១. តើប្រតិវេទន៍គយ ត្រូវបំពេញដូចម្តេច?

ចម្លើយៈ ប្រតិវេទន៍គយ​ (ឯកសាររដ្ឋបាល​តែមួយ​)​ គឺជា​ឯកសារតែមួយ​ប្រើសម្រាប់គ្រប់របបបញ្ចេញទំនិញ​ពីគយ​ ការនាំចូល​ ការនាំចេញ​ ភណ្ឌាគារគយ​ ។ល។​ ការបំពេញ​ប្រតិវេទន៍គយ ត្រូវអនុវត្តតាម​ឧបសម្ព័ន្ធ​ «ក» នៃ​ប្រកាស​លេខ ១៤៤៧​ សហវ.ប្រក​ ចុះថ្ងៃទី​២៦​ ខែធ្នូ​ ឆ្នាំ២០០៧​ ស្តីពី​ បញ្ញត្តិ​ និង​នីតិវិធីប្រតិវេទន៍គយ​។​


២. តើពន្ធនិងអាករលើទំនិញនាំចូល នាំចេញ ត្រូវគណនាដូចម្តេច ?

ចម្លើយៈ ពន្ធ​ និងអាករលើទំនិញនាំចូល​ នាំចេញ ត្រូវបាន​គណនាតាមវិធីសាស្ត្រដូចខាងក្រោម៖

ក. ចំពោះទំនិញទូទៅ
ការគណនាប្រាក់ពន្ធ​ អាករ​ ត្រូវគណនា​តាមលំដាប់លំដោយ​ ជាដំបូងត្រូវគណនាពន្ធនាំចូល​ អាករពិសេស​ (បើមាន)​ និងអាករលើតម្លៃបន្ថែម។​

 • ពន្ធនាំចូល​        = តម្លៃគិតពន្ធគយ​ x អត្រាពន្ធនាំចូល
 • អាករពិសេស​      = (តម្លៃគិតពន្ធគយ​ + ពន្ធនាំចូល​) x អត្រាអាករពិសេស
 • អាករលើតម្លៃបន្ថែម​ = (តម្លៃគិតពន្ធគយ​ + ពន្ធនាំចូល​) x ១០%​ (ចំពោះទំនិញទូទៅ​មិនជាប់អាករពិសេស)

ឬ           = (តម្លៃគិតពន្ធគយ​ + ពន្ធនាំចូល​ + អាករពិសេស) x ១០%​ (ចំពោះទំនិញទូទៅ​)

ប្រាក់ពន្ធ​ និងអាករសរុប​ = ពន្ធនាំចូល​ + អាករលើតម្លៃបន្ថែម​ (ចំពោះទំនិញទូទៅ​មិនជាប់អាករពិសេស)

ឬ       = ពន្ធនាំចូល​ + អាករពិសេស​ + អាករលើតម្លៃបន្ថែម​ (ចំពោះទំនិញទូទៅ​ជាប់

អាករពិសេស)

ឧទាហរណ៍ៈ​ ក្រុមហ៊ុន​ A នាំចូលស្រាបៀរចំនួន​ 20 កេស​ ដែលមានតម្លៃគិតពន្ធគយស្មើ​ 4លានរៀល​។​ តើប្រាក់ពន្ធ​ និងអាករសរុប​ដែលត្រូវបង់ស្មើប៉ុន្មាន​ ?

ចម្លើយៈ​ ការនាំចូលស្រាបៀរ​ ត្រូវជាប់ពន្ធនាំចូល​តាមអត្រា 35%​ អាករពិសេស ​25%​ និង​អាករលើតម្លៃបន្ថែម​
10% ។​ ការគណនាប្រាក់ពន្ធ​ និងអាករ​ មានដូចខាងក្រោម៖

 • ពន្ធនាំចូល​        = 4,000,000 x 35% = 1,400,000រៀល
 • អាករពិសេស​     = (4,000,000 + 1,400,000) x 25% = 1,350,000​រៀល
 • អាករលើតម្លៃបន្ថែម​ = (4,000,000 + 1,400,000 + 1,350,000) x 10%

= 675,000 រៀល

​​​             ដូចនេះ​ ប្រាក់ពន្ធ​ និងអាករសរុបដែលត្រូវបង់​ = 1,400,000 + 1,350,000 + 675,000

= 3,425,000 រៀល​។

ខ. ចំពោះ​ប្រេងសាំង​ ឬម៉ាស៊ូត

ការគណនាប្រាក់ពន្ធ​ អាករ​ ត្រូវគណនា​តាមលំដាប់លំដោយ​ ជាដំបូងត្រូវគណនាពន្ធនាំចូល​ អាករបន្ថែម​ អាករពិសេស​ និងអាករលើតម្លៃបន្ថែម។​

 • ពន្ធនាំចូល​          = តម្លៃគិតពន្ធគយ​ x អត្រាពន្ធនាំចូល
 • អាករបន្ថែម​           = បរិមាណ (ចំនួនលីត្រ) x 0.02$ x អត្រាប្តូរប្រាក់​ (ចំពោះប្រេងសាំង)

ឬ           = បរិមាណ (ចំនួនលីត្រ) x 0.04$ x អត្រាប្តូរប្រាក់​ (ចំពោះប្រេងម៉ាស៊ូត)

 • អាករពិសេស​        = (តម្លៃគិតពន្ធគយ​ + ពន្ធនាំចូល​ + អាករបន្ថែម​) x អត្រាអាករពិសេស
 • អាករលើតម្លៃបន្ថែម​ = (តម្លៃគិតពន្ធគយ​ + ពន្ធនាំចូល​ + អាករបន្ថែម + អាករពិសេស) x ១០%

ប្រាក់ពន្ធ​ និងអាករសរុប​ = ពន្ធនាំចូល​ + អាករបន្ថែម​ + អាករពិសេស​ + អាករលើតម្លៃបន្ថែម​

ឧទាហរណ៍ៈ​ ក្រុមហ៊ុន​ B នាំចូលប្រេងសាំង​ 100 លីត្រ ដែលមានតម្លៃគិតពន្ធគយស្មើ​ 250,000រៀល​។​ តើប្រាក់ពន្ធ​ និងអាករសរុប​ដែលត្រូវបង់ស្មើប៉ុន្មាន​ ? ដោយដឹងថា​ អត្រាប្តូរប្រាក់​ 1$ = 4,000 រៀល។

ចម្លើយៈ​ ការនាំចូលប្រេងសាំង​​ ត្រូវជាប់ពន្ធនាំចូល​តាមអត្រា 35%​ អាករបន្ថែម​ 0.02$ ក្នុង 1លីត្រ អាករពិសេស ​
33.33%​ និង​អាករលើតម្លៃបន្ថែម ​10% ។​ ការគណនាប្រាក់ពន្ធ​ និងអាករ​ មានដូចខាងក្រោម៖

 • ពន្ធនាំចូល​         = 250,000 x 35% = 87,500រៀល
 • អាករបន្ថែម​       =​ 100 x 0.02 x 4000 = 8,000 រៀល
 • អាករពិសេស​     = (250,000 + 87,500 + 8,000) x 33.33% = 115,155.15 ​រៀល
 • អាករលើតម្លៃបន្ថែម​ = (250,000 + 87,500 + 8,000 + 115,155.15) x 10%

= 46,065.52 រៀល

​​​             ដូចនេះ​ ប្រាក់ពន្ធ​ និងអាករសរុបដែលត្រូវបង់​ = 87,500 + 8,000 + 115,155.15 + 46,065.52

= 256,721 រៀល​។

 


៣. ដូចម្តេចដែលហៅថាទំនិញគ្មានការទាមទារ ?

ចម្លើយៈ ទំនិញគ្មានការទាមទារ​ គឺ៖

 • ទំនិញរក្សាទុកក្នុងទីកន្លែងសន្និធិគយបណ្តោះអាសន្ន​ (ឃ្លាំង​ ឬទីលានបញ្ចេញទំនិញពីគយ​) ឬក្នុងភណ្ឌាគារ​គយ​មានដែនកំណត់​ ដែល​ហួសរយៈពេល​កំណត់​ក្រោមបញ្ញត្តិនៃច្បាប់ស្តីពីគយ។
 • ទំនិញ​ផ្ញើតាម​ប្រៃសណីយ៍​ដែល​គម្យជន​បដិសេធមិនទទួលយក​ ឬ​គម្យជន​ពុំត្រូវ​បានរកឃើញ​និងមិន​អាចបញ្ជូន​ទំនិញ​ទៅអ្នកផ្ញើវិញបាន​។
 • ទំនិញ​និង​មធ្យោបាយដឹកជញ្ជូន​ពុំជាប់អាយ័ត​ដែល​ស្ថិតនៅក្នុង​កន្លែងបញ្ចេញ​ទំនិញ​ពីគយ​ ហើយម្ចាស់​បានបោះបង់​ចោលជាលាយលក្ខណ៍​អក្សរ​។

៤. តើនិមុត្តិធានាមានទម្រង់បែបណាខ្លះ ហើយត្រូវបានតម្រូវឱ្យតម្កល់ក្នុងកាលៈទេសៈណាខ្លះ?

ចម្លើយៈ យោងបញ្ញត្តិមាត្រា​៤១​នៃច្បាប់ស្តីពីគយនិងប្រកាសលេខ​ ១១២​ សហវ.​ប្រក​ ចុះថ្ងៃទី​១៥​ ខែ​កុម្ភៈ​ ឆ្នាំ២០០៨​ និមុត្តិធានា​ អាចមាន​ទម្រង់​ជា​៖

 • សាច់ប្រាក់​ ឬមូលប្បទានប័ត្រ​ដែលមានការបញ្ជាក់​ពីធនាគារ​
 • ប័ណ្ណធានា​ ឬនិមុត្តិធានា​ដែលចេញដោយធានាគារ​ ក្រុមហ៊ុនធានារ៉ាប់រង​ ឬស្ថាប័នរដ្ឋ​
 • លិខិតុបករណ៍តាមទម្រង់ផ្សេងទៀត​ដែលមានការយល់ព្រមពី​អគ្គនាយកដ្ឋាន​គយ​ និងរដ្ឋាករកម្ពុជា​។

និមុត្តិធានា​ អាចតម្រូវឱ្យតម្កល់​ក្នុង​កាលៈទេសៈ​ដូចតទៅ​​​​​​​​​​​​​​​​​​​​៖

 • ការយកទំនិញ​ចេញពីគយ​មុនពេលបង់ពន្ធនិងអាករ​
 • ការចរាចរទំនិញក្នុងរង្វង់​ ឬឆ្លងកាត់ដែនគយក្រោមរបបឆ្លងកាត់
 • ការប្រកប​ធុរកិច្ច​ជាជើងសារគយ​ ប្រតិបត្តិករភណ្ឌាគារគយមានដែនកំណត់ និងប្រតិបត្តិករទីកន្លែងសន្ធិគយបណ្តោះអាសន្ន
 • ការនាំចូល និងនាំចេញទំនិញជាបណ្តោះអាសន្ន
 • ការយកទំនិញចេញេពីគយដោយរង់ចាំសេចក្តីសម្រេចលើការតវ៉ា ឬលើទំនិញដែលត្រូវបានឃាត់ទុកជាបណ្តោះអាសន្ន
 • កាលៈទេសៈផ្សេងទៀតតាមដែលអាចតម្រូវដោយរដ្ឋបាលគយ ។

៥. តើលិខិតអនុញ្ញាតដឹកជញ្ជូនត្រូវបានប្រើប្រាស់ដូចម្តេច?

ចម្លើយៈ លិខិតអនុញ្ញាតដឹកជញ្ជូន​ ត្រូវបាន​ប្រើប្រាស់៖

 • ចំពោះតែទំនិញនាំចូល​ដែលបានបំពេញបែបបទគយ​ចប់សព្វគ្រប់​ ហើយពុំអាចដឹកជញ្ជូន​ទាំងស្រុង​ក្នុងមធ្យោបាយ​ដឹកជញ្ជូនតែមួយ​ ដោយហេតុថា​មានបរិមាណច្រើន​ ឬហេតុផលសមស្រប​ផ្សេងទៀត​ប៉ុណ្ណោះ​
 • សម្រាប់ទំនិញ​មិនលើស​មួយមធ្យោបាយ​ដឹកជញ្ជូន​​ ដោយច្បាប់ដើម​ត្រូវអម​ភ្ជាប់ជាមួយ​បង្កាន់ដៃពន្ធ​ច្បាប់​ចម្លង​​ដែលមានការបញ្ជាក់​ពីការកាត់ស្តុក​ច្បាស់លាស់​ ហើយ​ត្រូវកាន់ជាប់​ជាមួយមធ្យោបាយដឹកជញ្ជូនដែល​មាន​ការបញ្ជាក់អត្តសញ្ញាណកម្ម​ច្បាស់លាស់ក្នុងលិខិតនេះ​។
 • សម្រាប់តែមធ្យោបាយដឹកជញ្ជូន​ណា​ដែលស្របច្បាប់​ គឺមានន័យថា​បានបំពេញកាតព្វកិច្ចពន្ធត្រឹមត្រូវ​ មាន​​ស្លាកលេខសម្គាល់​មធ្យោបាយ​ដឹកជញ្ជូន​ដែលចេញដោយក្រសួង​សាធារណការ​និងដឹកជញ្ជូន​ ឬ​ស្លាក​​សម្គាល់​​​របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ​ (អគរ)។​ ក្នុងករណីផ្សេងពីនេះ​ ត្រូវមានការអនុញ្ញាតជាមុន​ពីអគរ​។
 • លិខិតអនុញ្ញាតដឹកជញ្ជូន​អមមធ្យោបាយ​ដឹកជញ្ជូន​ខាងលើ​ ត្រូវមានការបញ្ជាក់​ “បានឃើញឆ្លងកាត់”​ ពីអង្គភាពគយនិងរដ្ឋាករមួយចំនួន​តាមតម្រាយ​ផ្លូវ​ដែលដឹកជញ្ជូនទំនិញតាមការកំណត់​ដោយឡែក។

៦. តើកុងតឺន័រមានលក្ខណៈដូចម្តេច ដែលអាចអនុញ្ញាតឱ្យប្រើប្រាស់សម្រាប់ផ្ទុកទំនិញឆ្លងកាត់?

ចម្លើយៈ កុងតឺន័រដែលត្រូវបានអនុញ្ញាត​ឱ្យ​ប្រើប្រាស់​សម្រាប់ផ្ទុកទំនិញ​ឆ្លងកាត់​ ត្រូវមានលក្ខណៈ​ដូចខាងក្រោម៖​

 • អាចផ្តល់លទ្ធភាព​ឱ្យបិទត្រា​ឬ​សៀលគយបាន​ ហើយមានលក្ខណៈ​រឹងមាំ​សម្រាប់ប្រើប្រាស់ច្រើនដងបាន​
 • បង្កើតឡើងជាពិសេស​ ដើម្បីបង្កការងាយស្រួល​ដល់ការដឹកជញ្ជូន​ទំនិញ​តាម​​មធ្យោបាយ​ដឹកជញ្ជូនមួយ​​ឬច្រើនប្រភេទ ដោយមិនចាំបាច់​ផ្ទេរទំនិញ​
 • ​ បង្កើតឡើង​ដើម្បីឱ្យមាន​ភាពងាយស្រួល​សម្រាប់ការគ្រប់គ្រង​ លើកដាក់​ ជាពិសេសនៅពេល​ផ្ទុកចូល​ ឬផ្ទេរមធ្យោបាយដឹកជញ្ជូន​។
 • ជាប្រភេទកុងតឺន័រ​ដែលមានស្តង់ដារទំហំ​ ២០ហ្វ៊ីត​ ៤០​ហ្វ៊ីត និង៤៥ហ្វ៊ីត​។

៧. តើទំនិញប្រភេទណាខ្លះដែលមិនត្រូវបានអនុញ្ញាតជាបណ្តោះអាសន្នឱ្យ ដឹកជញ្ជូនក្រោមរបបគយឆ្លងកាត់?

ចម្លើយៈ មុខទំនិញ​ដែលមិនត្រូវបានអនុញ្ញាត​ជាបណ្តោះអាសន្ន​ឱ្យដឹកជញ្ជូនក្រោមរបបគយ​ឆ្លងកាត់​ គឺ៖

 • បណ្តាមុខទំនិញ​ហាមឃាត់ដាច់ខាត​ក្នុងការនាំចេញនាំចូល​ តាមបញ្ញត្តិ​អនុក្រឹត្យ​លេខ​ ២០៩​ អនក្រ​.​បក​ ចុះថ្ងៃទី៣១​ ខែធ្នូ​ ឆ្នាំ២០០៧​។
 • បណ្តាមុខទំនិញ​ផ្សេងទៀត​ ដែលមានវេទយិតភាព​ខ្ពស់​ និងអាចប៉ះពាល់​ដល់​សន្តិសុខ​សុវត្ថិភាព​សាធារណៈ​ដូចជា​ គ្រឿងសាស្ត្រាវុធ​ ជាតិផ្ទុះ​ សម្ភារៈបរិក្ខារ​យោធា​ គ្រឿងញៀន​ និងសារធាតុប្រកបដោយ​គ្រោះថ្នាក់​ផ្សេងទៀត​។
 • បណ្តាមុខទំនិញ​ដែលត្រូវ​បាន​ហាមឃាត់មិនឱ្យ​ដឹកជញ្ជូន​ឆ្លងកាត់​ ដោយកិច្ចព្រមព្រៀង​អន្តរជាតិនានា ​ក៏ដូចជា​ធម្មនុញ្ញ​សហប្រជាជាតិ​​ ដូចជា​បណ្តាសត្វនិងរុក្ខជាតិ​ព្រមទាំងបំណែកសត្វ​និងរុក្ខជាតិ​ដែលឈាន​ទៅ​​បាត់បង់​ វត្ថុបុរាណ​ ឬសារធាតុ​នុយក្លេអ៊ែរ​ជាដើម​។

៨. ចូររៀបរាប់នីតិវិធីនៃការដឹកជញ្ជូនផលិតផលសម្រេចរបស់វិនិយោគកាត់ដេរ ចេញពីរោងចក្រទៅកាន់ទីកន្លែងបំពេញបែបបទគយនាំចេញ។

ចម្លើយៈ នីតិវិធី​នៃការដឹកជញ្ជូន​ផលិតផល​សម្រេច​របស់វិនិយោគ​កាត់ដេរ​ ចេញពីរោងចក្រ​ទៅកាន់​ទីកន្លែង​បំពេញបែបបទគយ​នាំចេញ​​ មានដូចខាងក្រោម​៖

 • ការដឹកជញ្ជូនផលិតផលសម្រេច​ពីរោងចក្រនានា​មកកាន់កន្លែង​បំពេញបែបបទគយ​នាំចេញ​ ត្រូវភ្ជាប់​មក​​ជាមួយ​នូវលិខិតណាមួយរបស់​សាមីរោងចក្រ​ (វិក្កយបត្រ​​ ប័ណ្ណបញ្ចេញ​​ពីឃ្លាំង​ លិខិតដឹកជញ្ជូន​​។ល។​)​ ដែលមានបញ្ជាក់យថាប្រភេទ​និងបរិមាណទំនិញ​ តម្រាយផ្លូវ​ចរាចរ​ កន្លែងចេញដំណើរ​ កន្លែងទៅដល់ និងកាលបរិច្ឆេទ​ច្បាស់លាស់​សម្រាប់បម្រើ​ឱ្យការផ្ទៀងផ្ទាត់​ជាយថាហេតុពីមន្ត្រីគយ​និងរដ្ឋាករ​ មានសមត្ថកិច្ច។​​
 • សាមីក្រុមហ៊ុន​ពាក់ព័ន្ធ​ត្រូវទទួលខុសត្រូវ​ចំពោះមុខ​បទប្បញ្ញត្តិ​ច្បាប់ជាធរមាន​ ប្រសិនបើរកឃើញថា​មានការក្លែងបន្លំ​តាមរូបភាពនានា​ ដែលអាចបង្កប់នូវបទល្មើសគយ​ជាយថាហេតុ​នាពេលដឹកជញ្ជូន​ទំនិញ​ទាំងនេះ។​

៩. តើមាត់ច្រកទ្វារព្រំដែនគោកណាខ្លះដែលត្រូវបានអនុញ្ញាតឱ្យ ទំនិញប្រភេទផ្ទុកក្នុងកុងតឺន័រប្រទេសទី៣ នាំចូលតាមផ្លូវទឹកដោយប្រើកំពង់ផែប្រទេសជិតខាង រួចដឹកជញ្ជូនក្រោមរបបឆ្លងកាត់ចូលមកប្រទេសកម្ពុជា ?

ចម្លើយៈ មាត់ច្រកទ្វារព្រំដែនគោក ដែលត្រូវបាន​អនុញ្ញាតឱ្យ​ទំនិញប្រភេទផ្ទុកក្នុងកុងតឺន័រ​ប្រទេសទី៣​ នាំចូល​​​តាមផ្លូវទឹក​ដោយប្រើកំពង់​ផែប្រទេស​ជិតខាង​រួចដឹកជញ្ជូន​​ក្រោមរបបឆ្លងកាត់​ចូលមកប្រទេសកម្ពុជា​ មាន៖

 • ច្រកទ្វារព្រំដែនអន្តរជាតិបាវិត​ ខេត្តស្វាយរៀង​
 • ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង​​ ខេត្តកំពង់ចាម​ (បច្ចុប្បន្ន​ខេត្តត្បូងឃ្មុំ)​
 • ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ​​ ខេត្តក្រចេះ​
 • ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​
 • ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម​​ ខេត្តកោះកុង​
 • ច្រកទ្វារព្រំដែនអន្តរជាតិ​ ដូង​ ខេត្តបាត់ដំបង​ (កំណត់ជាបណ្តោះអាសន្ន)
 • ច្រកទ្វារព្រំដែនអន្តរជាតិ​ ត្រពាំងក្រៀល​ ខេត្តស្ទឹងត្រែង​ (កំណត់ជាបណ្តោះអាសន្ន)

១០. តើការតវ៉ាប្រឆាំងកំណត់ហេតុគយ ត្រូវធ្វើដូចម្តេច ?

ចម្លើយៈ បុគ្គលដែល​ទទួលរងនូវ​ទោសទណ្ឌ​ ឬការឃាត់ទុក​នូវទំនិញ​ មធ្យោបាយ​ដឹកជញ្ជូន​ ឬវត្ថុផ្សេងទៀត​ អាចតវ៉ា​ជាលាយល័ក្ខណ៍​អក្សរ ​ទៅអគ្គនាយកដ្ឋាន​គយ​ និងរដ្ឋាករកម្ពុជា​ ក្នុងកំឡុងពេល​សាមសិប​ (៣០)​ ថ្ងៃ​ ក្រោយពីទទួលបាន​សេចក្តីជូនដំណឹង​ ឬការឃាត់ទុក​ ដោយបញ្ជាក់ពីមូលហេតុ​នៃ​ការតវ៉ា​ និងតម្កល់និមុត្តិធានា​។ លិខិតសុំតវ៉ា​ ត្រូវ​មានព័ត៌មាន​ដូចតទៅ​៖

 • ​នាម​ អាសយដ្ឋាន​ និងហត្ថលេខា​របស់​បុគ្គល​ដែលតម្កល់​ការតវ៉ា​
 • សេចក្តីលំអិត​នៃ​កំណត់ហេតុ​បទល្មើសគយ​ ឬកំណត់ហេតុ​ឃាត់ទុក​បណ្តោះអាសន្ន​ រាប់បញ្ចូល​ទាំង​សេចក្តីថតចម្លង​កំណត់ហេតុ​ទាំងនេះ​
 • សេចក្តី​ពន្យល់​អំពីមូលហេតុ​នៃការតវ៉ា​

ប្រសិនបើ​អគ្គនាយកដ្ឋាន​គយ​ និងរដ្ឋាករ​កម្ពុជា​ មិនព្រម​តាមការតវ៉ាទេ​ បុគ្គល​ដែលបានដាក់ពាក្យ​តវ៉ា​ មាន​សិទ្ធិ​តវ៉ា​ទៅ​ស្ថាប័ន​មានសមត្ថកិច្ច​ រាប់បញ្ចូល​ទាំងតុលាការ​មាន​សមត្ថកិច្ច​ ចំពោះ​ការសម្រេច​របស់​អគ្គនាយក​គយ​ និងរដ្ឋាករកម្ពុជា​ ។​ ការតវ៉ានេះ​ ត្រូវធ្វើឡើងក្នុង​រយៈពេល​សាមសិប​ (៣០)​ ថ្ងៃ​ បន្ទាប់ពី​បានទទួលសេចក្តីសម្រេច​ពី​អគ្គនាយក​គយ​និងរដ្ឋាករកម្ពុជា​​ ។​