នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ ២០១៧ វេលាម៉ោង ០៩:០០ ព្រឹក នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ អគ្គនាយកដ្ឋាន​គយនិងរដ្ឋាករកម្ពុជា សហការជាមួយ​រដ្ឋបាលគយកូរ៉េ បានរៀបចំសិក្ខាសាលាស្តីពីកិច្ចព្រមព្រៀង​អង្គការ​ពាណិជ្ជកម្មពិភពលោកលើកិច្ចសម្រួលពាណិជ្ជកម្ម ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹង និងចែករំលែកបទពិសោធន៍រវាងរដ្ឋបាលគយទាំងពីរដើម្បីធានាប្រសិទ្ធភាព​នៃការអនុវត្តកិច្ចព្រមព្រៀងនេះ។ សិក្ខាសាលា​នេះ មានការចូលរួមដោយមន្ត្រី​ជំនាញនៃ​រដ្ឋបាល​គយកូរ៉េ ដឹកនាំ​ដោយលោក Mr. Ki Hyun Sim អនុប្រធាន​ផ្នែកសហប្រតិបត្តិការពហុភាគី ព្រមទាំងមន្ត្រីជំនាញ​នៃ​អគ្គនាយកដ្ឋានគយ​និង​រដ្ឋាករកម្ពុជា។

ក្នុង​ឱកាស​បើក​សិក្ខាសាលា លោក ខៀវ សំអាន ប្រធាននាយកដ្ឋានរដ្ឋបាល និងគ្រប់គ្រង តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) បានថ្លែងអំណរគុណដល់ភាគីកូរ៉េដែលបាន​ជួយឧបត្ថម្ភទាំងផ្នែកហិរញ្ញវត្ថុ​និង​គ្រូឧទ្ទេសនាម​សម្រាប់សិក្ខាសាលានេះ ព្រមទាំង​ការផ្តល់កិច្ចសហប្រតិបត្តិការលើវិស័យគយនាពេលកន្លងមកផងដែរ។ លោកបានគូសបញ្ជាក់ពី​សារសំខាន់​នៃកិច្ចព្រមព្រៀងស្តីពី​កិច្ច​សម្រួលពាណិជ្ជកម្ម ដែល​​​បានក្លាយជារបៀបវារៈដ៏សំខាន់ក្នុងយុទ្ធសាស្រ្ត និងកម្មវិធីការងារកំណែទម្រង់​និងទំនើបកម្មរបស់ អគរ។ ​ ​ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា​ក៏បាន​បញ្ចូលកិច្ចសម្រួលពាណិជ្ជកម្មជាផ្នែកមួយនៃយុទ្ធសាស្រ្តចតុកោណរបស់​ខ្លួន ក្នុង​ការកាត់បន្ថយ​ចំណាយពាណិជ្ជកម្មអន្តរជាតិ និង​ជាចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ។​

នៅ​ក្នុង​ដំណើរការ​សិក្ខាសាលា​រយៈពេល​ពីរថ្ងៃ មន្រ្តីគយកូរ៉េនិងកម្ពុជា បានធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍ទៅវិញទៅមក លើ​ប្រធាន​បទគយសំខាន់ៗដែល​ពាក់ព័ន្ធនឹងការអនុវត្តបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀង​ស្តី​ពីកិច្ច​សម្រួល​ពាណិជ្ជកម្ម ដូចជា វិធាន​បញ្ជាក់​ជាមុន​លើការចាត់ថ្នាក់ទំនិញ តម្លៃគិតពន្ធគយ និងវិធាន​ដើមកំណើតទំនិញ, ការសិក្សារយៈពេលបញ្ចេញទំនិញពីគយ, ការ​គ្រប់គ្រង​ហានិភ័យ, ប្រព័ន្ធបញ្ជរតែមួយ, ប្រតិបត្តិករសេដ្ឋកិច្ចមានការអនុញ្ញាត និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នមាន​សមត្ថកិច្ច​ដទៃ​ ជាដើម។

គួរបញ្ជាក់ផង​ដែរថា កម្ពុជាបានធ្វើសច្ចាប័នលើកិច្ចព្រមព្រៀងស្តីពី​សម្រួលពាណិជ្ជកម្ម​ របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក កាលពីថ្ងៃ១២ ខែកុម្ភៈ ឆ្នាំ២០១៦ ហើយ​កិច្ច​ព្រមព្រៀង​នេះបានចូលជាធរមានក្នុងខែកុម្ភៈ ឆ្នាំ២០១៧។  កិច្ចព្រមព្រៀងនេះតម្រូវឲ្យកម្ពុជាចូលរួមជំរុញការសម្រួលពាណិជ្ជកម្មទាំងកម្រិតតំបន់ និងសាកល ក្នុង​គោលដៅសម្រួលចរាចរទំនិញ ពន្លឿនល្បឿននៃការបញ្ចេញទំនិញពីគយ​ ការធ្វើឲ្យកាន់តែ​សាមញ្ញនូវនីតិវិធីបញ្ចេញ​ទំនិញ​ពីគយ និងកិច្ចសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែន។

photo_2017-09-11_19-07-07 photo_2017-09-11_19-07-25 photo_2017-09-11_19-07-30 photo_2017-09-11_19-07-32 photo_2017-09-11_19-07-35 photo_2017-09-11_19-07-38 photo_2017-09-11_19-07-42 photo_2017-09-11_19-07-45

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត