នាព្រឹក ថ្ងៃច័ន្ទ ៧ រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានប្រារព្ធកម្មវិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការត្រួតពិនិត្យឯកសារ ការត្រួតពិនិត្យរូបវន្តទំនិញនាំចេញ-នាំចូល និងបទប្បញ្ញត្តិពាក់ព័ន្ធ” ក្រោមអធិបតីភាពរបស់លោកស្រី ហេង សំអូន អគ្គនាយករង នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងមានការចូលរួមពីគ្រូឧទ្ទេសនាមមកពីនាយកដ្ឋាន សាខា និងការិយាល័យមួយចំនួន នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចូលរួមផ្តល់បទឧទ្ទេសនាមដល់សិក្ខាកាមចំនួន ៥០ រូប មកពីបណ្តាអង្គភាពគយនិងរដ្ឋាករទូទាំងប្រទេស។
វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ រៀបចំឡើងដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អនុលោមតាមផែនការសកម្មភាពប្រចាំឆ្នាំ២០១៩ និងយុទ្ធសាស្ត្រនិងកម្មវិធីកំណែទម្រង់និងទំនើបកម្មរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងគោលបំណងលើកកម្ពស់សមត្ថភាព និងចំណេះដឹងរបស់មន្រ្តីគយនិងរដ្ឋាករកម្ពុជា លើជំនាញត្រួតពិនិត្យឯកសារពាណិជ្ជកម្មពាក់ព័ន្ធ, ត្រួតពិនិត្យរូបវន្តទំនិញ និងជាពិសេសដើម្បីធ្វើបច្ចុប្បន្នភាពបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន ក៏ដូចជាការវិវត្តថ្មីៗនៃការធ្វើពាណិជ្ជកម្មអន្តរជាតិ។
ថ្លែងក្នុងសុន្ទរកថាបើកវគ្គបណ្តុះបណ្តាល លោកស្រី ហេង សំអូន បានគូសបញ្ជាក់ថា ក្នុងបរិបទនៃសេរីភាវូបនីយកម្មនៃពាណិជ្ជកម្មអន្តរជាតិទូទាំងសាកលលោក កម្ពុជាក៏ដូចជាប្រទេសដទៃទៀតដែលបាននិងកំពុងអនុវត្តកិច្ចព្រមព្រៀងកិច្ចសម្រួលពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក ដើម្បីពង្រឹងភាពប្រកួតប្រជែង កាត់បន្ថយរបាំងពន្ធគយ និងបង្កើនការនាំចេញដើម្បីសម្រេចបាននូវគោលដៅនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ ជាមួយនឹងការកើនឡើងឥតឈប់ឈរនៃសកម្មភាពពាណិជ្ជកម្មពិភពលោកនេះ មន្ត្រីគយនិងរដ្ឋាករត្រូវប្រឈមនឹងបញ្ហាជាច្រើនរួមមានការក្លែងបន្លំឯកសារពាណិជ្ជកម្មពាក់ព័ន្ធ ការបន្លំយថាប្រភេទនិងបរិមាណទំនិញ ក៏ដូចជាការលួចនាំចូលទំនិញហាមឃាត់ជាដើម។ វគ្គបណ្តុះបណ្តាលនាពេលនេះ ពិតជាត្រូវបានរៀបចំឡើងស្របពេលចាំបាច់ដែលត្រូវពង្រឹងសមត្ថភាពមន្ត្រីគយនិងរដ្ឋាករដើម្បីបន្តទប់ស្កាត់ការក្លែងបន្លំនានា ក្នុងន័យសំដៅអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការងារត្រួតពិនិត្យឯកសារ និងរូបវន្តទំនិញ ។
លោកស្រីអគ្គនាយករង សង្ឃឹមថាវគ្គបណ្តុះបណ្តាលនេះ នឹងលើកកម្ពស់ការយល់ដឹងរបស់មន្ត្រីគយនិងរដ្ឋាករដែលជាសិក្ខាកាមទាំងអស់ លើការងារត្រួតពិនិត្យឯកសារនិងរូបវន្តទំនិញ ដែលជាការចូលរួមចំណែកក្នុងការបង្កើនប្រសិទ្ធភាព នៃការប្រមូលចំណូល ក៏ដូចជាអនុវត្តបានត្រឹមត្រូវនៃក្របខ័ណ្ឌច្បាប់ និងអនុលោមតាមកិច្ចព្រមព្រៀងជាធរមានដែលកម្ពុជាជាសមាជិក។