គណៈ​ប្រតិភូ​អគ្គនាយកដ្ឋានគយ​​​និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំដោយឯកឧត្តម​បណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានអញ្ជើញទៅចូលរួមកិច្ចប្រជុំអគ្គនាយក​គយ​អាស៊ី-អឺរ៉ុប លើកទី១៣ (13th ASEM Customs Directors-General/Commissioners Meeting) ដែ​ល​​​បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩​ នៅទីក្រុងហាឡុង ប្រទេសវៀតណាម។ កិច្ចប្រជុំនេះ ដឹ​កនាំដោយ​លោក NGUYEN VAN CAN អគ្គនាយកនៃ រដ្ឋបាលគយវៀតណាម ដែលមានការ​ចូលរួម​របស់អគ្គនាយក និង​គណៈប្រតិភូ​រដ្ឋបាលគយ​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ី-​អឺរ៉ុបសរុបប្រមាណ ១១៥រូប មកពី៤១​ប្រទេស ក្រោមអធីបតីភាព លោក Do Hoang Anh Tuan អនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុវៀតណាម, លោក Kunio Mikuriya អគ្គលេខាធិការអង្គការគយពិភពលោក (WCO) និង​មន្រ្តីជាន់ខ្ពស់របស់លេខាធិការដ្ឋានសហគមន៍អឺរ៉ុប (Europe​an Commission) ។ លោកអគ្គលេខាធិការអង្គការគយពិភពលោក បានលើកឡើងពីសារៈសំខាន់នៃកិច្ចប្រជុំនេះ នៅក្នុងបរិបទនៃការថមថយសាកលភាវូបនីយកម្ម និងការវិវឌ្ឍនៃតំបន់អាស៊ី​និងអឺរ៉ុប និងប្រធានបទថ្មីមួយចំនួនដូចជា ៖ ពាណិជ្ជកម្មអេឡិកត្រូនិកឆ្លងកាត់ព្រំដែន, ប្រព័ន្ធបញ្ជរតែមួយ, សហប្រតិបត្តិការគយ-វិស័យឯកជន, សន្តិសុខនិងសុវត្ថិភាព, និងការការពារបរិស្ថាន​ ។ល។ អង្គប្រជុំបាន​ពិភាក្សា​​និងអនុម័តលើ​ការងារសំខាន់ៗមួយចំនួនរួមមាន៖

​១. វ​ឌ្ឍនភាព​​ នៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០១៨-២០១៩ ដែលបានអនុម័តកាលពី​កិច្ចប្រជុំ​​អគ្គនាយកគយអាស៊ី-អឺរ៉ុប​​លើក​​​ទី១២ កាលពីឆ្នាំ ២០១៧ មាន​​ដូចជា៖ i)កិច្ចសម្រួលពាណិជ្ជកម្មនិងនីតិវិធីគយ ii)ការ ជម្រុញប្រតិបត្តិការគយ​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម iii)ការគ្រប់គ្រងពាណិជ្ជកម្មអេឡិកត្រូនិកឆ្លងកាត់ព្រំដែន iv)ការតភ្ជាប់និងការ​ដឹក​ជញ្ជូន​ឆ្លងកាត់ v)បញ្ជរតែមួយសម្រាប់ការបញ្ចេញទំនិញបានរហ័ស, ប្រព័ន្ធស្វ័យប្រវត្តិកម្ម និង ​គ្រប់គ្រង​ហានិភ័យ vi)ការធ្វើប្រតិបត្តិការរួមគ្នាក្នុងការត្រួតពិនិត្យ ទំនិញប្រើប្រាស់ប្រចាំថ្ងៃក្លែងក្លាយដែលប៉ះពាល់ដល់សុខភាព និងបរិស្ថាន មានដូចជា៖ ផលិតផលគ្រឿងសម្អាង ផលិតផល​អនាម័យ ចំណីអាហារ និង ភេសជ្ជៈជាដើម vii)ការពង្រឹង​អនុលោមភាព​​លើកញ្ចប់ប្រៃសណីយ៍ និង viii)ការជំរុញយន្តការផ្សព្វផ្សាយ​លទ្ធផលការងារសហប្រតិបត្តការគយក្រោមក្របខ័ណ្ឌ ​ ​​អាស៊ី​-អឺរ៉ុប។

២. កិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអនុវត្តផែនការសកម្មភាព ២០១៨-២០១៩ ។ ទោះជាយ៉ាងណាក៏ដោយការងារមួយចំនួនត្រូវបន្តអនុវត្តថែមទៀត ។ ក្នុងន័យនេះ កិច្ចប្រជុំបានឯកភាពដាក់បញ្ចូលការងារទាំងនោះ ក្នុង​​​ផែនការ​សកម្មភាពថ្មី​ ​សម្រាប់​ឆ្នាំ​២០២០-២០២១ ដែល មាន៧ការដ្ឋានការងារគឺ៖ i)ការតភ្ជាប់និងការ​ដឹក​ជញ្ជូន​ឆ្លងកាត់ ii)ការគ្រប់គ្រង តាមដាននិងអន្តរាគមន៍គយពាក់ព័ន្ធនឹងការដឹកជញ្ជូននិងផ្ទេរទំនិញ iii)ប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាពនៃការអនុវត្តច្បាប់តាមព្រំដែនដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ iv) បញ្ជរតែមួយសម្រាប់ការបញ្ចេញទំនិញបានរហ័ស ប្រព័ន្ធស្វ័យប្រវត្តិកម្ម និង ​គ្រប់គ្រង​ហានិភ័យ v)ប្រតិបត្តិការគយរួមគ្នាលើការទប់ស្កាត់ការដឹកជញ្ជូនខុសច្បាប់នូវសារធាតុគ្រោះថ្នាក់និង កាកសំណល់​ vi)ការគ្រប់គ្រងពាណិជ្ជកម្មអេឡិកត្រូនិកឆ្លងកាត់ព្រំដែន vii) ពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងកិច្ចប្រជុំ យន្តការទំនាក់ទំនងនៃសហប្រតិបត្តិការគយ ​។​ អង្គប្រជុំក៏បានឯកភាពកំណត់ប្រទេសសម្របសម្រួលក្នុងការអនុវត្តផែនការសកម្មភាពទាំងនេះ ដែលក្នុងនោះ រដ្ឋបាលគយកម្ពុជាទទួលសម្របសម្រួលផែនការសកម្មភាពទី ៥ ស្ដីពី “ប្រតិបត្តិការគយរួមគ្នាក្នុងការទប់ស្កាត់ការដឹកជញ្ជូនខុសច្បាប់នូវសារធាតុគ្រោះថ្នាក់ និងកាកសំណល់ ” ។

៣. អង្គប្រជុំបានបញ្ចប់ក្រោមបរិយាកាសរីករាយនិងស្និទ្ធស្នាល​ និងបាន វាយតម្លៃខ្ពស់​លើលទ្ធផលនៃកិច្ចសហប្រតិបត្តិ​ការ​​​ល្អ​កន្លងមករវាងរដ្ឋបាល​គយអាស៊ី-អឺរុប ​ និងបាន ចេញសេចក្តីប្រកាសហាឡុង (Ha Long Declaration) ដែលឆ្លុះបញ្ចាំងលទ្ធផលនៃកិច្ចប្រជុំនេះ ព្រមទាំងផែនការសកម្មភាពឆ្នាំ ២០២០-២០២១ ផងដែរ។

 

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត