នាថ្ងៃអង្គារ ១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នៅ​សណ្ឋាគារសាន់វ៉េ រាជធានី​ភ្នំពេញ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ​បាន​រៀបចំ​​វគ្គបណ្តុះបណ្តាល ស្តី​ពី “តម្លៃគិតពន្ធគយ” ក្រោមអធិបតីភាពរបស់លោកស្រី ហេង សំអូន អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

វគ្គបណ្តុះបណ្តាល​នេះប្រព្រឹត្ត​ទៅ​​ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ក្នុង​គោលបំណង លើកកម្ពស់សមត្ថភាពនិងចំណេះដឹងរបស់មន្រ្តីគយនិងរដ្ឋាករកម្ពុជា ​លើ​ផ្នែកបច្ចេកទេសតម្លៃគិតពន្ធគយ ព្រមទាំងមានការចូលរួមពីមន្ត្រីគយនិងរដ្ឋាករពាក់ព័ន្ធ ចំនួន ៤២រូប។

ថ្លែងក្នុង​ពិធីបើកវគ្គបណ្តុះបណ្តាល លោកស្រី  ហេង សំអូន អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​ បាន​​​គូសបញ្ជាក់​ថា ការងារកំណត់តម្លៃគិតពន្ធគយនេះ មិនត្រឹមតែបានចូលរួមចំណែកដ៏សំខាន់ក្នុងការកៀរគរចំណូលប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានចាត់ទុកថា ជាកត្តាគន្លឹះដែលជំរុញឲ្យមានជោគជ័យលើការងារផ្សេងទៀត ក្នុងការធ្វើកំណែទម្រង់និងទំនើបកម្មរដ្ឋបាលគយកម្ពុជាផងដែរ។​​ វគ្គបណ្តុះបណ្តាលលើ​ប្រធានបទនេះ មាន​ភាព​ចាំបាច់​​ដែល​ត្រូវ​ធ្វើ​ឡើង​ជាប់ជាប្រចាំ​ ដើម្បីពង្រឹងសមត្ថភាព មន្រ្តីជំនាញ​ ក៏ដូចជាចូលរួមចំណែកក្នុងការ​បង្កើន​ប្រសិទ្ធភាព​នៃ​ការកៀរគរចំណូលគយ។ វគ្គបណ្តុះបណ្តាល នេះ​​គឺជាឱកាសល្អ​សម្រាប់សិក្ខាកាមទាំងអស់​​ទទួលបាននូវពុទ្ធិថ្មីៗ តាមរយៈការចែករំលែកចំណេះដឹងនិង បទពិសោធន៍នានាគាំទ្រឲ្យការងារផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយរួមមាន៖ បទប្បញ្ញត្តិពាក់ព័ន្ធនឹងតម្លៃគិតពន្ធគយ, វិធីសាស្ត្រកំណត់តម្លៃគិតពន្ធគយ ការស្វែងយល់ពីឯកសារពាណិជ្ជកម្ម, លក្ខខណ្ឌទិន្នន័យអប្បបរមានៅលើវិក្កយបត្រ, ប្រព័ន្ធប្រតិវេទន៍តម្លៃគិតពន្ធគយ និងការធ្វើលំហាត់អនុវត្តផ្ទាល់។

ជា​កិច្ចបញ្ចប់​ សិក្ខាកាមបានធ្វើការវាយតម្លៃខ្ពស់ចំពោះវគ្គបណ្តុះបណ្តាល និងបានសន្យាថានឹងប្រើប្រាស់ចំណេះ​​​​ដឹង​ និង​ព័ត៌មាន​ដែល​ទទួល​បា​ន​ក្នុង​វគ្គបណ្តុះបណ្តាល​នេះសម្រាប់ការអនុវត្តការងារប្រចាំថ្ងៃ ក៏ដូចជាបន្តចែករំលែកចំណេះដឹងជាមួយសហការី​នៅតាមបណ្តា​អង្គភាព​រៀង​ៗខ្លួន។

បន្ទាប់ពីវគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃនេះបានប្រព្រឹត្តចប់សព្វគ្រប់ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានបន្តរៀបចំកម្មវិធីលើកកម្ពស់ការយល់ដឹងលើប្រធានបទ ដដែលនេះ ជូនតំណាងក្រុមហ៊ុនចំនួន ២៥ ត្រូវជាអ្នកចូលរួមប្រមាណ ៤០ រូប ដែលជា ធុរជន ម្ចាស់ទំនិញ ប្រតិបត្តិករដឹកជញ្ជូន និងជើងសាគយពាក់ព័ន្ធ។ សិក្ខាកាមចូលរួមកម្មវិធីនេះ នឹងទទួលបានចំណេះដឹងអំពីការកំណត់តម្លៃគិតពន្ធគយ ឯកសារពាណិជ្ជកម្ម និងការរៀបចំសំណុំឯកសារស្នើសុំផ្ទៀងផ្ទាត់តម្លៃគិតពន្ធអោយបានត្រឹមត្រូវតាមបទប្បញ្ញត្តិជាធរមាន ដើម្បីចៀសវាងការប្រឈមនឹងការយឺតយ៉ាវ ឬការផ្អាកជាយថាហេតុនូវដំណើរការផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយដោយសារឯកសារពុំមានសង្គតភាព ព្រមទាំង ដើម្បីចូលរួមលើកម្ពស់វប្បធម៌សារពើពន្ធនៅកម្ពុជាផងដែរ។

IMG_2544 IMG_2634 IMG_2672 IMG_2830_1 photo_2018-09-29_10-23-29

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត