នាព្រឹកថ្ងៃច័ន្ទ ០២ កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរៀបចំសិក្ខាសាលា​ស្តីពីតម្លៃគិតពន្ធគយ ក្រោម​អធិបតីភាពរបស់លោក ផា អេងវ៉េង អគ្គនាយករង នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយមានការចូលរួមពីគ្រូឧទ្ទេសនាមមកពីអង្គការគយពិភពលោក និងរដ្ឋបាលគយជប៉ុន ដើម្បីធ្វើបទបង្ហាញដល់សិក្ខាកាមចំនួន ៥៣ រូប មកពីបណ្តាអង្គភាពគយនិងរដ្ឋាករនានា។

សិក្ខាសាលានេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ រៀបចំឡើងដោយ​អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សហការជាមួយអង្គការគយពិភពលោក ដោយអនុ​លោម​​​តាមផែនការសកម្មភាពប្រចាំឆ្នាំ២០២០ និងយុទ្ធសាស្ត្រកំណែទម្រង់និងទំនើបកម្មគយរបស់អគ្គ​​នាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងគោលបំណងលើកកម្ពស់សមត្ថភាព និងចំណេះដឹងរបស់មន្រ្តីគយនិងរដ្ឋាករកម្ពុជា លើជំនាញតម្លៃគិតពន្ធគយឱ្យកាន់តែមានលក្ខណៈស៊ីជម្រៅ ដោយផ្តោតជាសំខាន់លើការកែតម្រូវលើវិធានទី១នៃតម្លៃចម្លងការ ប្រតិបត្តិការនៃភាគីពាក់ព័ន្ធ វិធាន​បញ្ជាក់ជាមុន និងករណីស្មុគ្រស្មាញផ្សេងទៀតពាក់ព័ន្ធនឹងតម្លៃគិតពន្ធគយ។

ថ្លែងក្នុងសុន្ទរកថាបើកសិក្ខាសាលា លោក ផា អេងវ៉េង បានគូសបញ្ជាក់ថា ការប្រមូលចំណូលនៅតែជាបេសកកម្មដ៏សំខាន់របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយសារចំណូលដែល​ប្រមូលដោយគយបានចូលរួមចំណែកដ៏សំខាន់ដល់ថវិកាជាតិ។ ដើម្បីធានាបាននូវប្រសិទ្ធភាព​នៃការប្រមូលចំណូល, ការសម្រួលលំហូរពាណិជ្ជកម្មអន្តរជាតិ, ធានាខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិ និងពង្រឹងនីតិវិធីគយ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានប្តេជ្ញា​បន្តក្នុង​ការ​ធ្វើទំនើបកម្មបន្ថែមទៀតដើម្បីបំពេញតួនាទីជាអ្នកផ្តល់សេវាកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់ស្របតាមស្តង់ដារ​វិជ្ជាជីវៈ និង​សង្គតិភាពជាមួយការអនុវត្តន៍ល្អជាលក្ខណៈអន្តរជាតិដើម្បីបំពេញសេចក្តីត្រូវការរបស់ធុរជនពាក់ព័ន្ធ។

ជា​ចុងបញ្ចប់ ​លោកអគ្គនាយក​រង ​ក៏បានផ្តាំផ្ញើឱ្យសិក្ខាកាមទាំងអស់ចូលរួមយ៉ាងសកម្មក្នុង​ការ​ពិភាក្សា​និង​ផ្លាស់ប្តូរ​មតិយោបល់ដើម្បីក្រេបជញ្ជក់យកនូវ​ចំណេះដឹងល្អៗ​បន្ថែមទៀតពីគ្រូឧទ្ទេស​នាមមកពីរដ្ឋបាល​គយជប៉ុន និងអង្គការ​គយពិភពលោក។

សិក្ខាសាលានេះនឹងជួយលើកកម្ពស់ការយល់ដឹងរបស់មន្ត្រីគយនិងរដ្ឋាករដែលជាសិក្ខាកាមចូលរួមលើការងារតម្លៃគិតពន្ធគយ ដែលជាការចូលរួមចំណែកក្នុងការបង្កើនប្រសិទ្ធភាពនៃការប្រមូលចំណូល ក៏ដូចជាអនុវត្តបានត្រឹមត្រូវស្របតាមកិច្ចព្រមព្រៀងជាធរមានដែលកម្ពុជាជាសមាជិក។

1

2

3

4

5

6

7

8

9

10

11

12

13

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត