នាថ្ងៃទី០២ ខែមីនា ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ​ឡឺរ៉ូយ៉ាល់ រាជធានី​ភ្នំពេញ មាន​ប្រារព្ធ​​កិច្ច​ប្រជុំ​លើក​ទី៥ រវាង​​​អគ្គ​នាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា (អគរ) ជាមួយ​ដៃ​គូ​អភិវឌ្ឍន៍​ស្តី​ពីវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្រ្ត និង​កម្មវិធី​ការងារកំណែទម្រង់ និងទំនើបកម្មរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (២០១៤-២០១៨) ក្រោម​​​អធិបតី​ភាព​​របស់ ​ឯក​ឧត្តម​ ជូ វិជិត្ត​ រដ្ឋមន្ត្រីស្ដីទី ក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ សមាសភាព​ចូល​រួម​មាន ​តំណាង​ដៃគូ​អភិវឌ្ឍន៍​មក​ពី​ JICA ស្ថានទូត​​ជប៉ុន​ប្រចាំ​​ព្រះ​រាជា​ណាចក្រ​កម្ពុជា, ស្ថានទូត​អូស្ត្រាលី​ប្រចាំ​​ព្រះ​រាជា​ណាចក្រ​កម្ពុជា, IMF, ADB, EU, UNIDO, UNODC ព្រម​ទាំងថ្នាក់ដឹកនាំ និង​មន្ត្រី​គយ​និង​រដ្ឋាករជា​ច្រើន​រូប​ទៀត។

photo_2017-03-02_11-59-46

កិច្ចប្រជុំ​នេះ​​មាន​គោល​បំណងសំខាន់ចំនួន​បីគឺ៖ .បង្ហាញ​ជូន​ដល់​ដៃគូអភិវឌ្ឍន៍នូវវឌ្ឍនភាព​លទ្ធផល ការងារសម្រេចបានក្នុងរយៈពេល ៣ឆ្នាំ ២០១៤-២០១៦ ក្នុងការអនុវត្តយុទ្ធសាស្រ្ត និងកម្មវិធីកំណែ​​ទម្រង់និងទំនើបកម្មគយ ២០១៤-២០១៨; ២.​គូស​បញ្ជាក់​ជូនអង្គប្រជុំនូវគោលដៅជាអាទិភាពដែល អគរ ត្រូវអនុវត្តបន្ត​ក្នុងរយៈពេល ២ឆ្នាំ ២០១៧-២០១៨ ខាងមុខ​ និង ៣.ស្វែងយល់ពីសក្ដានុពល​​ជំនួយ​បច្ចេក​ទេស​​ ពីដៃគូអភិវឌ្ឍន៍​នា​ពេលអនាគត លើ​វិស័យ​អាទិភាព​នានារបស់ អគរ ក្នុងការគាំទ្រ​យុទ្ធសាស្ត្រ​កំណែ​ទម្រង់​និង​ទំនើបកម្ម​​របស់​ខ្លួន។​​

photo_2017-03-02_12-01-13

ក្នុងសុន្ទរកថាបើក​កិច្ច​ប្រ​ជុំ​ ឯក​ឧត្តមបណ្ឌិត​ ជូ វិជិត្ត​ រដ្ឋមន្ត្រីស្ដីទី ក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ បាន​​​គូស បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​របស់ ​សម្តេច​អគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ជានិច្ចកាល​​គាំទ្រ និង​ចាត់​ទុកថាការ​អនុវត្ត​កម្ម​វិធី​កំណែ​ទម្រង់​និង​ទំនើបកម្ម​រដ្ឋបាល​​គយ មាន​សារៈ​សំខាន់​បំផុត​ក្នុង​ការ​ប្រមូល​ចំណូល​ ក៏ដូច​ជា​​​​​កែ​លម្អ​​​បរិយាកាស​វិនិយោគ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា អនុលោម​តាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី៣ និង​គោល​នយោបាយ​​កៀរគរ​ចំណូល​ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

តាម​រយៈ​បទបង្ហាញ​​នានារបស់តំណាង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា អង្គប្រជុំ​បាន​ស្តាប់​នូវ​របាយការណ៍​​លទ្ធផល​ការងារ​សម្រេច​បាន​កន្លង​មក និង​ទិសដៅ​ការងារ​ជា​អាទិភាព​សម្រាប់​រយៈ​ពេល​ ២ឆ្នាំ​បន្ទាប់ ព្រម​ទាំង​វិស័យ​នានា​​ដែល​អង្គភាពនេះ​ត្រូវ​ការ​ជំនួយ​​ជា​ចាំបាច់​សម្រាប់​គាំទ្រ​ការ​អនុវត្ត។ ក្នុងរយៈពេលកន្លងមក ជារួម អគរ សម្រេច​បានប្រមាណ ៦៤% នៃផែនការសកម្មភាពកំណែទម្រង់ និងទំនើបកម្មគយរយៈពេល ៥ឆ្នាំ (២០១៤-២០១៨) ទាំងមូល។ ទោះ​ជា​យ៉ាងណាក៏ដោយ អង្គប្រជុំ​ក៏​បាន​ទទួល​ស្គាល់​ថា នៅ​មានសកម្មភាព​ការងារ​មួយ​ចំនួនទៀត ដែលត្រូវ​ការចាំបាច់​នូវការ​ជួយ​ឧបត្ថម​ផ្នែក​បច្ចេកទេស​បន្ថែម​ទៀត ដើម្បី​ឈាន​ទៅ​សម្រេច​បាន​ដោយជោគជ័យ។

photo_2017-03-02_12-01-08

បន្ទាប់​ពី​កិច្ចពិភាក្សាដែល​ដឹក​នាំដោយ​ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា កិច្ច​ប្រជុំ​ទទួល​បាន​លទ្ធផល​ប្រកបដោយផ្លែផ្កា ដោយបានកំណត់បាននូវ​គោលដៅជំនួយបច្ចេកទេស និង​ការ​ចាប់​អារម្មណ៍​ចូល​រួម​គាំទ្រពីសំណាក់ដៃគូអភិវឌ្ឍន៍នានា លើវិស័យអាទិភាពមួយចំនួន​ដូចជា ការកសាងធនធានមនុស្ស ការងារបច្ចេកទេសគយ ប្រព័ន្ធបញ្ជរតែមួយជាតិ ប្រព័ន្ធព័ត៌មានវិទ្យា កិច្ចសម្រួល ពាណិជ្ជកម្ម និងការងារអនុលោមភាពគយ ជាដើម។ល។

photo_2017-03-02_12-00-06photo_2017-03-02_12-00-53photo_2017-03-02_12-00-48photo_2017-03-02_12-00-34photo_2017-03-02_12-00-18

​កិច្ច​ប្រជុំ​បាន​បញ្ចប់​នា​​វេលា​ម៉ោង ១:០០ នាទីរសៀល​ថ្ងៃ​ដដែល​ ក្រោម​បរិយាកាស​មិត្តភាព ​កិច្ច​សហប្រតិបត្តិការ និង​ស្និទ្ធស្នាល​។

photo_2017-03-02_11-59-55photo_2017-03-02_12-00-01

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត