នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅសណ្ឋាគារសាន់វ៉េ មានរៀបចំកិច្ចប្រជុំរបស់ក្រុមអនុវត្តគម្រោងបញ្ជរតែមួយជាតិក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងជាប្រធានក្រុមការងារ ដោយមានការអញ្ជើញចូលរួមពីសមាសភាពអនុប្រធាន និងសមាជិកនៃក្រុមអនុវត្តគម្រោង ដែលជាមន្រ្តីតំណាងក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធរួមមាន៖ ក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងរ៉ែនិងថាមពល ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធនាគារជាតិនៃកម្ពុជា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ ភ្នាក់ងារកម្ពុជានាវាចរ អ្នកជំនាញនៃក្រុមហ៊ុនជាប់កិច្ចសន្យាទទួលអនុវត្តគម្រោង vCargo Cloud Pte Ltd (VCC) ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីគយនិងរដ្ឋាករ សរុបប្រមាណចំនួន ៧០ នាក់។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីសិក្ខាសាលាស្តីពីលទ្ធផលនៃការសិក្សាអំពីនីតិវិធី និងកិច្ចដំណើរការពាក់ព័ន្ធការចេញអាជ្ញាប័ណ្ណ វិញ្ញាបនបត្រ ឬលិខិតអនុញ្ញាតដោយក្រសួង-ស្ថាប័នជំនាញដែលចូលរួមអនុវត្តគម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី២ បានប្រព្រឹត្តទៅអស់រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨។ គោលបំណងសំខាន់នៃកិច្ចប្រជុំនេះគឺពិនិត្យ និងពិភាក្សាលើរបាយការណ៍បឋម និងវឌ្ឍនភាពការងារនៃក្រុមអ្នកជំនាញនៃក្រុមហ៊ុន VCC អំពីលទ្ធផលនៃការសិក្សានីតិវិធី និងកិច្ចដំណើការពាក់ព័ន្ធនឹងការចេញអាជ្ញាប័ណ្ណ វិញ្ញាបនបត្រ ឬលិខិតអនុញ្ញាតនៅតាមបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ ដោយផ្តោតសំខាន់លើ ១)ស្ថានភាពបច្ចុប្បន្ន (As-Is Process) និង ២) ស្ថានភាពអនាគត (To-Be Process) ដែលអាចអនុវត្តបានតាមប្រព័ន្ធអនឡាញបាន និងគម្រូបង្ហាញ (Mock-up Design) ដែលស្របទៅនឹងការអនុវត្តល្អជាអន្តរជាតិ។

ឯកឧត្តមបណ្ឌិតប្រតិភូរាជរដ្ឋាភិបាល បានវាយតម្លៃខ្ពស់អំពីលទ្ធផលការងារដែលសម្រេចបាននាពេលកន្លងមក និងបានស្នើអោយតំណាងក្រសួង-ស្ថាប័នជំនាញទាំងអស់ បន្តពិនិត្យពិភាក្សាផ្ទៃក្នុងលើផ្នែកពាក់ព័ន្ធរៀងៗខ្លួន និងផ្តល់មតិយោបល់កែលម្អ ដើម្បីជាធាតុចូលបន្ថែមទៀត សំដៅកែលម្អលទ្ធផលនៃការសិក្សានេះ សម្រាប់ប្រើប្រាស់ជាមូលដ្ឋានឲ្យអ្នកជំនាញក្រុមហ៊ុន VCC បន្តរៀបចំអភិវឌ្ឍប្រព័ន្ធបញ្ជរតែមួយជាតិដំណាក់កាលទី២ នេះ។ ជាកិច្ចបញ្ចប់ ឯកឧត្តមបណ្ឌិតប្រតិភូរាជរដ្ឋាភិបាល ក៏បានថ្លែងអំណរគុណដល់តំណាងក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ ដែលបានផ្តល់កិច្ចសហការនិងការគាំទ្រជាវិជ្ជមាននាពេលកន្លងមក និងបានណែនាំអោយសមាជិកនៃក្រុមអនុវត្តគម្រោងបញ្ជរតែមួយជាតិទាំងអស់បន្តប្រឹងប្រែងចូលរួមអោយបានសកម្ម ក្នុងការអនុវត្តការងារជាមួយអ្នកជំនាញក្រុមហ៊ុន VCC ដើម្បីអាចសម្រេចបាននូវប្រព័ន្ធបញ្ជរតែមួយជាតិដំណាក់កាលទី២ តាមពេលវេលាដែលបានគ្រោងទុក សំដៅជំរុញបន្ថែមនូវកិច្ចសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែន។

កិច្ចប្រជុំនេះ បានបញ្ចប់នៅវេលាម៉ោង ១១:៣០ ថ្ងៃត្រង់ នាថ្ងៃខែឆ្នាំដដែល ប្រកបដោយបរិយាកាសរីករាយ និងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កាគួរឲ្យកត់សម្គាល់។

IMG_2134

IMG_1989

IMG_2082

IMG_1980

IMG_2069

IMG_1992

IMG_2000

IMG_2038

IMG_2089

IMG_1988

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត