នាព្រឹកថ្ងៃចន្ទ ១០កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នៅអគ្គ​នាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីតម្លៃគិតពន្ធគយ (កម្រិតបឋម) ក្រោមអធិបតីភាពរបស់លោក សែ សុឃន អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយមានការចូលរួមពីគ្រូឧទ្ទេសនាមមកពីនាយកដ្ឋានផែនការ និងបច្ចេកទេស ដើម្បីធ្វើបទបង្ហាញដល់សិក្ខាកាមចំនួន ៤០ រូប មកពីបណ្តាអង្គភាពគយនិងរដ្ឋាករនានា។

វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ រៀបចំឡើងដោយ​អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយអនុ​លោម​​​តាមផែនការសកម្មភាពប្រចាំឆ្នាំ២០២០ ក៏ដូចជាគោលដៅយុទ្ធសាស្ត្រទី៥ នៃយុទ្ធសាស្ត្រកំណែទម្រង់និងទំនើបកម្មគយឆ្នាំ ២០១៩-២០២៣ ក្រោមក្របខ័ណ្ឌថវិកាកម្មវិធីរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ វគ្គបណ្តុះបណ្តា​ល​​នេះ មានគោលបំណងបង្កើនសមត្ថភាព និងចំណេះដឹងរបស់មន្រ្តីគយនិងរដ្ឋាករ​កម្ពុជាលើការងារ​​ផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយក្នុងក្របខ័ណ្ឌវិមជ្ឈការ ដើម្បីជាការចូលរួមចំណែកក្នុងការបង្កើន​ប្រសិទ្ធ​​​ភាពនៃការប្រមូលចំណូលពន្ធ និងអាករ​ជូនប្រទេសជាតិ ដែលកំពុងជួបស្ថានភាពដ៏លំបាកដោយ​សារ​កត្តាសត្យានុម័តដូចជា វិបត្តិជំងឺកូវីដ១៩ ជាសកលមិនទាន់ស្រាកស្រាន្ត និងគ្រោះមហន្តរាយធម្មជាតិដែលបង្កឡើងដោយជំនន់ទឹកភ្លៀង​ក្នុងប្រទេសដែលតម្រូវឱ្យផ្អាកការដឹកជញ្ជូនទំនិញតាមផ្លូវជាតិមួយចំនួន។

ថ្លែងក្នុងសុន្ទរកថាបើកវគ្គបណ្តុះបណ្តាល លោកអគ្គនាយករង សែ សុឃន បានគូសបញ្ជាក់ថា ក្នុងរយៈពេល មួយទសវត្សរ៍កន្លងមកនេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាមោទនៈ ក្នុងការអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់និងទំនើបកម្មរបស់ខ្លួន។ ក្នុងចំណោមការងារទាំងអស់នោះ ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវតម្លៃគិតពន្ធគយមិនត្រឹមតែបានចូលរួមចំណែកដ៏សំខាន់ក្នុងយន្តការកៀរគរចំណូល និងការលើកក​ម្ពស់វប្បធម៌សារពើពន្ធប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានចាត់ទុកថា ជាកត្តាគន្លឹះដែលជំរុញឱ្យមានជោគជ័យលើការងារផ្សេងទៀត ក្នុងការធ្វើកំណែទម្រង់និងទំនើបកម្មរដ្ឋបាលគយកម្ពុជាផងដែរ ស្របតាមឧត្តមានុវត្តន៍ជាអន្តរជាតិ សំដៅរក្សាឱ្យ​បាន​​​នូវអនុលោមភាពតាមកិច្ចព្រមព្រៀងអង្គការពាណិជ្ជកម្មពិភពលោកស្តីពីតម្លៃគិតពន្ធគយ។ ហេតុ​ដូច្នេះ ហើយទើបការលើកកម្ពស់សមត្ថភាពចំពោះមន្រ្តីតម្លៃគិតពន្ធគយ គឺជាការងារដ៏សំខាន់និង​ដែលត្រូវអនុវត្តជាប្រចាំ។ បន្ថែមលើនេះ ដើម្បីធានាបាននូវប្រសិទ្ធភាព​នៃការប្រមូលចំណូល មន្ត្រីគយ​គ្រប់រូប​គួរ​យល់ដឹង និងស្វែងយល់បន្ថែមចំណេះដឹង ក៏ដូចជាបទពិសោធន៍ថ្មីៗ ស្តីពីតម្លៃគិតពន្ធគយនិងបទប្បញ្ញត្តិពាក់ព័ន្ធ តាមរយៈមេរៀនដែលបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ដោយគ្រូបង្គោលមានដូចជា ៖ បទប្បញ្ញត្តិពាក់ព័ន្ធនឹងតម្លៃគិតពន្ធគយ, វិធីសាស្ត្រកំណត់តម្លៃគិតពន្ធគយ, ការស្វែងយល់ពីឯកសារនិ​​​​ង​​​វាក្យស័ព្ទពាណិជ្ជកម្ម, លក្ខខណ្ឌទិន្នន័យអប្បបរមានៅលើវិក្កយបត្រ, ការប្រើប្រាស់ប្រព័ន្ធប្រតិ​​​វេទន៍​​​​​តម្លៃគិតពន្ធគយនិងការចុះអាទិសង្កេត  និងការធ្វើលំហាត់អនុវត្តផ្ទាល់តាមរយៈករណីសិ​​​​ក្សា។

វគ្គបណ្តុះបណ្តាលត្រូវបានវាយតម្លៃខ្ពស់ និងបញ្ចប់ទៅ​​ដោយ​មាន​​ការចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិ​ក្ខា​កាមដែល​បាន​ចូលរួមសិក្សាយ៉ាងសកម្ម។ សិក្ខាកាមត្រូវ​បាន​​ជំរុញ​​​​​​​​​លើក​ទឹកចិត្ត​ឱ្យ​ប្រើប្រាស់ចំណេះដឹង និង​ព័ត៌​មាន​​ដែលទទួលបាន ព្រមទាំងបន្តចែករំលែក​ចំណេះដឹង​ជាមួយ​​​សហ​​​ការី​​​​​នៅតាមអង្គភាពរៀងខ្លួនផងដែរ។ វគ្គបណ្តុះបណ្តាល​នេះនឹងជួយលើកកម្ពស់ការយល់ដឹងរបស់មន្ត្រីគយនិងរដ្ឋាករ ដែលជាសិក្ខាកាមចូលរួមលើការ​ងារ​តម្លៃគិតពន្ធគយ ដែលជាការចូលរួមចំណែកក្នុងការបង្កើន​​ប្រសិទ្ធភាពនៃការប្រមូលចំណូល ក៏ដូចជាអនុវត្តបានត្រឹមត្រូវស្របតាមកិច្ចព្រមព្រៀងជាធរមានដែលកម្ពុជាជាសមាជិក។

1 2 3 4 5 6 7 8 9 10 11 12 13

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត