កាលពីរសៀលថ្ងៃចន្ទទី១៣កើតខែពិសាខ ឆ្នាំជូតទោស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត គុណ ញឹម  អនុប្រធានទី១គណៈអចិន្រ្តៃយ៍ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកៀនស្វាយ  អមដោយថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឧិវាទមួយចំនួន ដែលជាប្រធាន អនុប្រធាន និងសមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំទាំង៨ នៃស្រុកកៀនស្វាយ បាននាំយកអំណោយជាសម្ភារៈនិងបរិក្ខារមួយចំនួនសម្រាប់ចូលរួមទប់ស្កាត់ការរាតត្បាតនៃជំងឺផ្លូវដង្ហើមប្រភេទថ្មីដែលបណ្តាលមកពីវីរុសកូរ៉ូណា ឬកូវីដ១៩ ។ អំណោយទាំងនេះត្រូវបានចែកជូនដល់គណៈកម្មាធិការគណបក្សស្រុកកៀនស្វាយ គណបក្សឃុំទាំង ៨, ​មន្ទីរពេទ្យបង្អែកស្រុក , មណ្ឌលសុខភាពតាមឃុំទាំង៨, វិទ្យាល័យទាំង៣ និងអនុវិទ្យាល័យទាំង៥ កងកម្លាំងប្រដាប់អាវុធ (នគរបាល និងកងរាជអាវុធហត្ថ) នៃស្រុកកៀនស្វាយ ។ អំណោយដែលបាននាំយកមកចែកជូននេះមាន អាល់កុលចំនួន ៤០ កាន (ស្មើនឹង ១២០០ លីត្រ), ម៉ាស់ ១៩,៥០០ បន្ទះ, ប្រដាប់វាស់សីតុណ្ហភាព ១៣ ​គ្រឿង, សម្លៀកបំពាក់ពេទ្យការពារមេរោគ ៥០កំប្លេ និងស្រោមដៃ៥០គូ ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម គុណ ញឹមបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ បានលទ្ធផលល្អប្រសើrដោយទប់ស្កាត់បានការរាលដាលឆ្លងក្នុង សហគមន៍ ព្រមទាំងបានព្យាបាលអ្នកដែលបានឆ្លងជម្ងឺនេះឲ្យជាសះស្បើយស្ទើរតែទាំងអស់ ។ ក៏ប៉ុន្តែ ពិភពលោកទាំងមូលក៏ដូចជាតំបន់របស់យើងនេះការរីករាលដាលឆ្លងជម្ងឺនេះនៅមានអត្រាខ្ពស់នៅឡើយ។ ដូច្នេះហើយ កម្ពុជា និងប្រជាជនកម្ពុជាទាំងអស់ត្រូវតែបន្តអនុវត្តឲ្យបានខ្ជាប់ខ្ចួននូវរាល់ការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ ។ អំណោយដែលក្រុមការងារថ្នាក់កណ្ដាលនាំយកមកចែកជូននាពេលនេះ គឺជាការបន្តចូលរួមចំណែក និងគាំទ្រដល់គ្រប់អង្គភាពនៃស្រុកកៀនស្វាយក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ។ គួរបញ្ជាក់ថា កន្លងមក ក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំនៃស្រុកកៀនស្វាយក៏បាននាំយកអំណោយស្រដៀងគ្នានេះដែរមកចែកជូនមូលដ្ឋានឃុំទាំង ៨នៃស្រុកកៀនស្វាយ ។

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត