ក្នុងនាមព្រះរាជាណាចក្រកម្ពុជាជាម្ចាស់ផ្ទះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំក្រុមការងារអាស៊ានស្តីពីការអនុវត្តច្បាប់និងអនុលោមភាពគយលើកទី២២ ដែល នឹង​​​​​​ត្រូវ​​ប្រព្រឹត្ត​ទៅ​រយៈពេល​ ៣ ថ្ងៃ ចាប់ពីថ្ងៃទី២២-២៤ ខែសីហា ឆ្នាំ២០១៧ នៅសណ្ឋាគារ​សាន់វ៉េ រាជធានី​ភ្នំពេញ។​ ​កិច្ចប្រជុំ​នេះ​ត្រូវ​បានចូលរួមដោយ​គណៈប្រតិភូគយនៃប្រទេសជាសមាជិកអាស៊ានទាំង ៩ និង​មន្រ្តី​លេខា​ធិការ​ដ្ឋាន​​​អាស៊ានផងដែរ ដោយអវត្ត​មាន​ប្រទេស​ឡាវ ។

គោលបំណងសំខាន់នៃកិច្ចប្រជុំនេះរួមមាន​៖ ១). ការពិនិត្យវាយតម្លៃលទ្ធផលការងារពាក់ព័ន្ធផែនការ​យុទ្ធសាស្រ្ត​​​​អភិវឌ្ឍន៍គយលើផ្នែកសវនកម្មក្រោយបញ្ចេញទំនិញពីគយដែលជាយន្តការគាំទ្រដល់ការពង្រឹង​អនុ​លោម​​ភាព​គយផ្នែក​អនុវត្តច្បាប់ និងការជួយគ្នាទៅវិញទៅមក និងផ្នែកកិច្ចការពារសង្គមនិងសន្តិសុខ ដែល​ផ្តោត​​​​​សំខាន់​​គឺ​ការ​ប្រយុទ្ធ​ប្រឆាំង​​បទល្មើសឆ្លងដែននានា រួមទាំង​ការរំលោភកម្ម​សិទ្ធិបញ្ញា​ការនាំចេញ​នាំចូល​ទំនិញ​​​ក្លែង​ក្លាយ​ និង​សំណល់​គ្រោះថ្នាក់​​ផងដែរ និង ២). ការដាក់ចេញ​នូវអនុសាសន៍​ក៏​ដូចជា​ផែនការ​ការងារ​សម្រាប់​​​​រយៈពេល​វែងរហូតដល់​ឆ្នាំ​២០២៥​ ដើម្បី​សម្រេច​​​ឲ្យ​បាននូវគោលដៅអភិវឌ្ឍន៍ក៏​ដូចជា​លទ្ធផល​ជាក់ស្តែង​​នៃ​ការងារតាមផ្នែកទាំង ៣ ខាង​លើ​។​

ទោះបីរដ្ឋបាលគយអាស៊ានបានសម្រេចលទ្ធផលជាច្រើនមកហើយក្តី ការងារកសាងសមត្ថភាពស្ថាប័ន​និង​​ធនធាន​មនុស្ស ការអភិវឌ្ឍផ្នែកច្បាប់និងបច្ចេកទេសគយ និងការពង្រឹងកិច្ចសហប្រតិបត្តិការគយក្នុងអាស៊ាន​នៅជាការងារសំខាន់ជាអាទិភាព។ នៅក្នុងនោះ កិច្ចប្រជុំនឹងពិភាក្សាជាច្រើន ដើម្បីជំរុញឲ្យមានការចែករំលែក​ចំណេះ​ដឹង​ជំនាញ​និងបទពិសោធន៍​ និងពង្រឹងបណ្តាញទំនាក់ទំនងក្នុងការចែកចាយព័ត៌មាន ដែលបម្រើឲ្យ​ការងារ​កំណត់មុខសញ្ញា ការទប់ស្កាត់ ការបង្ការនិងការបង្រ្កាប​អំពើរត់គេចពន្ធ​និងបទល្មើសឆ្លងដែន​នានា​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាពនិងទទួលបានលទ្ធផលល្អបន្ថែមទៀត។

កម្រិតអភិវឌ្ឍន៍និងការយល់ដឹងជាសាធារណៈអំពីការគោរពច្បាប់របស់ប្រទេសជាសមាជិកអាស៊ាននៅ​មាន​ភាព​​​​ខុសៗគ្នា​ រីឯស្ថានភាពបទល្មើសនៅក្នុងប្រទេសនីមួយៗក៏មិនដូចគ្នាដែរ។ អ្នកប្រព្រឹត្តបទល្មើសបាន​និង​កំពុង​រិះរក​​គ្រប់​ល្បិចកលក្នុងការរត់ឆ្លងដែន និងគេចបន្លំពន្ធជារៀងរាល់ថ្ងៃ ដែលធ្វើឲ្យប៉ះពាល់ដល់ការ​ប្រមូល​​ចំណូលរដ្ឋ ការ​​ប្រកួតប្រជែងដោយសមធម៌ ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមជាដើម នៅពេល​ដែលរដ្ឋបាល​គយ​ត្រូវធានា​តុល្យភាព​រវាងការសម្រួលពាណិជ្ជកម្មនិងការគ្រប់គ្រងរបស់គយ។​ នេះជាការងារ​លំបាក​មួយហើយក៏​ជាមូលដ្ឋាន​សំខាន់​សម្រាប់​កិច្ចប្រជុំចំនួន ៣ ថ្ងៃនេះ ដែលនឹងត្រូវពិភាក្សាកំណត់នូវវិធានការនិងសកម្មភាពការងារ សម្រាប់​កិច្ចសម្រួល​​ពាណិជ្ជកម្ម​ល្អប្រសើរ​ ការប្រមូលពន្ធបានពេញលេញហើយបទល្មើស​រត់ពន្ធ​ឆ្លងដែន​ក៏ដូចជាការ​គេច​បន្លំ​​​​​​​ពន្ធ​​គ្រប់ប្រភេទត្រូវបានគ្រប់គ្រងយ៉ាងមានប្រសិទ្ធភាព។

វិធានការនិងសកម្មភាពការងារទាំងនេះនឹងត្រូវពិនិត្យឡើងវិញជាប្រចាំនៅកិច្ចប្រជុំលើកក្រោយ ដែល​កិច្ចប្រជុំ​នេះ​ត្រូវរៀបចំឡើង​ ២ ដងរៀងរាល់ឆ្នាំ ដើម្បីធានាប្រសិទ្ធភាពនិងទទួលបានជោគជ័យ។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបេ្តជ្ញាចូលរួមជាមួយរដ្ឋបាលគយជាសមាជិក ដើម្បី​ធ្វើឲ្យ​អនុ​សាសន៍​​និងផែនការសកម្មភាពសម្រេចបានក្នុងអង្គប្រជុំនេះទទួលបានជោគជ័យ។

photo_2017-08-28_16-32-07 photo_2017-08-28_16-32-28 photo_2017-08-28_16-32-32 photo_2017-08-28_16-32-52 photo_2017-08-28_16-33-00 photo_2017-08-28_16-33-02 photo_2017-08-28_16-33-13 photo_2017-08-28_16-33-18 photo_2017-08-28_16-33-23 photo_2017-08-28_16-33-29

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត