នាថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំក្រុមការងារអាស៊ានស្តីពីនីតិវិធីគយនិងកិច្ចសម្រួលពាណិជ្ជកម្មទី២៧ ដោយមានការចូលរួមពីប្រតិភូរដ្ឋបាលគយអាស៊ានទាំង១០,លេខាធិការដ្ឋានអាស៊ាន, ក្រុមប្រឹក្សាពាណិជ្ជកម្មអាស៊ាន-អឺរ៉ុប (EU-ABC) និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាននិងអាស៊ីខាងកើត (Economic Research Institute for ASEAN and East Asia- ERIA)។ លោក នួន ច័ន្ទរិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចូលរួមជាអធិបតីភាពក្នុងពិធីបើកក្នុងនាមជាប្រទេសម្ចាស់ផ្ទះជាមួយលោក Lee Boon Chong ប្រធានក្រុមការងារអាស៊ានស្តីពីនីតិវិធីគយនិងកិច្ចសម្រួលពាណិជ្ជកម្មនិងជាជំនួយការជាន់ខ្ពស់នៃរដ្ឋបាលគយសឹង្ហបុរីដែលជាប្រធាននៃកិច្ចប្រជុំ។
កិច្ចប្រជុំក្រុមការងារអាស៊ានស្តីពីនីតិវិធីគយនិងកិច្ចសម្រួលពាណិជ្ជកម្មទី២៧ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់៣១ ខែតុលា ឆ្នាំ២០១៩ នៅសណ្ឋាគារ Sunwayទីក្រុងភ្នំពេញ ក្នុងគោលបំណងដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាព នៃការអនុវត្តផែនការយុទ្ធសាស្រ្ត អភិវឌ្ឍគយ និងការងារសមាហរណកម្មគយអាស៊ាន។
ក្នុងពិធីបើកកិច្ចប្រជុំក្រុមការងារអាស៊ានស្តីពីនីតិវិធីគយនិងកិច្ចសម្រួលពាណិជ្ជកម្មទី២៧លោកអគ្គនាយករង នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានលើកពីជោគជ័យរបស់ប្រទេសអាស៊ានក្នុងការទាក់ទាញវិនិយោគផ្ទាល់បរទេស (FDI), ជំរុញកំណើនទំហំពាណិជ្ជកម្ម និងការលើកកម្ពស់ឧត្តមភាព ប្រកួតប្រជែងសេដ្ឋកិច្ចក្នុងតំបន់និងពិភពលោក បន្ទាប់ពីការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន ២០១៥។ លោកអគ្គនាយករងគយនិងរដ្ឋាករកម្ពុជា ក៏បានលើកឡើងពីសមិទ្ធផល ដែលរដ្ឋបាលគយអាស៊ានបានចូលរួមចំណែកក្នុងការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងលើកទឹកចិត្តឱ្យកិច្ចប្រជុំក្រុមការងារអាស៊ានស្តីពីនីតិវិធីគយនិងកិច្ចសម្រួលពាណិជ្ជកម្ម បន្ដខិតខំអនុវត្តផែនការអភិវឌ្ឍគយ សមាហរណកម្មគយអាស៊ាន ដើម្បីសម្រេចគោលដៅរបស់ប្រមុខរដ្ឋាភិបាលអាស៊ានដែលបានកំណត់ ។ ទន្ទឹមនេះ លោក Lee Boon Chong បានលើកឡើងពីវឌ្ឍនភាពដែលអាស៊ានបានធ្វើក្នុងកំឡុងពេល ៥ ឆ្នាំ និងបានថ្លែងកោតសរសើរពីក្រុមការងារនីតិវិធីគយនិងកិច្ចសម្រួលពាណិជ្ជកម្ម សម្រេចបានស្របតាមផែនការការងារឆ្នាំ២០១៩ ផងដែរ។
ជាកិច្ចបញ្ចប់ លោក នួន ច័ន្ទរិទ្ធ ក៏បានលើកទឹកចិត្តឱ្យកិច្ចប្រជុំក្រុមការងារអាស៊ានស្តីពីនីតិវិធីគយនិងកិច្ចសម្រួលពាណិជ្ជកម្ម បន្តពិភាក្សានិងជំរុញអនុវត្តការងារមួយចំនួនរួមមាន ការផ្តល់សច្ចាប័នលើពិធីសារទី២ស្តីពីការកំណត់ច្រកទ្វារព្រំដែនឆ្លងកាត់ (Protocol 2 on Designation of Frontier Posts),ការរៀបចំដាក់ឱ្យអនុវត្តសាកល្បងប្រព័ន្ធឆ្លងកាត់គយអាស៊ាន, ការពិនិត្យនិងធ្វើវិចារណកម្មលើតារាងពន្ធគយអាស៊ានឆ្នាំ២០១៧/១ ដើម្បីត្រៀមរៀបចំតារាងពន្ធគយអាស៊ានឆ្នាំ២០២២, ការរៀបចំដាក់ឱ្យអនុវត្តកម្មវិធីទទួលស្គាល់ប្រតិបត្តិករសេដ្ឋកិច្ចមានការអនុញ្ញាតអាស៊ាន (ASEAN Authorized Economic Operators-Mutual Recognition Arrangements) ជាដើមផងដែរ។