នារសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ នៅសាលប្រជុំ​អគ្គនាយកដ្ឋាន​គយនិងរដ្ឋាករ​កម្ពុជា​មាន​ប្រារព្ធ​កិច្ចសន្ទនាលើកទី១ រវាងរដ្ឋបាលគយកម្ពុជា និងសមាគម​ធុរកិច្ចជប៉ុននៅកម្ពុជា (1st Dialogue between GDCE and JBAC) ក្នុង​គោល​បំណងធ្វើបច្ចុប្បន្នភាព​អំពីវឌ្ឍនភាពនៃកំណែទម្រង់ និង​ទំនើប​កម្ម​​​រដ្ឋបាលគយកម្ពុជា និង​​ពិភាក្សាបំភ្លឺ និង​​ដោះស្រាយសំណូមពរមួយចំនួន​របស់​វិស័យ​ឯកជន​ពាក់ព័ន្ធនឹងការ​អនុវត្តនីតិវិធីគយ និងកិច្ចសម្រួលពាណិជ្ជកម្ម​បន្ថែមទៀត​តាមរយៈ ការធ្វើ​សាមញ្ញ​កម្ម​​ និងការកាត់​បន្ថយ​របាំង​ពន្ធ និងរបាំង​មិនមែន​ពន្ធ​នានា ឈានទៅធានាឲ្យបាននូវ​តុល្យភាព​រវាង​ការ​អនុវត្ត​​គោល​នយោបាយ​នៃ​កិច្ចសម្រួល​ពាណិជ្ជកម្ម​ និងការ​លើក​កម្ពស់​អនុលោមភាព​ច្បាប់​​។ កិច្ចសន្ទនានេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព ឯកឧត្ដមបណ្ឌិត គុណ ញឹម អគ្គ​នាយក​នៃ​​​​​​​​អគ្គនាយក​ដ្ឋាន​​​គយ​និង​រដ្ឋាករ​កម្ពុជា និង​មានការ​ចូលរួម​ពីថ្នាក់ដឹកនាំនៃរដ្ឋបាលគយកម្ពុជា​ លោក Junichi Kikuchi ប្រធានសមាគមធុរកិច្ចជប៉ុននៅកម្ពុជា JBAC តំណាងស្ថានទូត​ជប៉ុ​ន​​​  ភ្នាក់ងារសហប្រតិបត្តិ​ការ​អន្តរជាតិជប៉ុន JICA និង​តំណាងអង្គការ​ធុរកិច្ចជប៉ុន​នៅក្រៅប្រទេស JETRO​​។

ជាកិច្ចចាប់ផ្តើម ឯកឧត្ដមបណ្ឌិត គុណ ញឹម បានជម្រាបជូនអង្គប្រជុំ​ថា កិច្ចសន្ទនានេះ​​ជាផ្នែកមួយ​​នៃ​កិច្ចប្រជុំយន្ត​ការ​ភាព​ជា​ដៃគូគយ-ផ្នែកឯកជន(CPPM) ដែល​បាន​រៀបចំ​ឡើង​​ចំនួន ​០៦លើក រួចមកហើយ​ និងបាន​ដោះ​ស្រាយ​​​នូវបញ្ហានិង​កង្វល់ជាច្រើនពាក់ព័ន្ធនឹងគយ ដែល​បាន​លើក​ឡើង​ដោយ​វិស័យ​ឯកជន​។

បន្ទាប់ពីបានស្តាប់​នូវបទបង្ហាញចំនួនពីរ របស់តំណាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ស្តីពី​ការ​ប្រើ​ប្រាស់​ប្រព័ន្ធព័ត៌មានវិទ្យាក្នុងការងារគយ រួមមានស្វ័យប្រវត្តិកម្មគយ និង​បញ្ជរ​​តែមួយជាតិ និង​វឌ្ឍនភាព​នៃការព្រាងប្រកាសស្តីពីកម្រៃសេវាគយមួយចំនួន​រួចមក កិច្ចសន្ទនាបានដំណើរ​ការពិភាក្សា​ ​និង​ដោះ​ស្រាយ​​លើសំណូមពរ និងបញ្ហាដែលបានលើក​ឡើង​​ដោយ JBAC ចំនួន ១៤ចំណុច ដែល​ជារួម​ពាក់​ព័ន្ធ​នឹង​កិច្ច​សម្រួល​នីតិវិធីបញ្ចេញទំនិញ​ពីគយ ការចេញលិខិតអនុញ្ញាតគយ ​ការ​កំណត់​តម្លៃ​គិតពន្ធ​គយ​ ការ​ផ្ទៀង​ផ្ទាត់​វិញ្ញាបនបត្រដើមកំណើតទំនិញ ជាដើម។

ក្រោយពីបាន​ស្តាប់ការពន្យល់​របស់តំណាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជារួចមក តំណាង JBAC បាន​ថ្លែងអំណរគុណ​ដល់អគ្គនាយកដ្ឋាន ដែលបានឯកភាព​រៀបចំ​វេទិកាកិច្ចសន្ទនានេះ​ ហើយ​សំណូម​ពរឲ្យ​មាន​កិច្ចសន្ទនា​ដូចនេះ​បន្តទៀត​ជាទៀងទាត់ជារៀងរាល់ឆ្នាំ ឬតាមការចាំបាច់។

ជាចុងបញ្ចប់​ឯកឧត្ដមបណ្ឌិត គុណ ញឹម បានថ្លែងអំណរគុណ និងធ្វើការវាយតម្លៃខ្ពស់​ចំពោះ​​កិច្ចសន្ទនានេះដែល​ទទួលបាននូវលទ្ធផលជាផ្លែផ្កា ក្នុងការដោះស្រាយប្រកបដោយការយោគ​យល់​គ្នា​រវាង​ធុរជនជប៉ុន និង​អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ បន្ថែមលើនេះ ឯកឧត្តមបានគូសបញ្ជាក់​ថា អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បាននិងកំពុង​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការគាំទ្រ​ និងជួយសម្រួល​ដល់​វិនិយោគិនជប៉ុន និងពាណិជ្ជករជប៉ុននៅកម្ពុជា ហើយ​​សំណូមពរដល់​ក្រុម​ការងារ​តាមវិស័យជំនាញ​ទាំង៣ ​នៃ​យន្តការភាពជាដៃគូគយ-ផ្នែកឯកជន បន្តរៀបចំកិច្ចប្រជុំ​ក្រុមការងារ​របស់ខ្លួន​ឲ្យ​បានជាប្រចាំ ឬតាម​ការ​ចាំបាច់ ជាមួយសមាគម​ធុរកិច្ចជប៉ុន ឬដៃគូ​ផ្សេងទៀត ដើម្បីដោះស្រាយ​នូវ​រាល់​បញ្ហា​ដែល​នូវ​សេសសល់​ ឬ​បញ្ហា​ដែលកើត​ឡើងថ្មីឲ្យ​បានទាន់ពេលវេលា កាត់​បន្ថយឲ្យ​បាន​នូវការ​មិន​យល់​គ្នា​ទៅ​វិញ​ទៅមក​ ក៏ដូច​ជា​ការលើកកម្ពស់​ប្រសិទ្ធ​ភាព​នៃការអនុវត្ត​នីតិវិធីគយ។​​​

កិច្ចប្រជុំនេះត្រូវបានបញ្ចប់ទៅនៅម៉ោង ១៧:៣០ នៅថ្ងៃដដែលក្រោមបរិយាកាសការងារ និង​ស្និទ្ធស្នាល ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។

photo_2017-08-10_19-21-19photo_2017-08-10_19-19-48 photo_2017-08-10_19-20-04 photo_2017-08-10_19-21-04 photo_2017-08-10_19-21-08

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត