នាថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៣:០០នាទីរសៀល អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានទទួលគណៈប្រតិភូដឹកនាំដោយ លោក Wu Guoquan ទីប្រឹក្សាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម អមស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន និងលោក  Jun Jing ប្រធានសភាពាណិជ្ជកម្មចិនប្រចាំនៅកម្ពុជា ដើម្បីប្រគល់អំណោយម៉ាស់ (Mask) ការពារមេរោគ ចំនួន 50,000ម៉ាស់ (ហាសិបពាន់) ជូនដល់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែលជាផ្នែកមួយនៃការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងយាយីដល់សុខភាព និងអាយុជីវិតប្រជាពលរដ្ឋកម្ពុជា និងពិភពលោកទាំងមូល។

ក្នុងឱកាសនេះ លោក  Jun Jing ប្រធានសភាពាណិជ្ជកម្មចិនប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណ ដល់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការល្អ និងកិច្ចសម្រួលពាណិជ្ជកម្ម ដល់ធុរជនចិនដែលកំពុងធ្វើធុរកិច្ចពាក់ព័ន្ធប្រតិបត្តិការគយនៅកម្ពុជា។

ជាកិច្ចឆ្លើយតប ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់រដ្ឋាភិបាលចិន ក៏ដូចជា​ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ដែលតែងតែផ្តល់ការគាំទ្រ ពិសេសការផ្តល់ជំនួយទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសក្នុងការពង្រឹងនិងកសាងសមត្ថភាពរដ្ឋបាលគយកម្ពុជានាពេលកន្លងមក។ ទន្ទឹមគ្នានេះ ឯកឧត្តមប្រតិភូក៏បានថ្លែងអំណរគុណដល់សភាពាណិជ្ជកម្មចិនប្រចាំនៅកម្ពុជា ដែលបាននាំយកអំណោយដ៏ថ្លៃថ្លានេះជូនដល់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែលបានបង្ហាញពីសមានចិត្តចូលរួមចែករំលែក និងស្មារតីសាមគ្គីភាព មិត្តភាពដ៏យូរលង់ និងរឹងមាំរវាងកម្ពុជា-ចិនយ៉ាងពិតប្រាកដ។ អំណោយនេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានឹងចែកជូនដល់មន្រ្តីគយនិងរដ្ឋាករដែលកំពុងបំពេញភារកិច្ចជួរមុខនៅតាមបណ្តាព្រំដែន និងអាកាសយានដ្ឋានអន្តរជាតិ​ ដែលធ្វើការប្រាស្រ័យ​ទាក់ទងផ្ទាល់ជាមួយអ្នកដំណើរចេញ-ចូលនិងធុរជនពាក់ព័ន្ធផ្សេងៗ ហើយមួយផ្នែកទៀតនឹងយកទៅប្រើប្រាស់ក្នុងគោលដៅមនុស្សធម៌ជូនដល់ជនងាយរងគ្រោះ កុមារកំព្រា ដើម្បីទប់ស្កាត់និងប្រយុទ្ធនឹងជំងឺផ្លូវដង្ហើមប្រភេទថ្មីដ៏គ្រោះថ្នាក់នេះ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបញ្ជាក់អះអាងថានឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទជាមួយសមាគមធុរជនចិនដើម្បីដោះស្រាយបញ្ហាប្រឈមនានា និងត្រៀមខ្លួនជាស្រេចក្នុងការផ្តល់​កិច្ចសម្រួលពាណិជ្ជកម្មបន្ថែមទៀត ក្នុងពេលដែលំហូរ​ពាណិជ្ជកម្មមានសន្ទុះឡើងវិញក្រោយពេលវិបត្តិជំងឺកូវីដ១៩ ត្រូវបានបញ្ចប់នាថ្ងៃខាងមុខ ដើម្បីបង្កភាពងាយស្រួល​សម្រាប់ដំណើរអាជីវកម្ម និងវិនិយោគរបស់សមាជិកសមាគមធុរជនចិនពាក់ព័ន្ធនានានៅកម្ពុជា។

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត