមុខងារសំខាន់ៗនៃគម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី១ ដែលបានចាប់ផ្តើមពីខែតុលា ឆ្នាំ២០១៦ កន្លងមក។ គិតមកដល់ពេលនេះ ក្រុមការងារបានបញ្ចប់ការអភិវឌ្ឍន៍និងឈានដល់ការធ្វើតេស្តសាកល្បងបឋមនូវការតភ្ជាប់រវាងប្រព័ន្ធអាស៊ីគូដា និង ប្រព័ន្ធ e-CO System មកប្រព័ន្ធបញ្ជរតែមួយជាតិកម្ពុជាដំណាក់កាលទី១ និងត្រៀមតភ្ជាប់ទៅភ្ជាប់ទៅប្រព័ន្ធបញ្ជរតែមួយអាស៊ាន នៅខែតុលា ឆ្នាំ២០១៧ខាងមុខនេះ ។

IMG_9408IMG_9341IMG_9346 IMG_9351IMG_9344 IMG_9338 IMG_9586 IMG_9571 IMG_9517 IMG_9476

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត