នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមានប្រារព្ធកិច្ចប្រជុំបូកសរុបការងារគយនិងរដ្ឋាករប្រចាំខែធ្នូ និងលទ្ធផលបូកសរុបប្រចាំឆ្នាំ ២០១៦ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាផងដែរ។
នៅក្នុងបទបង្ហាញស្តីពីរបាយការណ៍បូកសរុបការងារគយនិងរដ្ឋាករ ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា សម្រាប់ខែធ្នូ ឆ្នាំ២០១៦ ចំណូលសរុបមានប្រមាណ ៦១៤,៣ប៊ីលាន៛ (១៥១,៧លានដុល្លារអាមេរិក) កើនឡើងប្រមាណជាង ១១,២% ធៀបនឹងខែវិច្ឆិកាឆ្នាំ២០១៦ ប៉ុន្តែបានថយចុះប្រមាណ៥,៨% ធៀបនឹងខែធ្នូឆ្នាំ២០១៥។
ដោយឡែក ចំណូលសរុបប្រមូលដោយគយក្នុងឆ្នាំ២០១៦ សម្រេចបានជាង ៧.០៧៦ ប៊ីលាន៛ (១.៧៤៥ លានដុល្លារអាមេរិក) មានកំណើនប្រមាណ ១០,៥% ធៀបនឹងចំណូលឆ្នាំ២០១៥។ លទ្ធផលចំណូលនេះ ត្រូវជាប្រមាណ ១០៦,២៥% បើប្រៀបធៀបនឹងផែនការដែលកំណត់ដោយច្បាប់ថវិកាឆ្នាំ២០១៦។ ឯកឧត្តមអគ្គនាយកក៏បានលើកឡើងផងដែរនូវសមិទ្ធផលនានាពាក់ព័ន្ធនឹងការងារគយផ្សេងទៀត រួមទាំងផែនការសកម្មភាពឆ្នាំ២០១៧ដោយផ្តោតលើ៥គោលដៅ៖ (១)ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តនីតិវិធីគយ (២)ការពង្រឹងប្រសិទ្ធភាពការងារបង្ការនិងបង្រ្កាបអំពើរត់គេចពន្ធ (៣)ការពង្រឹងអនុលោមភាពការងារបច្ចេកទេសគយ (៤)ការធ្វើវិចារណកម្មគោលនយោបាយគយ (៥)ការពង្រឹងអភិបាលកិច្ចអង្គភាពគយ ដែលក្នុងចំណោមគោលដៅទាំង៥នេះមាន២១សកម្មភាពត្រូវអនុវត្ត។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី បានសំដែងអំណរសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវនិងការលះបង់ របស់មន្ត្រីគយនិងរដ្ឋាករគ្រប់រូប។ ទន្ទឹមនេះ ឯកឧត្តម ក៏បានទទួលស្គាល់នូវបញ្ហាប្រឈមនានា ដែលជាកត្តាប៉ះពាល់ដល់ប្រតិបត្តិការប្រមូលចំណូល និងបានលើកទឹកចិត្តឲ្យមន្ត្រីគយនិងរដ្ឋាករត្រូវខិតខំបន្ថែមទៀត សម្រាប់ការងារនាពេលខាងមុខ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានធ្វើការណែនាំសម្រាប់ជាទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០១៧ ដោយសង្កត់ធ្ងន់លើការងារចំនួន ០៧ ចំណុចរួមមាន៖ ១.បន្តពង្រឹងអភិបាលកិច្ចល្អក្នុងអង្គភាព និងក្រមសីលធម៌វិជ្ជាជីវៈ ដោយត្រូវប្រកាន់ខ្ជាប់អភិក្រមការងារទាំង៤ប្រការរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ២.ពង្រឹងប្រសិទ្ធភាពនៃការវាយតម្លៃលទ្ធផលការងារដែលសម្រេចបាន ដើម្បីកសាងផែនការសកម្មភាពសម្រាប់ឆ្នាំថ្មីឲ្យមានលក្ខណៈប្រាកដនិយមនិងចំគោលដៅ ៣.ស្វះស្វែងរកប្រភពចំណូលឬសក្តានុពលដែលនៅសេសសល់ដើម្បីកៀរគរចំណូលចូលថវិកាជាតិបន្ថែមទៀតរួមមានការជំរុញអនុលោមភាពនៅចុងទី តាមរយៈការត្រួតពិនិត្យលើមុខសញ្ញាទំនិញដែលមានហានិភ័យចំណូលខ្ពស់ ៤.បន្តការអនុវត្តឲ្យបាននូវការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងការនាំចូលផលិតផលតេលសិលា ដោយបានលុបចោលទាំងស្រុងការនាំចូលតាមផ្លូវគោក។ ក្នុងន័យនេះ នាយកដ្ឋានរដ្ឋាករ និងនាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស ត្រូវរួមគ្នាទប់ស្កាត់ឲ្យអស់លទ្ធភាពនូវការរត់ពន្ធប្រេងតាមគ្រប់រូបភាពរួមទាំងតាមភូមិសាស្ត្រសមុទ្រ ៥.ការបន្តអនុវត្តជាប្រចាំនូវវិធានការនានាដូចជាការពង្រឹងរដ្ឋបាលគយ គោលនយោបាយគយពាក់ព័ន្ធនឹងពន្ធអាករ កិច្ចសម្រួលពាណិជ្ជកម្ម និងការងារបច្ចេកទេសគយពាក់ព័ន្ធនឹងតម្លៃគិតពន្ធគយ យថាប្រភេទ ដើមកំណើតនិងបរិមាណទំនិញជាដើម ៦.បន្តពង្រឹងកិច្ចសហការផ្ទៃក្នុងអង្គភាពគយនិងរដ្ឋាករ និងអង្គភាពពាក់ព័ន្ធផ្សេងទៀតក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាពិសេសអគ្គនាយកដ្ឋានពន្ធដារ ៧.ពង្រឹងប្រសិទ្ធ-ភាពការងារបង្ការ, ទប់ស្កាត់ និងបង្ក្រាបអំពើរត់គេចពន្ធ ដែលជាការងារគន្លឹះដ៏សំខាន់ក្នុងការជំរុញអនុលោមភាពសារពើពន្ធ។
នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏បានបំពាក់គ្រឿងឥស្សរិយយស ជូនដល់មន្ត្រីគយនិងរដ្ឋាករមានស្នាដៃមួយចំនួនផងដែរ។
កិច្ចប្រជុំនេះបានបញ្ចប់នៅវេលាម៉ោង១២:០០នាទី ថ្ងៃដដែលក្រោមបរិយាកាសការងារ និងស្និទ្ធស្នាល។