នាព្រឹក ថ្ងៃចន្ទ ១០ រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ ឯកឧត្ដមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានទទួលជួបប្រជុំជាមួយគណៈប្រតិភូ អង្គការគយពិភពលោក ដឹកនាំដោយលោក JONATHAN FELLOWS អ្នកជំនាញការជាន់ខ្ពស់ ដែលមកបំពេញបេសកកម្មនៅកម្ពុជាក្នុងគោលបំណងជួយពិនិត្យ វាយតម្លៃ និងលើកផែនការអនុវត្តកិច្ចព្រមព្រៀងស្ដីពីកិច្ចសម្រួលពាណិជ្ជកម្មនៃអង្គការពាណិជ្ជកម្មពិភពលោក ។ គួរបញ្ជាក់ថា កម្ពុជាបានផ្ដល់សច្ចាប័នដល់កិច្ចព្រមព្រៀងនេះកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ ។ បទប្បញ្ញត្តិប្រមាណជាង ៨០ % នៃកិច្ចព្រមព្រៀងនេះនឹងត្រូវអនុវត្តដោយរដ្ឋបាលគយនៃប្រទេសជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក។ ឯកឧត្តមប្រតិភូ បានជម្រាបជូនគណៈប្រតិភូអង្គការគយពិភពលោកអំពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការអនុវត្តបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងស្របតាមលទ្ធភាព និងសមត្ថភាពរបស់កម្ពុជា ហើយបានគូសបញ្ជាក់ថា បទប្បញ្ញត្តិមួយចំនួនកម្ពុជាត្រូវការពេលវេលាដើម្បីអនុវត្ត ហើយមួយចំនួនទៀតត្រូវការជំនួយបច្ចេកទេសពីអង្គការអន្តរជាតិ និងប្រទេសអភិវឌ្ឍ ។ ឯកឧត្តមក៏បានជម្រាបផងដែរថា រាល់អនុសាសន៍ និងផែនការដែលលើកឡើងដោយគណៈប្រតិភូ នឹងត្រូវពិនិត្យពិចារណាដាក់បញ្ចូលក្នុងយុទ្ធសាស្ត្រ និងកម្មវិធីការងារកំណែទម្រង់ និងទំនើបកម្មរដ្ឋបាលគយ និងរដ្ឋាករកម្ពុជា ២០១៩-២០២៣ ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាកំពុងរៀបចំ ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដមបណ្ឌិត គុណ ញឹម បានថ្លែងអំណរគុណដល់ អង្គការគយពិភពលោក ដែលបាន និងកំពុងជួយដល់រដ្ឋបាលគយកម្ពុជា ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្សលើការងារបច្ចេកទេសគយនានា។

នាព្រឹកថ្ងៃដដែល ឯកឧត្ដមបណ្ឌិត គុណ ញឹម ក៏បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូគយជប៉ុន ដែលដឹកនាំដោយលោក Takahiro ARAKI ប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិនៃរដ្ឋបាលគយជប៉ុន ក្នុងគោលបំណងពិភាក្សាលើការបង្កើតក្រុមការងាររួមគ្នា (Joint Working Group) ដើម្បីពិនិត្យ សិក្សា និងវាយតម្លៃឲ្យបានហ្មត់ចត់ ច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងគ្រប់ទិដ្ឋភាព លើសំណើគម្រោងផ្ដល់ជំនួយប្រព័ន្ធស្វ័យប្រវត្តិកម្មគយជប៉ុន (Nippon Automated Cargo Clearance System/Customs Information System “NACCS/CIS”) មកផ្លាស់ជំនួសប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយអាស៊ីគូដា ដែលបាន និងកំពុងប្រតិបត្តិនាពេលបច្ចុប្បន្ន។ គួរបញ្ជាក់ថា កន្លងមកគណៈប្រតិភូគយជប៉ុន និងតំណាងអង្គការ JICA ក៏បានធ្វើបទបង្ហាញអំពីសំណើគម្រោងនេះ ជូនឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួចមកហើយ តែឯកឧត្តមទេសទេសរដ្ឋមន្ត្រីបានណែនាំឲ្យបង្កើតក្រុមការងាររួម ដើម្បីសិក្សា និងវាយតម្លៃឲ្យបានហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយ មុននឹងពិចារណាលើ សំណើគម្រោង នេះ ។

ឯកឧត្តមបណ្ឌិត គុណ ញឹម បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូគយជប៉ុន និងបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អជាប្រពៃណីរវាងរដ្ឋបាលគយនៃប្រទេសទាំងពីរ ជាពិសេស ការផ្តល់ជំនួយបច្ចេកទេសក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ និងទំនើបកម្ម, ការផ្តល់នាវាល្បាតចំនួនពីរគ្រឿង និងជំនួយបច្ចេកទេស នានាផ្សេងទៀត ដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ឯកឧត្តមក៏បានស្នើឲ្យក្រុមការងាររួមជំរុញការងារសិក្សា និងវាយតម្លៃឲ្យបានគ្រប់ជ្រុងជ្រោយលើសំណើគម្រោងនេះឲ្យបានឆាប់ ដើម្បីដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច ។

ជំនួបប្រជុំការងារនេះ បានបញ្ចប់ទៅនៅម៉ោង១២ នាថ្ងៃដដែល ក្រោមបរិយាកាសរីករាយនិងស្និទ្ធស្នាលប្រកបដោយផ្លែផ្កា។

2

1

3

4

5

6

7

10

11

12

8

9

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត